Friday, March 29, 2024
Homeព័ត៌មានជាតិនារីខារ៉ាអូខេមានប្រុសច្រើនរាប់មិនអស់ ត្រូវសង្សារចាក់សម្លាប់ សមត្ថកិច្ចចាប់បានឃាតករហើយ

នារីខារ៉ាអូខេមានប្រុសច្រើនរាប់មិនអស់ ត្រូវសង្សារចាក់សម្លាប់ សមត្ថកិច្ចចាប់បានឃាតករហើយ

ភ្នំពេញ ៖ ជនសង្ស័យជាឃាតករចិត្តកំណាចឃោរឃៅ ដែលកើតចិត្តប្រចណ្ឌនឹងសង្សារវ័យក្មេងជាអ្នកបម្រើការក្នុងខារ៉ាអូខេ លួចទាក់ទងប្រុសច្រើនរាប់មិនអស់ ក៏ចាក់ប្រហារបណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលនារីរងគ្រោះ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រួចព្យាយាមរត់គេចខ្លួនបាត់នោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ុយ មេសា ហៅលូ អាយុ២២ឆ្នាំ ជាអ្នកលក់អាវជជុះ ស្នាក់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ចំណែកនារីរងគ្រោះដែលត្រូវឃាតករដៃឆៅចូលចាក់សម្លាប់ដល់ក្នុងបន្ទប់ មានឈ្មោះសេក ស៊ីយ៉ា អាយុ១៦ឆ្នាំ មុខរបរជានារីបម្រើការនៅក្នុងហាងខារ៉ាអូខេ យីហោ ដឺឃ្វីន ស្នាក់នៅបន្ទប់ជួល ក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តកំពត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយកើតមានករណីឃាតកម្មដ៏ព្រៃផ្សៃខាងលើ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈាមដល់ការចាប់ខ្លួនជនសង្ស័យជាឃាតករបាន នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ខណៈដែលជនសង្ស័យបានសម្ងំលាក់ខ្លួននៅផ្ទះរបស់ខ្លួនឯខេត្តតាកែវ។ បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យ ត្រូវបានសមត្ថកិច្ចខេត្តតាកែវ បញ្ជូនមកដល់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

គួររំលឹកថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើងនៅត្រង់ចំណុចបន្ទប់ជួលលេខ១០២ ជាន់ទី១ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយនារីវ័យក្មេងជាអ្នកបម្រើការក្នុងខារ៉ាអូខេម្នាក់ ត្រូវសាច់ញាតិអះអាងថា បានទាក់ទងស្នេហាមានសង្សាររាប់មិនអស់ លុះចុងក្រោយ សង្ស័យបែកធ្លាយរឿងរ៉ាវ ត្រូវប្រុសស្នេហ៍ផ្ទុះកំហឹង ក៏ធ្វើសកម្មភាពចាក់ប្រហារដល់ក្នុងបន្ទប់ បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអធ័ម ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។

តាមប្រភពព័ត៌មានពីបុរសម្នាក់សុំមិនបញ្ចោញឈ្មោះ ស្នាក់នៅខាងមុខបន្ទប់ជួលនារីរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបន្ទប់នារីរងគ្រោះបានបិទទ្វារ តែបើកភ្លើងនៅខាងក្នុងភ្លឺចិញ្ចាច និងហាក់មានសភាពស្ងប់ស្ងាត់ខុសពីសព្វមួយដង។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែគាត់បានឮសំឡេងគោះទ្វារបន្ទប់ជួលរបស់គាត់ ដោយស្រែកហៅគាត់ឱ្យជួយ លុះពេលគាត់បើកទ្វារបន្ទប់ចេញមកក្រៅ ក៏ឃើញនារីរងគ្រោះដេកសន្លប់នៅខាងមុខបន្ទប់គាត់ ទាំងមានស្នាមរបួសនៅត្រង់ពោះ និងដៃខាងស្តាំ បន្ទាប់មកគាត់ក៏ឮសំឡេងមានមនុស្សរត់ចុះទៅក្រោមវិញ ទើបធ្វើឱ្យគាត់បានស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុតែម្តង។

 

ប្រភពដដែលបន្តថា លុះមួយសន្ទុះក្រោយមកក៏ឃើញមានយុវជនម្នាក់អាយុប្រមាណ២០ឆ្នាំ បានរត់ឡើងមក តែមិនដឹងថាត្រូវជាអ្វីនឹងនារីរងគ្រោះនោះទេ សង្ស័យជាសង្សារបានស្រែកទ្រហោយំយ៉ាងអាណោចអាធ័ម និងបាននិយាយទាំងសភាពស្លន់ស្លោថា រូបគេបាននៅជាមួយនឹងនារីរងគ្រោះពេញមួយល្ងាចមកហើយ ហើយកាលពីក្បាលព្រលប់ ឃើញនារីរងគ្រោះបាននិយាយទូរស័ព្ទជាមួយនឹងសង្សារចាស់របស់នាង ក្រោយមកនាង (នារីរងគ្រោះ) បានខឹងសង្សារចាស់យ៉ាងខ្លាំង តែមិនដឹងខឹងរឿងអ្វីទេ រួចក៏យកកាំបិតមកចាក់ខ្លួនឯងតែម្តងទៅ។  បន្ទាប់មក យុវជនរូបនោះគិតតែនិយាយសារចុះសារឡើង និងគិតតែពីស្រែកថា បាត់ទូរស័ព្ទ iPhone 6 plus មួយគ្រឿង។

ក្រោយកើតហេតុប្រជាពលរដ្ឋជិតខាង និងយុវជនដែលមកស្រែកទ្រហោយំនោះ បានដឹកនារីរងគ្រោះតាមរ៉ឺម៉កម៉ូតូបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ តែជាអកុសល ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យ នារីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះបុរសដែលបានអះអាងថា បាននៅជាមួយនឹងនារីរងគ្រោះនោះ បាននិយាយថា ទៅសងសឹក រួចក៏គេចខ្លួនចេញបាត់ស្រមោលតែម្តង។

តាមសម្តីពីបងស្រីរបស់នារីរងគ្រោះ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃពួកនាងទាំងពីរនាក់បងប្អូន គឺស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នា ប៉ុន្តែ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ នាងបានប្រាប់ប្អូនស្រី (នារីរងគ្រោះ) ថា នាងចេញទៅជប់លៀងនៅផ្ទះមិត្តភក្តិម្តុំកំបូល ហើយនារីរងគ្រោះដែលត្រូវជាប្អូនស្រីបានប្រាប់មកនាងវិញថា ថ្ងៃនេះនាងមិនទៅធ្វើការទេ។ ស្រាប់តែដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានអ្នកជិតខាងទូរស័ព្ទមកប្រាប់នាងថា ប្អូនស្រីរបស់នាង (នារីរងគ្រោះ) ត្រូវបានគេចាក់សម្លាប់ ហើយពេលនេះត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហើយ ទើបនាងស្រូតដំណើរទៅកាន់មន្ទីរពេទ្យ ដើម្បីមើលប្អូនស្រី ដឹងអី ពេលនាងទៅដល់គ្រូពេទ្យបានប្រាប់ថា ប្អូនស្រីរបស់នាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

តាមការអះអាងរបស់បងស្រីនារីរងគ្រោះ បានឱ្យដឹងថា តាមពិតប្អូនស្រីរបស់នាង (នារីរងគ្រោះ) មានសង្សារច្រើននាក់ណាស់ ទោះបីនាងជាបងស្រីស្តីថាប្រដៅយ៉ាងណា ក៏ប្អូនស្រីនេះនៅតែមិនស្តាប់ដែរ ពោលគឺចេះតែទាក់ទងស្នេហាជាមួយប្រុសនេះប្រុសនោះរាប់មិនអស់។

ទីបំផុត ឈាមស្រែកស្បែកហៅជនជាឃាតករដៃឆៅ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន និងកំពុងធ្វើការសាកសួរយកចម្លើយ មុននឹងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES