Saturday, April 20, 2024
Homeព័ត៌មានជាតិប្តីដឹកឪឡឹកទៅផ្សារ ប្រពន្ធមានផ្ទៃពោះកូនភ្លោះ៨ខែ ត្រូវគេកាប់សម្លាប់

ប្តីដឹកឪឡឹកទៅផ្សារ ប្រពន្ធមានផ្ទៃពោះកូនភ្លោះ៨ខែ ត្រូវគេកាប់សម្លាប់

ខេត្តបាត់ដំបង ៖ ស្ត្រីមានផ្ទៃពោះ កូនភ្លោះម្នាក់ រួមនិងកូនស្រីតូចអាយុ៣ឆ្នាំ កំពុងនៅចាំផ្ទះ ខណៈដែលប្តីរវល់ដឹកឪឡឹកចេញទៅលក់នៅផ្សារ ស្រាប់តែត្រូវជនដៃដល់ មិនស្គាល់មុខធ្វើសកម្មភាពកាប់ប្រហារ បណ្តាលឱ្យស្ត្រីជាម្តាយដែលកំពុងពពោះកូនភ្លោះ៨ខែស្លាប់ ទាំងម្តាយនិងកូនភ្លោះក្នុងផ្ទៃនៅនឹងកន្លែងរួចហើយ ជនជាឃាតករបានប៉ុនប៉ងវាយសម្លាប់កូនស្រីតូចម្នាក់ទៀត បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចដងកក់ ភូមិរូងអម្ពិល ឃុំខ្នាចរមាស ស្រុកបវេល។

ស្ត្រីរងគ្រោះដែលត្រូវឃាតករកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃនោះ មានឈ្មោះហួន រ៉ានី អាយុ៣០ឆ្នាំ កំពុងមានផ្ទៃពោះ៨ខែ មុខរបរធ្វើចម្ការ ចំណែកកូនស្រីដែលឃាតករវាយឱ្យរងរបួសធ្ងន់ មានឈ្មោះភាស់ ចរិយា អាយុ៣ឆ្នាំ។ ក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ មានលំនៅក្នុងភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបរវេល តែបានចេញមកធ្វើចម្ការ និងស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មិនមានសាក្សីបានឃើញហេតុការណ៍នេះទេ ប៉ុន្តែ នៅមុនពេលកើតហេតុ មានអ្នកភូមិម្នាក់បានដើរកាត់ទីនោះ រួចក៏ប្រទះឃើញសពស្ត្រីរងគ្រោះ និងឃើញកូនស្រីដេកសន្លប់ជោកជាំទៅដោយឈាមនៅក្នុងផ្ទះ ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ និងបានពិនិត្យឃើញថា ស្ត្រីរងគ្រោះបានស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងទៅហើយ ដោយឃើញមានពូថៅ១ នៅក្បែរគ្រែក្នុងផ្ទះ ដែលពោរពេញដោយឈាម។  ចំណែកក្មេងស្រីរងគ្រោះជាកូនស្រីនៅមានដង្ហើមនៅឡើយ ទើបសមត្ថកិច្ចប្រញាប់ដឹកបញ្ជូនក្មេងស្រីរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីសង្គ្រោះជីវិត។

បើតាមអ្នកភូមិ បាននិយាយថា ផ្ទះជនរងគ្រោះនៅដាច់ឆ្ងាយពីគេប្រហែលជាង៣០០ម៉ែត្រ ហើយមានចិញ្ចឹមគោ និងធ្វើស្រែចម្ការផងដែរ។ អ្នកភូមិបានបញ្ជាក់ទៀតថា នៅថ្ងៃកើតហេតុ ស្ត្រីរងគ្រោះនៅផ្ទះជាមួយកូនស្រីអាយុ៣ឆ្នាំ ចំណែកបុរសជាប្តីរវល់ដឹកឪឡឹកទៅលក់នៅផ្សារ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ពេលដែលអ្នកភូមិម្នាក់ធ្វើដំណើរកាត់មុខផ្ទះស្ត្រីរងគ្រោះ ក៏ប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ថ្មីៗ ពោរពេញទៅដោយឈាមជោក ដែលទំនងត្រូវឃាតករសម្លាប់មុនប្រទះឃើញបន្តិចប៉ុណ្ណោះ។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ស្ត្រីរងគ្រោះមានស្នាមរបួសត្រង់ក្បាលផ្នែកខាងក្រោយ ដោយសារតែជនដៃដល់មិនស្គាល់អត្តសញ្ញាណកាប់ប្រហារនឹងពូថៅ បណ្តាលឱ្យស្លាប់ទាំងម្តាយ និងកូនភ្លោះក្នុងផ្ទៃ៨ខែ នៅនឹងកន្លែងតែម្តង។ ចំណែកក្មេងស្រីរងគ្រោះជាកូនស្រី ទើបនឹងមានអាយុ៣ឆ្នាំម្នាក់ទៀត ត្រូវជនដៃដល់វាយ ប៉ងសម្លាប់ផងដែរ តែសំណាងល្អ គ្រាន់តែរងរបួសធ្ងន់។ រីឯជនដៃដល់ ក្រោយពីធ្វើសកម្មភាពរួច ក៏បានរត់គេចខ្លួនបាត់ស្រមោល។

ជុំវិញករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ថា សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបែបណានៅឡើយ ចំពោះការសម្លាប់ស្ត្រីមានផ្ទៃពោះយ៉ាងឃោរឃៅខាងលើនេះ។ ព្រោះករណីនេះជនមិនស្គាល់មុខសម្លាប់ម្តាយ ហើយព្យាយាមសម្លាប់កូនស្រីទៀត ហើយថែមទាំងប្រមូលយកលុយជនរងគ្រោះអស់ទៀត។

លោកស្នងការរង បានថ្លែងថា បើតាមមើលលើទិដ្ឋភាពជាក់ស្តែងនៃទង្វើដ៏ឃោរឃៅនេះ អាចពាក់ព័ន្ធនឹងករណី២ គឺជាឃាតកម្មផង ជាករណីប្លន់ផង ដែលអាចផ្តើមចេញពីរឿងគំនុំ ហើយជនដៃដល់អាចជាមនុស្សដែលស្គាល់ជនរងគ្រោះទៀតផង ទើបសម្លាប់ម្តាយ ហើយព្យាយាមសម្លាប់កូនស្រីទៀត។

យ៉ាងណា ពេលនេះសមត្ថកិច្ចកំពុងប្រមូលវត្ថុតាង និងស្រាវជ្រាវកំណត់អត្តសញ្ញាណជនដៃដល់ ដើម្បីស្វែងរកចាប់ខ្លួនជនជាឃាតករដៃឆៅ នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES