Saturday, April 20, 2024
Homeព័ត៌មានជាតិធ្វើដំណើរតាំងពីខេត្តតាកែវ ជិះឡានផង ដើរផង តាមរកប្រពន្ធនៅភ្នំពេញ ទន់ជើងពេក ប្រះដេកតាមផ្លូវ

ធ្វើដំណើរតាំងពីខេត្តតាកែវ ជិះឡានផង ដើរផង តាមរកប្រពន្ធនៅភ្នំពេញ ទន់ជើងពេក ប្រះដេកតាមផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្តូកស្តឹងនៅលើការ៉ូឡាចិញ្ចើមផ្លូវ ស្មានតែកើតមានបញ្ហាអ្វីដួលសន្លប់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ លុះដាស់សាកសួរ ទើបដឹងថាជាមនុស្សស្រវឹងស្រាដែលដើរថ្មើរជើងទៅកន្លែងប្រពន្ធធ្វើការ  តែដោយសារផឹកស្រាស្រវឹងជ្រុលពេក ទើបប្រះខ្លួនដេកតាមផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចចិញ្ចើមផ្លូវសហព័ន្ធរុស្សី មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពជំហានដំបូង បានឱ្យដឹងថា បុរសខាងលើត្រូវបានម៉ូតូកង់បីដឹកយកមកទម្លាក់ចោលត្រង់ចំណុចខាងលើ មិនដឹងថា កើតមានបញ្ហាអ្វីនោះទេ ស្រាប់តែពេលសមត្ថកិច្ចចុះទៅពិនិត្យ ដាស់ហៅសួរនាំ ទើបដឹងថា តាមពិតជាមនុស្សស្រវឹងស្រាសោះ។

តាមសម្តីបុរសខាងលើ បានឱ្យដឹងថា គាត់មានឈ្មោះអ៊ុក ខឿន អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោធិមុខ ឃុំគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ មានប្រពន្ធឈ្មោះចាន់ នី អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកស៊ិនទ្រី បោសសំរាមនៅម្តុំវត្តភ្នំ មានកូនចំនួន៤នាក់ក្នុងបន្ទុក។

បុរសខាងលើ បានឱ្យដឹងទៀតថា គាត់បានធ្វើដំណើរចេញពីស្រុកកំណើតចំនួន៣ថ្ងៃមកហើយ គោលបំណងឆ្ពោះទៅរកប្រពន្ធដែលធ្វើការនៅម្តុំវត្តភ្នំ ហើយក្នុងដំណើររបស់គាត់ ជិះរថយន្តឈ្នួលផង ថ្មើរជើងផង រហូតមកដល់ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នេះ ពេលដែលធ្វើដំណើរចេញពីចោមចៅ ដោយថ្មើរជើង តាមផ្លូវគាត់បានឆ្លៀតចូលទិញស្រាសកន្លះលីត្រ ផឹកកំដរមាត់ ដោយដើរបណ្តើរផឹកស្រាបណ្តើរ ទីបំផុត ពេលដើរមកដល់ចំណុចមុខព្រលានយន្តហោះ ក៏មានម៉ូតូកង់បីគេហៅឱ្យជិះបានបន្តិច ក៏ឱ្យគាត់ចុះវិញ ហើយចំពេលគាត់ស្រវឹងស្រាខ្លាំងពេក ទន់ជើងដើរទៅមុខលែងរួច ក៏ប្រះខ្លួនដេកមួយភាំងសិន ស្រាប់តែប៉ូលិសមកដាស់ហៅឱ្យក្រោកតែម្តង។

បុរសខាងលើ បានបដិសេធថា គាត់មិនមែនជាមនុស្សវិកលចរិតអីទេ តាមពិតគាត់ស្រវឹងស្រាជ្រុលប៉ុណ្ណោះ។ បន្ទាប់មក បុរសខាងលើ បានក្រោកដើរទៅមុខបន្តទៀត សំដៅទៅកន្លែងប្រពន្ធធ្វើការនៅឯម្តុំវត្តភ្នំ ហើយទោះជាមានអ្នកឱ្យលុយ ក៏មិនព្រមទទួលយកដែរ គឺស្ពាយតែការ៉ុងបង្វិចខោអាវ និងស្ពាយដបស្រាមួយដើរចេញបាត់ទៅ៕

RELATED ARTICLES