Thursday, July 3, 2025
Homeព័ត៌មានជាតិវ៉ៃប្រាវ!!! ហៅឲ្យមកម៉ាស្សា នាងមិនព្រមមក

វ៉ៃប្រាវ!!! ហៅឲ្យមកម៉ាស្សា នាងមិនព្រមមក

ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក នឹកចង់ទៅរកកន្លែងម៉ាស្សា ដើម្បីឱ្យនារីម៉ាស្សាឱ្យ ក្រែងបានស្វាងខ្លះ ស្រាប់តែចៃដន្យទៅដល់ហាងម៉ាស្សាមួយកន្លែង ក៏ដល់ម៉ោងគេបិទទ្វារសម្រាកល្មម លុះខឹងនឹងរឿងហៅរកស្រីមកម៉ាស្សាឱ្យអត់បាន ស្រាប់តែបុរសស្រវឹងក្រពុលមុខ ក៏ស្ទុះទៅវាយបំបែកកញ្ចក់ទ្វារហាងម៉ាស្សាអស់ចំនួន២ផ្ទាំង ធ្វើឱ្យម្ចាស់ហាងខឹងរាយការណ៍ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន។

ហេតុការណ៍បុរសស្រវឹងស្រាខឹងរកនារីមកម៉ាស្សាឱ្យអត់បាន បែរជាបញ្ចោញកំហឹងវ៉ៃបែកកញ្ចក់ទ្វារហាងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចហាងម៉ាស្សាយីហោ មហាហេង តាមផ្លូវបេតុង ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះវ៉ាង វ៉ង អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។ ចំណែកជនរងគ្រោះជាម្ចាស់ហាង មានឈ្មោះ នាងឆវី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរថៅកែហាងម៉ាស្សា យីហោមហាហេង ស្នាក់នៅហាង ស្ថិតក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្ចាស់ហាងម៉ាស្សា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារតែអស់ភ្ញៀវផង ណាមួយយប់ជ្រៅផង ទើបនាងបានរៀបចំបិទហាងម៉ាស្សាដើម្បីសម្រាក បន្ទាប់មក ក្រុមនារីម៉ាស្សា រួមទាំងនាងជាម្ចាស់ហាងបានចូលដំណេករៀងៗខ្លួន។ ស្រាប់តែមកដល់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រថ្ងៃដដែល ក៏លេចមុខជនសង្ស័យមកដល់មុខហាង គោះទ្វារហៅឱ្យបើកទ្វារ ដោយជនសង្ស័យបានស្រែកថា ចង់រកនារីម៉ាស្សាឱ្យខ្លួនបន្តិច។ ពេលនោះ ក្រុមនារីម៉ាស្សាក៏បានស្រែកប្រាប់ពីក្នុងផ្ទះទៅវិញថា ដល់ម៉ោងសម្រាកហើយ មិនទទួលភ្ញៀវទៀតទេ ស្រាប់តែភ្លាមនោះ ជនសង្ស័យបែរជាច្រឡោតខឹង ស្រែកឡូឡា ហៅរកនារីចេញទៅម៉ាស្សាឱ្យខ្លួន (ជនសង្ស័យ) លុះខឹងនឹងរឿងពួកនាងមិនព្រមបើកទ្វារឱ្យ ក៏ស្ទុះទៅវាយកញ្ចក់ទ្វារមុខហាង បណ្តាលឱ្យបែកអស់២ផ្ទាំង ទើបធ្វើឱ្យពួកនាងភ័យឆោឡោ ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងបានចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ នាំទៅប៉ុស្តិ៍នគរបាលកាកាប២ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពប្រាប់ទាំងស្ថានភាពស្រវឹងថា ខ្លួនពិតជាបានវាយកញ្ចក់ទ្វារហាងម៉ាស្សាខាងលើមែន មូលហេតុដោយសារតែរូបគេខឹងនឹងម្ចាស់ហាង មិនព្រមបើកទ្វារបម្រើសេវាម៉ាស្សាឱ្យខ្លួន ខណៈដែលខ្លួនបានផឹកស្រាស្រវឹង គិតថាមកម៉ាស្សាឱ្យស្វាងស្រាបន្តិច លុះមកដល់ឃើញគេបិទទ្វារហាង ហៅមិនបើក ក៏វាយបែកកញ្ចក់តែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ុស្តិ៍កសាងសំណុំរឿង បញ្ចូនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES