ក្រមុំលក់សាច់គោអាំង ម៉ូយកំលោះល្បួងពង្រត់ចេញពីផ្ទះ

ខេត្តកំពង់ធំ ៖ នារីវ័យក្មេងម្នាក់ បានដើរលក់សាច់គោអាំងជាមួយឪពុកម្តាយមួយរយៈ ក៏មានម៉ូយកំលោះ២នាក់ ចេះតែចូលមកហូបចុកប៉ុន្មានថ្ងៃជាប់គ្នា ដោយថែមទាំងបានលួចបោះពាក្យសម្តីផ្តោះផ្តងស្នេហាទៀតផង លុះ មិនបានប៉ុន្មានថ្ងៃផង នាងក្រមុំលក់សាច់គោអាំងរូបនេះ ក៏ឱបបង្វេចចុះចោលផ្ទះបាត់ ទើបឪពុកម្តាយដាក់ការសង្ស័យថា កូនស្រីទំនងជាត្រូវប្រុសព្រានជាម៉ូយសាច់គោអាំងលួងលោម ពង្រត់ចេញពីផ្ទះតែម្តង ហេតុនេះក៏រត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមស្វែងរកកូនស្រីរបស់ខ្លួនត្រឡប់មកវិញ។

ករណីនារីវ័យក្មេងបាត់ខ្លួនចេញពីផ្ទះនេះ បានកើតឡើងតាំងពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយ បន្ទាប់ពីឪពុកម្តាយនារីខាងលើ បានមកដាក់ពាក្យបណ្តឹងនៅ អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។

នារីវ័យក្មេង ដែលបាត់ខ្លួនចេញពីផ្ទះនេះ មានឈ្មោះសៀង មករា អាយុ១៧ឆ្នាំ មានមុខរបរលក់សាច់គោអាំងតាមម៉ូតូកង់បីជាមួយម្តាយ មានឪពុកឈ្មោះសៀង វណ្ណា អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ម្តាយឈ្មោះពៅ ស៊ីថា អាយុ៣៣ឆ្នាំ និងមានលំនៅសព្វថ្ងៃក្នុងភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

តាមសម្តីបុរសជាឪពុកនារីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធរបស់គាត់ មានកូនចំនួន២នាក់ ហើយកូនស្រីដែលបាត់ខ្លួនទៅនោះ គឺជាកូនច្បងក្នុងគ្រួសារ។ នៅមុនពេលបាត់ខ្លួន កូនស្រីរបស់គាត់មានមុខរបរ ដើរលក់សាច់គោអាំងតាមម៉ូតូកង់បីជាមួយម្តាយ ហើយមុននាងបាត់ខ្លួនប៉ុន្មានថ្ងៃ ពួកគាត់ជាឪពុកម្តាយ បានកត់សម្គាល់ឃើញថា មានកម្លោះ២នាក់ មិនស្គាល់ឈ្មោះ និងមិនដឹងជារស់នៅឯណា តែងជិះម៉ូតូមកហូបសាច់អាំងរបស់នាងជារៀងរាល់ថ្ងៃ និងតែងជជែកគ្នាលេងជាមួយនឹងកូនស្រីគាត់មិនដែលខាន ព្រមទាំងធ្លាប់ផ្តោះផ្តងពាក្យសម្តីក្នុងន័យស្នេហាខ្លះដែរ តែប្រពន្ធគាត់មិនបានចាប់អារម្មណ៍នោះទេ ព្រោះរវល់លក់ដូរ ណាមួយនឹកគិតថា ធម្មតា ម៉ូយកំលោះ ពេលឃើញអ្នកលក់ក្រមុំ លែងអីមិនលែបខាយពាក្យសម្តី។

បុរសជាឪពុករូបនេះបន្តថា លុះមកដល់ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ក្មួយប្រុសរបស់គាត់ម្នាក់រស់នៅផ្ទះក្បែរគ្នា បានឃើញកូនស្រីគាត់ស្ពាយកាបូបតូចមួយដើរចេញពីផ្ទះ ក៏សួរនាងថា ទៅណា? ពេលនោះកូនស្រីគាត់ប្រាប់ថា ទៅរកហូបអីមកវិញឥឡូវហើយ រួចក៏ឡើងជិះម៉ូតូជាមួយនឹងកម្លោះម្នាក់អាយុប្រហាក់ប្រហែលគ្នាចេញទៅបាត់អស់រយៈពេលជាច្រើនម៉ោង មិនឃើញត្រឡប់មកវិញ ទើបក្មួយប្រុសនោះបាននិយាយប្រាប់គាត់។ ភ្លាមនោះ គាត់ក៏បានដើររកកូនគ្រប់ច្រកល្ហក និងបានប្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍ឃុំស្រយ៉ង់ និងអធិការស្រុកគូលែន ឱ្យជួយស្រាវជ្រាវដែរ តែរកមិនឃើញសោះ។ ចំណែកទូរស័ព្ទដៃរបស់កូនស្រីគាត់ក៏បានព្យាយាមខលដែរ តែមិនចូលសោះ លុះរំលងបាន១ថ្ងៃ កូនស្រីគាត់ក៏បានខលមកម្តាយប្រាប់ថា នាងមិនអីទេ សូមកុំព្រួយអី ហើយក៏បិទទូរស័ព្ទ ខលលែងចូលរហូតតែម្តង។ ក្រោយមកមានគេប្រាប់ថា បានឃើញកូនស្រីរបស់គាត់ជិះឡានមកខេត្តកំពង់ធំ ទើបនៅរសៀលថ្ងៃទី១២ ខែធ្នូ គាត់បានឡើងមកខេត្តកំពង់ធំ និងបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដើម្បីឱ្យជួយតាមស្វែងរកកូនស្រីរសប់គាត់ដែលបានបាត់ខ្លួនជិត១០ថ្ងៃមកហើយ។

បុរសជាឪពុកខាងលើបានបញ្ជាក់ថា គាត់សូមអំពាវនាវដល់កូនស្រីបើបានឮដំណឹងនេះ ហើយ សូមត្រឡប់មកផ្ទះវិញ ហើយពួកគាត់ជាឪពុកម្តាយមិនប្រកាន់ខឹងនឹងកូនស្រីអ្វីទាំងអស់សំខាន់ឱ្យតែកូនស្រីត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពបានហើយ។ ចំណែករឿងរ៉ាវស្នេហា ប្រសិនបើកូនស្រីមានទាក់ទងជាមួយនឹងអ្នកណា ក៏ពួកគាត់មិនប្រកាន់ខឹងដែរ។ ហើយប្រសិន បើមានអ្នកប្រទះឃើញកូនស្រីរបស់គាត់ ដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹង ដល់គាត់ជាឪពុក តាមរយៈទូរស័ព្ទលេខ ០៨៨ ៧៨ ៤៣ ១៥៥ និង ០៨៨ ៥១ ៨០ ៩៤៦ ដោយអនុគ្រោះផងចុះ៕