Friday, April 19, 2024
Homeព័ត៌មានជាតិអស់ទាស់!!! សុទ្ធតែកាំបិតនិងដាវ ដេញកាប់ប្លន់យកម៉ូតូតែម្តង

អស់ទាស់!!! សុទ្ធតែកាំបិតនិងដាវ ដេញកាប់ប្លន់យកម៉ូតូតែម្តង

ភ្នំពេញ ៖ ​យុវជន២នាក់ចង់សប្បាយនាំគ្នាចូលក្លឹប ចេញពីក្លឹបវិញ ត្រូវជនសង្ស័យ​ប្រដាប់អាវុធមួយក្រុម ដេញកាប់ប្លន់យកម៉ូតូម៉ាក MSX បានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចពន្លឺ វ៉ាពេជ្រ ទទួលផ្ញើរថយន្តនិងម៉ូតូ ២៤ម៉ោង តាមបណ្តោយផ្លូវ២០១១ ជិតថ្នល់រថភ្លើង ភូមិតាងួន១ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ​។​

ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ ប៊ី​ន ម៉ានី ហៅអាខ្មៅ អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់​ ស្នាក់នៅការដ្ឋានសំណង់ ស្ថិតនៅ​ភូមិដំណាក់ សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ មានស្រុកណើតនៅភូមិ​គគីរសោម ឃុំគគីរសោម ស្រុកកំពោតទូក ខេត្ត​ស្វាយរៀង ។​ ជនរងគ្រោះដែលជិះពីក្រោយ ឈ្មោះ រឿន​ រ៉ាត់​ ភេទប្រុស អាយុ១៨​ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅជាមួយគ្នា​ មានស្រុកកំណើតនៅ​ស្រុកព្រះស្តេច​ ខេត្តព្រៃវែង ម៉ូតូ​ដែលជនសង្ស័យវាយកាប់ប្លន់ ម៉ាកMSX ពណ៌លឿង អ៊ុតពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FO-7142 ។​

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និង​មិត្តភក្តិរូមការងារម្នាក់ បាននាំគ្នា​ទៅលេងក្លឹបអាវ៉ាឡូញ​ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ បន្ទាប់ពីផឹកស៊ីរាំលេង​សប្បាយហើយដល់ម៉ោងកើតហេតុ បាននាំគ្នាត្រឡប់ទៅការដ្ឋានសំណង់វិញ ខណៈពេល​ជិះម៉ូតូមកដល់ចំណុចកើតហេតុនៅចំណុច​ក្លឹប រីលេក្ស តាមផ្លូវ២០១១ ស្រាប់តែមានជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូ ៣គ្រឿង ម៉ាកស្មាស​វី មួយគ្រឿង និងម៉ាក​ហុងដាឌ្រីម ​២គ្រឿង ប្រដាប់ដោយដាវមួយដើម និងកាំបិតបុ័ងតោមួយ ​បានជិះដេញពួកគាត់ លុះដេញមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានបានទាញកាំបិតបុ័ងតោ​កាប់ទៅលើជនរងគ្រោះជិះពីក្រោយ ចំនួន២កាំបិត ចំដៃខាងឆ្វេង និងចំចង្កេះផ្នែកខាងឆ្វេង ដែលបណ្តាលឲ្យរងរបួសធ្ងន់រយះដៃខាងឆ្វេង ហើយជនសង្ស័យជិះម៉ូតូមួយគ្រឿងទៀត បានទាញដាវ​កាប់ទៅលើជនរងគ្រោះអ្នកបើកម៉ូតូ តែជនរងគ្រោះឃើញទាន់បានផ្តួលម៉ូតូរត់គេចខ្លួន ក៏ត្រូវជនសង្ស័យលើកម៉ូតូជិះគេចខ្លួនបាត់​ដោយសុវត្ថិភាព។​

ក្រោយពេលកើតហេតុជនរងគ្រោះរងរបួសធ្ងន់ជិះក្រោយ ត្រូវបានបងប្អូនដឹកតាមម៉ូតូយកទៅសង្គ្រោះភ្លាមៗ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូវិញ បានទៅមកដាក់ពាក្យ​បណ្តឹងនៅប៉ុសិ៍្ត នគរបាលសង្កាត់កាកាប ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខសញ្ញាខាងលើយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES