ម្ចាស់បន្ទប់ជួលគំរាមដេញអ្នកជួល បើទម្លាយរឿងឡើងថ្លៃបន្ទប់

0
426

ភ្នំពេញ ៖ ម្ចាស់បន្ទប់ជួលមួយកន្លែង ដែលមានបន្ទប់ជួលឱ្យកម្មករ-កម្មការិនី ស្នាក់នៅប្រមាណជាង៤០០បន្ទប់ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ បានគំរាមដល់អ្នកដែលជួលបន្ទប់របស់ខ្លួនស្នាក់នៅថា នឹងដេញចេញលែងឱ្យជួលបន្ទប់ស្នាក់នៅ ទៀត ប្រសិនបើមានអ្នកណាម្នាក់ថ្លើមធំហ៊ានទម្លាយរឿងដំឡើងថ្លៃបន្ទប់ទៅឱ្យមជ្ឈដ្ឋានខាងក្រៅដឹង ដែលទង្វើនេះ កំពុងអនុវត្តផ្ទុយពីការអំពាវនាវរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងគិតគូរពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនកម្មករ-កម្មការិនីទូទៅ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ម្ចាស់បន្ទប់ជួលដែលមានជាង៤០០បន្ទប់ នៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ថ្មីៗនេះ ទើបនឹងសម្រេចតម្លើងថ្លៃបន្ទប់ជួលរបស់ខ្លួន ចាប់ពី៥ដុល្លារ ទៅ១០ដុល្លារ។ ក្រៅពីការតម្លើងថ្លៃបន្ទប់ជួល ដែលមិនមានអនាម័យល្អ និងទឹកប្រើប្រាស់មានកំបោរខ្លាំង ហើយថ្លៃភ្លើងដល់ទៅ១៥០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងហើយនោះ ក៏ម្ចាស់បន្ទប់ជួលជាង៤០០បន្ទប់នោះ បានបណ្តេញអ្នកជួល ដែលតវ៉ាចេញពីបន្ទប់ប្រមាណ២-៣បន្ទប់រួចមកហើយ ព្រមទាំងបានព្រមានដល់អ្នកជួលផ្សេងទៀតថា ប្រសិនបើហ៊ានទម្លាយរឿងនេះ ឱ្យដឹងដល់ត្រចៀកក្រុមអ្នកសារព័ត៌មាន ឬអាជ្ញាធរនោះ នឹងដេញចេញពីបន្ទប់ភ្លាម។

ប៉ុន្តែការព្រមានថា នឹងបណ្តេញចេញនេះ កាន់តែធ្វើឱ្យក្រុមកម្មករ និងអាជីវករតូចតាច ដែលអាចរកស៊ីត្រឹមមួយរស់ៗទប់មិនបាននោះឡើយ ពោលគឺនៅតែធ្លាយដល់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងអង្គភាពសារព័ត៌មានឱ្យជួយផ្សព្វផ្សាយ និងដោះស្រាយជូនពួកគាត់ផង ព្រោះថា ការតម្លើងថ្លៃបន្ទប់ជួលនេះ ធ្វើឱ្យពួកគាត់កាន់តែត្រូវចំណាយច្រើនជាងមុនបន្ថែមទៀត។

ក្រោយធ្លាយព័ត៌មានខាងលើនេះ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចាត់ឱ្យលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ចុះជួយអន្តរាគមន៍រកដំណោះស្រាយជូនក្រុមកម្មករ និងអាជីវករតូចតាចភ្លាមៗដែរ ដើម្បីធ្វើយ៉ាងណា កាត់បន្ថយការចំណាយរបស់ពួកគាត់។ ជាមួយនេះ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ បានសន្យាថា លោកនឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋនៅក្នុងបន្ទប់ជួលនោះ ដើម្បីឱ្យស្របតាមការអំពាវនាវរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កុំឱ្យម្ចាស់បន្ទប់ជួលមានការដំឡើងថ្លៃ បើទោះបីប្រាក់ឈ្នួលរបស់កម្មករ បានឡើងមួយកម្រិតទៀតក៏ដោយ។

យ៉ាងណាមិញ អ្នកជួលបន្ទប់ជួលប្រមាណ ៤០បន្ទប់ ក្នុងចំណោម៤០០បន្ទប់ ដែលត្រូវបានម្ចាស់បន្ទប់ជួលដំឡើងថ្លៃរយៈពេលជាង២ខែមកហើយ បានរៀបរាប់ពីទុក្ខលំបាករបស់ពួកគាត់ថា បន្ទប់ជួលដែលគេឡើងថ្លៃនោះ មានចំនួនពី៥-១០ដុល្លារ ទៅតាមបន្ទប់តូចឬធំ ប៉ុន្តែស្ថានភាពបន្ទប់វិញ ក៏មិនមានអនាម័យត្រឹមត្រូវនោះទេ។ បើនិយាយពីទឹកប្រើប្រាស់វិញ ពីមុនតម្លៃ១ម៉ែត្រគូប តែ២០០០រៀលប៉ុណ្ណោះ ស្រាប់តែ២ខែចុងក្រោយនេះ ម្ចាស់បន្ទប់ជួលបាន ដំឡើងដល់៣០០០រៀល ក្នុង១ម៉ែត្រគូប ខណៈដែលទឹកនោះ មិនមែនជាប្រភេទទឹកស្អាតនោះទេ គឺជាប្រភេទទឹកអណ្តូង ដែលពិបាកក្នុងការប្រើប្រាស់បរិភោគខ្លាំងណាស់ ព្រោះថាមានជាតិកំបោរច្រើនពេក ទុកមិនបានយូរឡើយ។ មួយវិញទៀត សម្រាប់ថ្លៃនៃការប្រើប្រាស់ភ្លើងវិញ ពីមុនប្រើភ្លើងឯកជនតម្លៃ១៥០០រៀល ក្នុង១គីឡូវ៉ាត់ ម៉ោងក្រោយមកផ្លាស់ទៅប្រើប្រាស់ភ្លើង ដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជាវិញ ប៉ុន្តែតម្លៃនៅតែ១៥០០រៀលដដែល ក្នុង១គីឡូវ៉ាត់ម៉ោង។

ក្រៅពីការរៀបរាប់ទុក្ខលំបាកបែបនេះ ក្រុមកម្មករ និងអាជីវករទាំងអស់នោះបានទទូចដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ មេត្តាជួយដោះស្រាយជូនពួកគាត់ ថ្វីត្បិតតែប្រាក់ឈ្នួលដំឡើងពិតមែន តែប្រសិនបើបន្ទប់ជួលឡើងថ្លៃបែបនេះពួកគាត់នៅតែជួបការលំបាកដដែល។

ន្តែទោះជាយ៉ាងណា អភិបាលខណ្ឌពោធិ៍សែនជ័យ បានសន្យាថា នឹងដោះស្រាយ ជូនពួកគាត់ឱ្យខាងតែបាន៕