Thursday, April 25, 2024
Homeព័ត៌មានជាតិរត់ទៅណា បើគង់តែចូលមកឲ្យប៉ូលិសវាយខ្នោះដដែលហ្នឹង!!!

រត់ទៅណា បើគង់តែចូលមកឲ្យប៉ូលិសវាយខ្នោះដដែលហ្នឹង!!!

ខេត្តបាត់ដំបង ៖ បុរសម្នាក់ក្រោយប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទៅលើអ្នកដទៃរួចមក ក៏បានព្យាយាមរត់គេចខ្លួនអស់រយៈពេលជាង៣ឆ្នាំ លុះភ្លេចខ្លួនវិលត្រឡប់ចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន កាលពីវេលាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះយក់ សង្វាវុធ អាយុ៤៥ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

លោកកែវ សុខុម អធិការរងនគរបាលស្រុកមោងប្ញស្សី ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យ គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៣៩០ត.ព្រ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់លោកទ្រី សុភ័ក ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ។

លោកអធិការរង បន្តថា កាលពីថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ជនសង្ស័យឈ្មោះយក់ សង្វាវុធ បានធ្វើសកម្មភាពវាយទៅលើបុរសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ ក្រោយពីកើតមានជម្លោះនឹងគ្នា បន្ទាប់មក ជនសង្ស័យក៏បានរត់គេចខ្លួនចេញបាត់ពីមូលដ្ឋានរស់នៅ  ដោយមិនដឹងជាសម្ងំលាក់ខ្លួនដល់ណា។ ចំណែកក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតដល់មានដីកាបង្គាប់ឱ្យចាប់ខ្លួនទៀតផង។

លោកអធិការរង បញ្ជាក់ថា លុះមកដល់យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យក៏លបវិលត្រឡប់ចូលផ្ទះវិញ ក៏ត្រូវសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនរួចរៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES