Thursday, April 25, 2024
Homeព័ត៌មានជាតិប្អូនថ្លៃ ផ្តាំឲ្យជួយឃាត់ខ្លួនបងថ្លៃ និងកុំទុកចិត្តឲ្យសោះ

ប្អូនថ្លៃ ផ្តាំឲ្យជួយឃាត់ខ្លួនបងថ្លៃ និងកុំទុកចិត្តឲ្យសោះ

ភ្នំពេញ ៖ បុរសម្នាក់ឃើញបងថ្លៃអត់មានការងារធ្វើ អាណិតក៏ហៅឱ្យមកធ្វើការជាមួយ លុះទើបតែធ្វើការងារបាន៣ថ្ងៃ ស្រាប់តែបងថ្លៃជើងល្អបែកគំនិតលួចម៉ូតូប្អូនថ្លៃទៅបាត់ ធ្វើឱ្យបុរសជាប្អូនថ្លៃលែងយល់មុខ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ស្ថិតក្នុងខណ្ឌមានជ័យ។

បុរសជាម្ចាស់ម៉ូតូនោះ មានឈ្មោះចាន់ ពុធ អាយុ៣៨ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។ ចំណែកជនសង្ស័យដែលស៊ីដាច់ម៉ូតូប្អូនថ្លៃរបស់ខ្លួន មានឈ្មោះសំ រុណ អាយុ៥០ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ រីឯម៉ូតូដែលជនឆបោកយកទៅបាត់ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១CZ-៧៩៤៤។

តាមសម្តីបុរសជាម្ចាស់ម៉ូតូ និងត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យ បានរៀបរាប់ប្រាប់ថា ដោយសារតែឃើញបងថ្លៃអត់ការងារធ្វើ ទើបគាត់អាណិត ក៏ហៅបងថ្លៃឱ្យមកធ្វើការជាមួយ។ លុះមកដល់វេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ គាត់បានជិះម៉ូតូត្រឡប់មកពីធ្វើការ ហើយបានទុកនៅមុខផ្ទះ ដោយបានទុកសោនៅលើតុ រួចហើយគាត់បានចូលបន្ទប់ទឹក លុះពេលដែលគាត់ចេញពីបន្ទប់ទឹកមកវិញ ក៏បានឃើញបងថ្លៃឈ្មោះសំ រុណ បានជិះម៉ូតូរបស់គាត់ ពេលនោះ គាត់បានស្រែកសួរថា “បងជិះម៉ូតូខ្ញុំទៅណា?” បងថ្លៃជាជនសង្ស័យបានប្រាប់មកវិញថា ទៅយកប្រពន្ធចេញពីធ្វើការរោងចក្រ ហើយក៏ទៅរហូតតែម្តង។

បុរសជាម្ចាស់ម៉ូតូបន្តថា លុះក្រោយពីចាំបាត់ៗអស់រយៈពេល២ថ្ងៃ មិនឃើញបងថ្លៃរូបនេះយកម៉ូតូមកឱ្យវិញ គាត់ក៏សម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍  ប្រសិនបើឃើញជននេះជិះម៉ូតូតាមផ្លូវ សូមជួយឃាត់ផង និងសូមផ្តាំទៅដល់បងប្អូនដែលស្គាល់បុរសរូបនេះ កុំទុកចិត្តឱ្យសោះ ព្រោះបុរសនេះមានប្រវត្តិមិនល្អទេ៕

RELATED ARTICLES