Wednesday, April 24, 2024
Homeព័ត៌មានជាតិក្មេងទំនើងរង់ចាំសង្សារចេញពីរៀន សត្រូវស្នេហាមានគ្នាជិត១០នាក់ ទាញបុ័ងតោកាប់

ក្មេងទំនើងរង់ចាំសង្សារចេញពីរៀន សត្រូវស្នេហាមានគ្នាជិត១០នាក់ ទាញបុ័ងតោកាប់

ភ្នំពេញ ៖ យុវជនជាសិស្សសាលាវត្តដំបូកខ្ពស់មួយក្រុម បានជិះម៉ូតូដឹកគ្នាចូលទៅរកជួបសង្សារដល់ក្នុងសាលាបឹងត្របែក លុះសង្សារមិនទាន់ចេញពីរៀន ក៏ចូលទៅអង្គុយហូបមីស្រុះ ស្រាប់តែត្រូវគូសត្រូវស្នេហាដែលជាម្ចាស់ទឹកដីសិស្សសាលាបឹងត្របែក ទាញកាំបិតប៉័ងតោ ស្ទុះចូលមកកាប់ប្រហារ តែសំណាងល្អត្រូវបានជនរងគ្រោះដែលសៀតដាវសាំម៉ូរ៉ៃជាប់ខ្លួនដែរនោះ លើកដាវរង ទើបបណ្តាលឱ្យរងរបួសស្រាល និងធ្វើឱ្យផ្អើលឆោឡោពេញសាលា ដោយសារភាគីទាំងសងខាងបានដេញវាយតប់គ្នា និងគប់គ្នា បណ្តាលឱ្យខ្ទាតទៅចំត្រូវរថយន្តមួយគ្រឿងបែកកញ្ចក់  រហូតដល់នាយកសាលាប្តឹងសមត្ថកិច្ចចុះជួយអន្តរាគមន៍ឃាត់ខ្លួនយុវជនរងគ្រោះ នាំយកទៅសាកសួរ។

ហេតុការណ៍ក្មេងស្ទាវកើតមានទំនាស់ស្នេហាកាប់ប្រហារគ្នាក្នុងសាលានេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបរិវេណអនុវិទ្យាល័យបឹងត្របែក ស្ថិតក្នុងក្រុម៧៤ ស្ថិតក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យុវជនរងគ្រោះ ដែលសៀតដាវចូលទៅជួបសង្សារដល់ក្នុងសាលា និងត្រូវគូទំនាស់ស្នេហាកាប់ឱ្យរងរបួសស្រាលនេះ មានឈ្មោះ សៅរ៍ ភក្តី អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ នែវិទ្យាល័យវត្តដំបូកខ្ពស់ ស្នាក់នៅផ្ទះលេខ៦៨៤ ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

តាមសម្តីយុវជនខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេមានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង ចេញមកពីសាលាដំបូកខ្ពស់ រួចក៏ចូលទៅលេងក្នុងវិទ្យាល័យបឹងត្របែក ក្នុងគោលបំណងជួបសង្សារ តែពេលមកដល់ក្នុងបរិវេណសាលា ដោយយុវតីជាសង្សារមិនទាន់ចេញពីរៀន ទើបពួកគេចូលទៅអង្គុយហូបមីស្រុះ ស្រាប់តែបន្តិចក្រោយមក ក៏លេចមុខក្រុមជនបង្កមានគ្នាជិត១០នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ បានស្ទុះចូលមកកាប់រូបគេ ទើបភ្លាមនោះរូបគេឃើញទាន់ ក៏ហូតដាវដែលរូបគេសៀតជាប់ចង្កេះ មករងក្បាលជាប់ ធ្វើឱ្យរងរបួសស្រាល កុំអីច្បាស់ជាដាច់ក្បាលមិនខាន។ ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់ ក្រុមជនបង្កក៏នាំគ្នារត់គេចខ្លួនបាត់អស់ នៅសល់តែខ្លួនម្នាក់ឯង ត្រូវប៉ូលិសនាំខ្លួនទៅសាកសួរតែម្តង។

ដោយឡែក បុរសម្នាក់ឈ្មោះគួន ដារ៉ូ អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្លឹប ស្នាក់នៅផ្ទះលេខ ៥៤A ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ក៏បានមកទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចស្រាវជ្រាវរកបក្សពួកក្មេងទំនើងខាងលើ ដើម្បីមកសងថ្លៃខូចខាតរថយន្តរបស់គាត់ ដែលចតសុខៗត្រូវក្រុមក្មេងទំនើងដេញវាយតប់ កាប់ចាក់គ្នាប្រសាចពេញផ្លូវ និងគប់ដុំថ្មចំកញ្ចក់រថយន្តរបស់គាត់បណ្តាលឱ្យបែក។

បុរសខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បើករថយន្តម៉ាកកាមរី ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២AC-៥១០៣ ស៊េរីឆ្នាំ២០០៧ ដឹកប្រពន្ធដែលមានផ្ទៃពោះ៨ខែ មកមន្ទីរពេទ្យសម្ភពទំនើប មុខអនុវិទ្យាល័យបឹងត្របែក ដើម្បីពិនិត្យផ្ទៃពោះ ដោយបានចតរថយន្តនៅជាប់របងវិទ្យាល័យបឹងត្របែក រួចនាំប្រពន្ធឆ្លងផ្លូវចូលមន្ទីរពេទ្យ លុះពេលពេលចេញមកវិញ ស្រាប់តែឃើញរថយន្តរបស់ខ្លួនបែកកញ្ចក់ពីមុខ ហើយក៏បានសួរនាំសន្តិសុខ និងអ្នករត់ម៉ូតូឌុប ទើបដឹងថា មានក្មេងស្ទាវយកដុំឥដ្ឋគប់គ្នា បណ្តាលឱ្យត្រូវកញ្ចក់រថយន្តគាត់បែក ហើយឮគេប្រាប់ថា សមត្ថកិច្ចឃាត់បានបក្សពួកម្នាក់ ទើបគាត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទន្លេបាសាក់ តែម្តង លុះមកដល់យុវជនដែលសមត្ថកិច្ចឃាត់ខ្លួន បានឆ្លើយថា រូបគេមិនមែនជាជនដៃដល់ទេ តែបក្សពួកបានគប់ត្រូវ ទើបគាត់ស្នើឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខជនបង្កតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ លោកនាយកវិទ្យាល័យបឹងត្របែក បានទូរស័ព្ទប្តឹងថា មានក្មេងស្ទាវមកពីខាងក្រៅ ចូលមកកាប់សិស្សសាលារបស់គាត់ តែមិនមានរបួសធ្ងន់ធ្ងរទេ និងឃាត់បានបក្សពួកជនបង្កម្នាក់ និងដាវកែច្នៃ ព្រមទាំងកាំបិតប៉័ងតោ ចំនួន២នៅកន្លែងកើតហេតុ។ ភ្លាមនោះ សមត្ថកិច្ចក៏ចុះទៅដល់វិទ្យាល័យបឹងត្របែក ឃើញនាយកសាលាឃាត់បានយុវជនម្នាក់ និងរបួសស្រាល ហើយក៏គ្មានអ្នកផ្សេងរបួសដែរ ទើបសមត្ថកិច្ចបាននាំយុវជននោះមកសាកសួរនៅប៉ុស្តិ៍តែម្តង។

នៅចំពោះមុខសមត្ថកិច្ច យុវជនខាងលើបានឆ្លើយសារភាពថា ខ្លួនមកសាលារៀនបំណងមកជួបសង្សារ តែពេលកំពុងហូបមីក្នុងសាលា ក៏មានសិស្ស១ក្រុមយកកាំបិតប៉័ងតោ មកកាប់ខ្លួន ទើបខ្លួនបានទាញកាំបិតកែច្នៃដែលដាក់នៅជាប់ខ្លួនរង លុះភាគីម្ខាងទៀតឃើញបក្សពួកខ្លួនមានដាវ ក៏នាំគ្នារត់គេចខ្លួនបាត់ នៅសល់តែខ្លួនម្នាក់ឯង ក៏ត្រូវនាយកសាលាឃាត់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។ យុវជនរូបនេះ បានទទួលស្គាល់ថា ដាវវែងកែច្នៃជារបស់ខ្លួនប្រាកដមែន តែចំណែកកាំបិតប៉័ងតោ មិនមែនជារបស់ខ្លួនទេ គឺជារបស់ភាគីម្ខាងទៀតដែលយកមកកាប់ខ្លួននោះទេ។

យុវជនខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្ត ដោយចោទប្រកាន់ពីបទរក្សាទុកអាវុធ (ដាវកែច្នៃ) ខុសច្បាប់។ ចំណែកបុរសជាម្ចាស់រថយន្តកាមរី បានមកដាក់ពាក្យបណ្តឹងរឿងក្មេងស្ទាវគប់កញ្ចក់រថយន្តគាត់បែក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត៕

RELATED ARTICLES