Saturday, April 20, 2024
Homeតារាខ្មែរខៀវ សានសាណា ធ្វើឲ្យម្ចាស់រថយន្ដ Audi Q5 2016 រំភើបចង់ស្រក់ទឹកភ្នែក

ខៀវ សានសាណា ធ្វើឲ្យម្ចាស់រថយន្ដ Audi Q5 2016 រំភើបចង់ស្រក់ទឹកភ្នែក

ខៀវ សានសាណា បានអត្ថាធិប្បាយទាំងភាសាជាតិ និងអង់គ្លេស ក្នុងកម្មវិធីស្រាបៀរថៃហ្គ័រ ប្រគល់រង្វាន់ផ្ដាច់ព្រ័ត្រជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធី “អាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ” ឆ្នាំ២០១៧ នោះ បានធ្វើឲ្យម្ចាស់រថយន្ដ Audi Q5 2016 រំភើបរហូតចង់ស្រក់ទឹកភ្នែកថែមទៀតផង ព្រោះមិននឹកស្មានថា ខ្លួនមានសំណាងក្លាយទៅជាម្ចាស់រថយន្ដទំនើប ដែលមានតម្លៃជាង៨ម៉ឺនដុល្លានោះឡើយ។

ការលេចមុខរបស់ពិធីការិនី ខៀវ សានសាណា ធ្វើពីធីការិនីឲ្យក្រុមហ៊ុន CBL នៅក្នុងកម្មវិធីពិសេសដែលរៀបចំនៅសណ្ឋាគាសូហ្វីតែល ភ្នំពេញ ភោគីត្រា កាលពីថ្ងៃទី៤ ខែធ្នូ នេះ បញ្ជាក់ថា តារាដែលកាន់ទុក្ខបងប្រុសរបស់នាង លោកខៀវ កូណែល ដែលបានធ្វើអត្តឃាតបាញ់សម្លាប់ប្រពន្ធ និងបាញ់សម្លាប់ប្រពន្ធខ្លួនឯង កាលពីចុងខែកញ្ញា នោះ ពេលនេះ សាណា បានកាត់ចិត្តបានខ្លះហើយ ក្រោយពេលដែលនាងមិនទទួលការងារខាងក្រៅ រយៈពេល១ខែគត់ នៅខែតុលា ឆ្នាំ២០១៧ កន្លងមក ហើយកម្មវិធីភាគច្រើនរបស់ក្រុមហ៊ុន CBL ភាគច្រើន គឺ VJ ណាណា ជាអ្នករ៉ាប់រង។

ដោយឡែកការលេចមុខជាថ្មីរបស់ខៀវ សានសាណា នៅពេលនេះ គឺនាងមិនត្រឹមតែពូកែរវោហាស័ព្ទធ្វើឲ្យម្ចាស់រថយន្ដ Audi រំភើបចង់ស្រក់ទឹកភ្នែកប៉ុណ្ណោះទេ តែពិធីការិនី Mytv រូបនេះ ក៏ប្រឹងឃោសនាឲ្យ CBL ផងដែរ ដោយនាងថា អ្នកជាវស្រាបៀរ Tiger នឹងមានឱកាសឈ្នះដំណើរកម្សាន្ដក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុន ជាមួយបទពិសោធន៍ដ៏រំភើបរីករាយ នៃការជិះស្គីទឹកកក រួមជាមួយទឹកប្រាក់ ១,៥០០ដុល្លារ ចំនួន១៥រង្វាន់ ដែលកម្មវិធីនេះចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

ខៀវ សានសាណា ថ្លែងថា “ការប្រគល់រង្វាន់ផ្ដាច់ព្រ័ត្រដល់គូស្វាមីភរិយាថ្មី១០គូ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ២០១៧ រួមមានរង្វាន់ធំរថយន្ដស៊េរីទំនើប Audi Q5 2016 ដ៏ថ្មីសន្លាង ១រង្វាន់, ទូរស័ព្ទ iphone7 ចំនួន២រង្វាន់, ទូរទស្សន៍ Smart Tv ចំនួន២រង្វាន់ និងទូទឹកកក ចំនួន៥រង្វាន់ ដែលរង្វាន់ទាំងនេះជាការចាប់ឆ្នោតនៅស្ថានីយទូរទស្សន៍ PNN កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។

ខៀវ សានសាណា បានសួរម្ចាស់រង្វាន់ធំដែលឈ្នះរថយន្ដ Audi Q5 2016 នោះ ដើម្បីឲ្យលោកបានបង្ហាញចំណាប់អារម្មណ៍ ហើយលោកឈឹម រិទ្ធី និងអ្នកស្រីអ៊ុន ណៃ ដែលជាគូស្វាមីភរិយាមហាសំណាង បានឲ្យដឹងថា ពួកគាត់ទាំង២ មានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដឹងថា ខ្លួនត្រូវរង្វាន់ធំពីស្រាបៀរថៃហ្គ័រ ហើយពួកគាត់បានបញ្ជាក់ថា ស្រាបៀរថៃហ្គ័រ ពិតជាបានប្រគល់រង្វាន់ជូនពួកគាត់ និងគូស្វាមីភរិយាទាំងអស់ដែលឈ្នះរង្វាន់ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រ ប្រាកដមែន។

គួរបញ្ជាក់ថា ខៀវ សានសាណា ជាពិធីការិនីម្នាក់ដែលត្រូវប៉ាន់ធ្វើជា MC ខ្លាំងរបស់ Agency ទាំងឡាយ ព្រោះតែនាងនិយាយបានល្អ ទាំងភាសាជាតិ និងអង់គ្លេស ហើយកម្មវិធី១ នៅ ភ្នំពេញ ស៊ីថ្លៃ៥០០ទៅ៧០០ដុល្លារ ខណៈដែលកម្មវិធីតាមបណ្ដាខេត្ត ស៊ីថ្លៃ១០០០ទៅជាង១ពាន់ដុល្លារ។ សានសាណា ធ្លាប់ប្រាប់ឲ្យដឹងថា ក្នុង១ខែ នាងអាចរកប្រាក់ចំណូលបាន១៥០០០ទៅ២០០០០ដុល្លារ។ខៀវ សានសាណា ដែលបែកបាក់ប្ដីទី១ ជាជនជាតិកាណាដា នោះ បន្សល់នូវកូន២នាក់ (ស្រី១) ហើយនាងបានរៀបការជាមួយស្វាមីទី២ ជនជាតិអូស្រ្ដាលី ជាអ្នកជំនួញទ្រព្យស្ដុក លោកសេរ៉ាល់ សាត់ធឺន (Serey Sutton) កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ តែពេលនេះនាងមិនទាន់ពពោះកូនទី៣ឡើយ។

សានសាណា បញ្ជាក់ថា ពេលនេះនាងត្រូវតែប្រឹងធ្វើការរកលុយវិញ ក្រោយបងប្រុសបានស្លាប់ដោយមិនអស់ចិត្តនោះ ហើយនាងមិនមែនមានកូនតែ២នាក់ទេ គឺពេលនេះមានកូនដល់ទៅ៤នាក់ ដែលត្រូវចិញ្ចឹមរ៉ាប់រង គឺកូននាង២នាក់ និងកូនបងប្រុសនាង ២នាក់ទៀត៕

 

RELATED ARTICLES