Friday, April 26, 2024
Homeព័ត៌មានជាតិសមត្ថកិច្ចឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់ ចាប់បានមាន់៣ក្បាល ម៉ូតូ១៧គ្រឿង មនុស្សរត់បាត់អស់

សមត្ថកិច្ចឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់ ចាប់បានមាន់៣ក្បាល ម៉ូតូ១៧គ្រឿង មនុស្សរត់បាត់អស់

ខេត្តព្រះសីហនុ ៖ ក្រុមអ្នកចូលចិត្តលេងល្បែងបញ្ជល់មាន់មួយក្រុម កំពុងលេងល្បែងជល់មាន់ យ៉ាងសប្បាយក្អាកក្អាយ ស្រែកហ៊ោរកញ្ជ្រៀវអឺងកង ស្រាប់តែត្រូវសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ធ្វើឱ្យម្នាក់ៗភ័យឆោឡោ ភ្នែកនៅកញ្ចឹងក នាំគ្នារត់គេចបាតជើងសព្រាត ចំណែកសមត្ថកិច្ចចុះចាប់បានតែមាន់ចំនួន៣ក្បាល ក្នុងនោះងាប់១ក្បាល និងដកហូតសម្ភារៈមួយចំនួនប៉ុណ្ណោះ។

ករណីសមត្ថកិច្ចចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចសង្វៀនបញ្ជល់មាន់លួចលាក់ក្នុងព្រៃមួយកន្លែង ស្ថិតនៅចំណុចជើងភ្នំក្រោយចម្ការស្វាយចន្ទី ក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា សង្វៀនមាន់ខាងលើនេះ បានបង្កើតឡើងជាយូរឆ្នាំណាស់មកហើយ និងតែងមានមនុស្សចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។ លុះមកដល់វេលាម៉ោង១២និង៤០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីប្រជាពលរដ្ឋល្អរាយការណ៍ប្រាប់សមត្ថកិច្ច ក៏ឈានដល់ការបើកប្រតិបត្តិការឆ្មក់ចុះបង្ក្រាប ទាំងខណៈដែលក្រុមអ្នកជល់មាន់កំពុងស្រែកហ៊ោរសប្បាយក្អាកក្អាយ លុះឃើញសមត្ថកិច្ចចុះទៅដល់ព្រោងព្រាត ក៏ផ្អើលឆោឡោ ស្ទុះរត់ចែកជើងគ្នា គេចខ្លួនទាំងភ្នែកនៅកញ្ចឹងក ដោយខ្លះចោលម៉ូតូ ខ្លះចោលលុយ ខ្លះចោលមាន់ សំខាន់ឱ្យតែគេចខ្លួនបានរួចមួយគ្រាសិន។

នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានត្រឹមប្រមូលវត្ថុតាង រួមមានម៉ូតូចំនួន១៧គ្រឿង មាន់៣ក្បាល (ងាប់១ក្បាល) ជញ្ជីងថ្លឹង១ កន្ត្រកសំរាប់ដាក់មាន់ចំនួន១១ រួមនិងសម្ភារៈមួយចំនួនទៀត និងបានយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីស្រាវជ្រាវ និងចាត់ការបន្ត៕

RELATED ARTICLES