ឆែកទូកុងតឺន័រ៣ រកឃើញភ្លុកដំរីជិត ៣០០ដុំ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចចម្រុះ សហការជាមួយភ្នាក់ងារស៊ើបអង្កេតរបស់ស្ថានទូតអាមេរិក ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ បានចុះធ្វើការកាត់ស៊ីលទូកុងតឺន័រ ចំនួន៣ទូ នៅក្នុងបរិវេណកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីត្រួតពិនិត្យជាលទ្ធផលសមត្ថកិច្ចបានរកឃើញភ្លុកដំរី ចំនួន២៧៩ដុំ ស្មើនឹង៩៤១,៤១គីឡូក្រាម។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ប្រតិបត្តិការចុះកាត់ស៊ីលទូកុងតឺន័ររកឃើញភ្លុកដំរី ជិត៣០០ដុំ និងមានទំងន់ជិត១តោននេះ ធ្វើឡើងក្រោមកិច្ចសហការរវាងអាជ្ញាធរកំពង់ផែ មន្ត្រីនគរបាលមូលដ្ឋាន មន្ត្រីកាំកុងត្រូល មន្ត្រីគយ និងរដ្ឋាករសាខាគយ និងរដ្ឋាករកំពង់ផែ អន្តរជាតិ ក្រុងព្រះសីហនុ និងភ្នាក់ងារស៊ើបអង្កេតរបស់ស្ថានទូតអាមេរិក ដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់លោកលឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រះសីហនុ។

ប្រភពដដែលបន្តថា ជាលទ្ធផលសមត្ថកិច្ចចម្រុះ បានរកឃើញទូកុងតឺន័រទី១​ MSCU3214532 បានរកឃើញដុំឈើ ចំនួន៦៨២ដើម ទម្ងន់សរុប ១២១៧៤គីឡូក្រាម ស្មើនឹង១៧ម៉ែត្រគូប ដុំឈើសង្ស័យចំនួន១០ដើម ដែលបង្កប់ភ្លុកដំរី ចំនួន១៣២ដុំ ស្មើនឹង៤៥៤, ៥១គីឡូក្រាម។ ទូកុងតឺន័រទី២ CLHU2983749 បានរកឃើញដុំឈើចំនួន៦០៥ដើម ទម្ងន់សរុប ២០០១០គីឡូក្រាម ស្មើនឹង១៩ម៉ែត្រគូប។ និងទូកុងតឺន័រទី៣ MEDU2333385 បានរក ឃើញដុំឈើចំនួន៦៧៧ដើមទម្ងន់ សរុប១៧៣៨០គីឡូក្រាម ស្មើនឹង១៨ម៉ែត្រគូប ដុំឈើសង្ស័យ ចំនួន១២ដើម ដែលបង្កប់ភ្លុកដំរីចំនួន១៤៧ដុំ ស្មើនឹង៤៨៦,៩០គីឡូក្រាម។ សរុបការឆែកឆេះ សមត្ថកិច្ចចម្រុះបានរកឃើញភ្លុកដំរីសរុបចំនួន២៧៩ដុំ ស្មើនឹង៩៤១,៤១គីឡូក្រាម។

ប្រភពខាងលើបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអំពីការកំណត់សម្គាល់លើកុងតឺន័រចំនួន ៣ទូ ទំហំ២០ហ្វីត ដែលមានលេខ MSCU 3214532; CLHU2983749; MEDU23 33385 របស់ក្រុមហ៊ុន Cam Transit Import Co., Ltd មកពីប្រទេស Mozambique។

បច្ចុប្បន្នភ្លុកដំរី រួមទាំងវត្ថុតាងដទៃទៀត ត្រូវកម្លាំងជំនាញរៀបចំទុកដាក់នៅទីសុវត្ថិភាព រង់ចាំចាត់ការបន្តតាមនីតិវិធី៕