Saturday, April 20, 2024
Homeព័ត៌មានជាតិឡើងលើផ្ទះសម្ងំធ្វើចឹងសោះ ក្រោយខឹងឳពុកស្តីបន្ទោសរឿងយកចានឆ្នាំងបោកចោល

ឡើងលើផ្ទះសម្ងំធ្វើចឹងសោះ ក្រោយខឹងឳពុកស្តីបន្ទោសរឿងយកចានឆ្នាំងបោកចោល

ខេត្តកណ្តាល ៖ យុវជនម្នាក់ក្រោយពីផឹកស្រាស្រវឹងជោក ត្រឡប់មកដល់ផ្ទះវិញ ត្រូវឪពុកស្តីបន្ទោសតិចតួច ក៏ខឹងច្រឡោត ស្ទុះទៅទាញចានឆ្នាំងមកបោកបែកខ្ទេចអស់ រួចក៏ឡើងទៅសម្ងំលើផ្ទះចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចលើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាឃិន  ឃុំជ្រោយតាកែវ ស្រុកកោះធំ។

យុវជនចិត្តខ្លាំងគំនិតខ្លីដែលគ្រាន់តែឪពុកស្តីបន្ទោសតិចតួច បែរជាដាច់ចិត្តចងកធ្វើអ្វត្តឃាតនោះ មានឈ្មោះឆុន ឆេន អាយុ១៨ឆ្នាំ មុខរបរកសិករ ជាមនុស្សញៀនស្រា មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីបុរសឈ្មោះឈឺន ឆុន អាយុ៥៦ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ (ជនរងគ្រោះ) គឺជាមនុស្សញៀនស្រា តែងដើរផឹកស៊ីស្រវឹងអួទីនួសឹងរាល់ថ្ងៃ ហើយឱ្យតែស្រវឹងម្តងៗ កូនប្រុសនេះតែងតែបង្ករឿងឈ្លោះប្រកែកជាមួយពួកគាត់ជាឪពុកម្តាយមិនឈប់ និងឧស្សាហ៍ប្រើអំពើហិង្សាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខ្លាំងណាស់ ទោះជាគាត់ព្យាយាមអប់រំណែនាំយ៉ាងណា ក៏កូនប្រុសនេះមិនខ្ចីយកត្រចៀកស្តាប់ដែរ។

បុរសជាឪពុកជនរងគ្រោះបន្តថា លុះមកដល់វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានផឹកស្រាស្រវឹង និងបានមកប្រាប់គាត់ជាឪពុកថា រូបគេបានទៅខ្ចីទូករបស់អ្នកជិតខាងដើម្បីចេញទៅចងសន្ទូច។ ចំណែកគាត់ដោយសារតែឃើញស្ថានភាពកូនប្រុសស្រវឹងស្រាទន់ខ្លួនទៅហើយ ចេះតែបារម្ភ ក៏ប្រាប់ទៅវិញថា ឯងស្រវឹងហើយ មិនបាច់ទៅបង្កៃសន្ទូចទេ តែបើចង់ទៅ ដើរទៅ មិនបាច់ទៅខ្ចីទូកគេទេ។ គ្រាន់តែគាត់និយាយមិនទាន់រួចពីមាត់ផង ស្រាប់តែកូនប្រុសនេះច្រឡោតខឹង ឆ្លើយទាំងគំរោះគំរើយ ដាក់គាត់ជាឪពុកវិញថា រូបគេអីក៏ថោកម៉្លេះ គ្រាន់តែខ្ចីទូកគេទៅបង្កៃសន្ទូច ក៏មិនបានដែរ មិនតែប៉ុណ្ណោះ កូនប្រុសរបស់គាត់ ថែមទាំងបានស្ទុះទៅទាញចានឆ្នាំងយកមកបោកចោលខ្ទេចអស់ ទើបគាត់ស្ទុះចេញទៅឃាត់ និងបានស្តីបន្ទោសកូនប្រុសនេះ២-៣ម៉ាត់។

បុរសជាឪពុករូបនេះ បន្តថា ក្រោយមក កូនប្រុសចិត្តខ្លាំងរូបនេះ ក៏ដើរឡើងទៅលើផ្ទះបាត់ទៅ ហើយក៏ស្ងាត់សំឡេងឈឹង ចំណែកគាត់នឹកស្មានថា កូនស្រវឹងស្រាដេកលក់ទៅហើយ ទើបមិនចាប់អារម្មណ៍ ស្រាប់តែមួយសន្ទុះក្រោយមក ពេលគាត់ឡើងទៅលើផ្ទះ ក៏ប្រទះឃើញកូនប្រុសចងកធ្វើស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យគាត់ស្រែកឆោឡោហៅបងប្អូនជិតខាងឱ្យមកជួយស្រាយចំណងដាក់ចុះ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឱ្យចុះមកពិនិត្យ។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុក រួមជាមួយអាជ្ញាធរមូលដ្ឋាន គ្រូពេទ្យជំនាញ និងក្រុមគ្រួសារបានធ្វើការពិនិត្យសពឃើញថា ពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ដោយយកអាវខ្លួនឯង ចងជាប់នឹងធ្នឹមផ្ទះ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES