Saturday, April 20, 2024
Homeព័ត៌មានជាតិកូនប្រុសរដ្ឋលេខាធិការក្រសួងមួយ ជាខ្មាន់កាំភ្លើងបាញ់រះ ធ្លាយគូទឌីជេ

កូនប្រុសរដ្ឋលេខាធិការក្រសួងមួយ ជាខ្មាន់កាំភ្លើងបាញ់រះ ធ្លាយគូទឌីជេ

ភ្នំពេញ ៖ ករណីបុរសជើងខ្លាំងម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏កើតមានទំនាស់ពាក្យសម្តីជាមួយនឹងបុរសជាឌីជេ ប្រចាំមជ្ឈមណ្ឌលកម្សាន្តរ៉ក់  រហូតដល់ទប់កំហឹងមិនបាន ដកកាំភ្លើងបាញ់ប្រហារទៅលើជនរងគ្រោះចំនួន២គ្រាប់ បណ្តាលឱ្យចំកំប៉េះគូទរងរបួសធ្ងន់ នៅចំណុចបន្ទប់ខារ៉ាអូខេលេខ២០៣ ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន នោះ ពេលនេះសមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយ និងកំពុងប្រមាញ់ចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់។

បើតាមការបញ្ជាក់ពីប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ លោកឧត្តមសេនីយឯក សុខ ខេមរិន្ទ កាលពីម្សិលមិញថា សមត្ថកិច្ចរបស់លោកកំពុងដេញតាមប្រមាញ់ចាប់ខ្លួនកូនប្រុសលោក ឌុច សុវណ្ណារី រដ្ឋលេខាធិការ នៃក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឈ្មោះ ឌុច សុវណ្ណារ៉េត (ហៅ រិទ្ធ ញាញ់) បន្ទាប់ពីបើកការបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ឌីជេម្នាក់ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ ដែលជាបក្ខពួកដែលជនដៃដល់បើកការបាញ់ប្រហារនៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock បញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន បានបន្តិចហើយនោះ នៅពេលនេះ សមត្ថកិ ច្ចក្រសួងមហាផ្ទៃ កំពុងបើកការស៊ើបអង្កេត និងតាមប្រមាញ់ជនដៃដល់។

គួបញ្ជាក់ថា បុរសរងគ្រោះដែលទទួលរងការបាញ់ប្រហារពីបុរសជាខ្មាន់កាំភ្លើងជើងខ្លាំង បណ្តាលឱ្យរងរបួសធ្ងន់ធ្លាយកំប៉េះគូទនោះ មានឈ្មោះ បៀរ សំអឿន អាយុ៣២ឆ្នាំ មុខរបរឌីជេ (DJ) ប្រចាំមជ្ឈមណ្ឌលកម្សាន្តរ៉ុក ស្នាក់នៅផ្ទះលេខ១៧ ផ្លូវ១៥៩ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌចំការមន ត្រូវខ្មាន់កាំភ្លើងប្រើកាំភ្លើងខ្លីម៉ាក K៥៩ បាញ់ឱ្យរបួសត្រង់កំភួនជើងខាងស្តាំ និងកំប៉េះគូថខាងឆ្វេង បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរស្ស៊ី។ ចំណែកបុរសម្នាក់ដែលត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួននាំទៅសាកសួរ មានឈ្មោះប៉ែន រិទ្ធី អាយុ២៤ឆ្នាំ មុខរបរ DJ នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ស្នាក់ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ភ្លាមៗនោះ លោកឃួន សំអុល មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន បានបញ្ជាក់ប្រាប់ថា ករណីបាញ់បោះនៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ពិតជាមានមែន។ លោកបន្តថា ក្នុងហេតុការណ៍នេះ មានមនុស្សម្នាក់បានរងរបួស ហើយត្រូវគេដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ទោះយ៉ាងណា កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានឃាត់ខ្លួនបុរសម្នាក់យកទៅបញ្ជាការដ្ឋាន ដើម្បីធ្វើការសាកសួរផងដែរ ប៉ុន្តែ លោកនៅមិនទាន់អាចបញ្ជាក់លម្អិតបាននៅឡើយទេ ចំពោះករណីបាញ់ប្រហារ បណ្តាលឱ្យបុរសម្នាក់របួសនៅកណ្តាលរាជធានីភ្នំពេញ។

ដោយឡែក តាមសម្តីបុរសឈ្មោះប៉ែន រិទ្ធី ជាឌីជេ ប្រចាំមជ្ឍមណ្ឌលរ៉ុក ជាមួយនឹងជនរងគ្រោះ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុមានបុគ្គលិកដូចគ្នា បានរត់មកប្រាប់ថា នៅបន្ទប់២០៣ មានជម្លោះគ្នាខ្លាំងណាស់ និងថែមទាំងគំរាមរកបាញ់ទៀតផង ក្រោយមក ស្រាប់តែឮសំឡេងកាំភ្លើងបាញ់ក្នុងបន្ទប់២០៣ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលម្នាក់ៗ រត់ចែកជើងគ្នាអស់ នៅសល់តែជនរងគ្រោះជា DJ ដូចគ្នា រងរបួសកជើងខាងស្តាំ និងគូថខាងឆ្វេង រួចក៏ត្រូវសន្តិសុខដឹកយកទៅសង្គ្រោះតែម្តង។ លុះក្រោយមក ក៏មានកម្លាំងកងរាជអាវុធខណ្ឌចំការមន មកឃាត់ខ្លួនគាត់យកទៅសាកសួរតែម្តង។

បន្ទាប់ពីមានហេតុការណ៍ផ្ទុះអាវុធខាងលើនេះឡើង អ្នកយកព័ត៌មានម្នាក់ឈ្មោះជុន សុឃា បម្រើការនៅអង្គភាពព័ត៌មាន BBN-TV បានចូលទៅផ្តិតយករូបភាព និងយកព័ត៌មាននៅកន្លែងកើតហេតុ ស្រាប់តែពេលកំពុងចូលទៅថតដល់កន្លែងផ្ញើម៉ូតូក្នុងបវិវេណមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ក៏ស្រាប់តែមានបុរសម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ស៊ីវិល និងមានសៀតកាំភ្លើងខ្លីជាប់ចង្កេះផងនោះ បានដើរចូលមកចាប់បោកទូរស័ព្ទអ្នកសារព័ត៌មានរូបនោះ បណ្តាលឱ្យបែកខ្ទេច ព្រមទាំងបានប្រើសម្តីសម្លុតគំរាមថា គេជាមន្ត្រី PM គេបោកចោលអីចឹង ប្តឹងដល់ណាប្តឹងទៅ៕

RELATED ARTICLES