Friday, April 19, 2024
Homeព័ត៌មានជាតិស្ត្រីមានផ្ទៃពោះ៨ខែ ធ្លាក់ពីជាន់ទី១១ មកទើរជាន់ទី៥ ស្លាប់ទាំងម្តាយនិងកូន តើប្តីជាឃាតករ?

ស្ត្រីមានផ្ទៃពោះ៨ខែ ធ្លាក់ពីជាន់ទី១១ មកទើរជាន់ទី៥ ស្លាប់ទាំងម្តាយនិងកូន តើប្តីជាឃាតករ?

ភ្នំពេញ ៖ ស្រ្តីម្នាក់មានផ្ទៃពោះ៨ខែ សង្ស័យឈ្លោះប្រកែកជាមួយប្តីដែលស្រវឹងប្រតាយ ប្រតប់គ្នាបណ្តាលឲ្យធ្លាក់ពីលើអាគារការដ្ឋានជាន់ទី១១ ទើរនៅជាន់ទី៥ បោកក្បាលស្លាប់​យ៉ាងអាណោចអាធម៌ ​ហេតុបង្កការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចអាគារ១៧២ ផ្លូវលេខ១៦៧ ក្រុម១៨ ស្ថិតនៅភូមិ៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

សពជនរងគ្រោះមានឈ្មោះ ឡុង ញ៉ញ់ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបោសសំអាតនិងចុងភៅនៅការដ្ឋានសំណង់ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិសៀម ឃុំស្រែ ស្រុកបាភ្នំ ខេត្តព្រៃវែង បានធ្លាក់ពីការដ្ឋាននៅជាន់ទី១១ បណ្ដាលអោយស្លាប់យ៉ាងអាណោចអាធម ។ បុរសជាប្តី​មានឈ្មោះ ប៊ុន អូន ភេទប្រុស អាយុ២៥ឆ្នាំមុខរបរមេការមើលឃ្លាំងសំណង់ ស្នាក់នៅការដ្ឋានកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអូរ៥ ឃុំ អូរ៥ ស្រុកបឹងកេត ខេត្តកំពង់ចាម មានកូន២ ទាំងកូនក្នុងផ្ទៃ៨ខែ កូនទី១ ប្រុសអាយុ៦ឆ្នាំ ។

លោកប៊ុន អូន ពេលសមត្ថកិច្ចកំពុងសួរនាំ

ស្រ្តីម្នាក់មានឈ្មោះ ផាត រ័ត្ន អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានកើតហេតុខាងលើបានប្រាប់អ្នកយកព័ត៍មាន​ថា ​ស្រ្តីរងគ្រោះជាកូនធម៍របស់គាត់ មានប្តី​បានកូន២​នាក់ទាំងកូនក្នុង​ផ្ទៃពោះ៨ខែ ។ ជារៀងរាល់ថ្ងៃ ប្តីប្រពន្ធរបស់គេតែងតែឈ្លោះគ្នាជាប្រចាំ ហើយប្ដីតែងតែផឹកស្រាស្រវឹង មុនកើតហេតុប្រពន្ធបានឡើងតាមជណ្ដើរយន្តកែច្នៃ ដើម្បី​ទៅរកប្តី ព្រោះជាថ្ងៃសម្រាកអត់ធ្វើការថ្ងៃបុណ្យអុំទូក បែរជាអត់ឃើញប្តី តែមិនដឹងថា អ្នកណាជាអ្នកចុចជណ្តើរយន្តឲ្យឡើងទៅទេ មួយសន្ទុះក្រោយមកឮសូរសំឡេងដូចធ្លាក់អ្វីមួយចុះមកខាងក្រោម គាត់​ក៏រត់ចេញទៅមើលឃើញសុទ្ធតែឈាមនៅលើដីខ្សាច់ រួចបាន​ងើ​យមើលទៅលើ​ឃើញកូនស្រីធម៍ធ្លាក់ទើរនៅការដ្ឋានជាន់ទី៥ ស្លាប់បាត់បង់​ទៅហើយ ភ្លាមៗនោះ​ក៏ប្ដឹងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ ។

អ្នកស្រីផាត រ័ត្ន ពេលផ្តល់សម្ភាន៍

បើតាមសម្តីបុរសជាប្តីរៀបរាប់ទាំងទឹកភ្នែកថា សព្វថ្ងៃប្រពន្ធគាត់បានរួមរស់មិនបានរៀបការធំដុំទេ គ្រាន់តែសែនព្រេនប៉ុណ្ណោះ ហើយក៏បានចំណងដៃមានកូនប្រុសអាយុ៦ឆ្នាំ និងកូនក្នុងផ្ទៃពោះជាង៨ខែ ជិតគ្រប់ខែហើយ មុនកើតហេតុគាត់បាននៅធ្វើការតែម្នាក់ឯងនៅជាន់ទី១០ ក្រោយមកក៏ផ្អើលឆាឡាថា មានស្រ្តីម្នាក់ធ្លាក់ពីលើអាគារ ហើយឮបែបនេះក៏អើតចុះមកខាងក្រោមឃើញប្រពន្ធធ្លាក់បោកក្បាលនឹងអាគារការដ្ឋាន និងជង់ដែកស្លាប់ ដោយសង្ស័យគាត់ជិះជណ្ដើរយោងឡើងមើលលើរកគាត់ហើយ ។

លោកឡុង សំអុល ប្រុស២៨ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ​ត្រូវជាបងប្រុសបង្កើតសព បានប្រាប់អ្នកយកពត៍មានថា បានជាគាត់ដឹងថាប្អូនស្រីធ្លាក់ពីការដ្ឋានស្លាប់ ដោយសារកម្មករសំណង់​ទូរស័ព្ទទៅប្រាប់ ពេលទទួលដំណឹងភ្លាម ក៏ប្រញាប់ជិះម៉ូតូឌុបសំដៅមកកន្លែងកើត ហេតុហើយពេលមកដល់ការដ្ឋានកន្លែងកើតហេតុមើលឃើញសពប្អូនស្រីគាត់ធ្លាក់នៅជាប់នឹងជាន់ទី៥ ហើយសមត្ថកិច្ចកំពង់ត្រួតពិនិត្យកន្លែងកើតហេតុក្រោយពីការពិនិត្យរួច និងស្នើសុំសពយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ។

ទាក់ទិននឹងករណីខាងលើនេះ សមត្ថកិច្ចបានធ្វើកោសល្យវិច័យលើសពបានឲ្យសង្ស័យថា ករណីខាងលើ អាចពាក់ព័ន្ធនឹងបុរសជាប្តីជាអ្នកបង្ក ពីព្រោះបុរសជាប្តីស្រវឹង ហើយបានប្រតាយប្រតប់គ្នា ធ្វើឲ្យស្រ្តីជាប្រពន្ធធ្លាក់បែបនេះតែម្តង ។ ទោះបីជាយ៉ាងណាសមត្ថកិច្ច​បានឃាត់ខ្លួនបុរសជាប្តីសាកសួរ តែបុរសជាប្តីមិនព្រមសារភាពទេ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ សួរនាំបន្តទៀត ៕

RELATED ARTICLES