Thursday, April 25, 2024
Homeតារាខ្មែរគង់ វិច្ឆិកា មិនរាថយ ក្រោយរបូតតំណែងនៅហង្សមាស

គង់ វិច្ឆិកា មិនរាថយ ក្រោយរបូតតំណែងនៅហង្សមាស

តារាសម្ដែងនិងជាពិធីការិនីរូបស្រស់ត្រេមុខស្រគត់ស្រគំ កញ្ញាគង់ វិច្ឆិកា ត្រូវបានស្ថានីយទូទស្សន៍ហង្សមាស ដកតំណែងនាងជាពិធីការិនីនៅក្នុងកម្មវិធីល្បីមួយចំនួនហើយ ប៉ុន្តែនាងបានប្រកាសពីគោលជំហរថា នឹងមិនដកថយទេ ពោលគឺនាងនឹងពង្រឹងសមត្ថភាពលើជំនាញពិធីការិនី​ ដើម្បីត្រៀមចាប់ឱកាសនាពេលខាងមុខទៀត។

បន្ទាប់ពីទាញបានប្រជាប្រិយភាពលេចធ្លោនៅក្នុងសង្គមសិល្បៈ តាមរយៈការសម្ដែងភាពយន្ត និងឈុតខារ៉ាអូខេ ព្រមទាំងធ្លាប់ធ្វើពិធីការិនីនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ផងនោះ កញ្ញាគង់ វិច្ឆិកា ធ្លាប់ត្រូវបានទូរទស្សន៍ហង្សមាស ជ្រើសរើសនាងជាពិធីការិនីឲ្យកាន់កម្មវិធីមួយចំនួន ដូចជា “តំបន់យុវវ័យ” និង “តន្ត្រីពិសេស” ជាដើម។ វិច្ឆិកា លេចធ្លោមួយប្រាវនៅពេលក្លាយជាពិធីការិនី របស់ហង្សមាស ប៉ុន្តែមួយរយៈចុងក្រោយនេះ បែរជាបាត់វត្តមានរបស់នាងពីកម្មវិធីទូរទស្សន៍ដ៏ល្បីមួយនេះ។

វិច្ឆិកា បានថ្លែងឲ្យដឹងថា “នាងត្រូវបានស្ថានីយទូរទស្សន៍ហង្សមាស ផ្អាកនាងពីការងារពិធីការិនីមួយរយៈមកហើយ។ នាងថា អត់មានបញ្ហាទំនាស់អ្វីទេ ប៉ុន្តែប្រហែលជាហង្សមាស គិតថា សមត្ថភាពរបស់នាងនៅមានកម្រិតហើយមើលទៅ ទើបញ្ឈប់នាងបែបនេះ។

វិច្ឆិកា បានឲ្យដឹងដែរថា “នាងក៏សោកស្តាយដែរ ដែលត្រូវចាកចេញពីទ្រនំហង្សមាស ប៉ុន្តែនាងពុំបានខឹងសម្បាអ្វីនោះទេ ខណៈដែលនាងទទួលស្គាល់ថា សមត្ថភាពរបស់នាងនៅមានកម្រិត។ វិច្ឆិកា បន្តថា “ខ្ញុំទើបប្រឡូកក្នុងអាជីពពិធីការិនីក្នុងរយៈពេលខ្លីចឹង ខ្ញុំទទួលស្គាល់ថា នៅមានចំណុចខ្វះខាតមួយចំនួន។ ប៉ុន្តែខ្ញុំមិនរាថយទេ ពោលគឺខ្ញុំនិងពង្រឹងសមត្ថភាពលើផ្នែកនិយាយអធិប្បាយនេះបន្ថែមទៀត។ ត្បិតអីខ្ញុំស្រលាញ់អាជីពពិធីការិនីណាស់”។

វិច្ឆិកា បានបង្ហាញពីគោលជំហរថា “នាងនឹងព្យាយាមពង្រឹងជំនាញពិធីការិនីឲ្យបានល្អ ព្រោះនាងស្រលាញ់អាជីពមួយនេះ នឹងចង់ចាប់ឲ្យជាប់នាពេលខាងមុខ ខណៈដែលនាងកំពុងមមាញឹកជាមួយការសម្ដែង ទាំងការថតភាពយន្ត និងថតឈុតខារ៉ាអូខេ ជាដើម ពោលគឺនាងមិនរាថយទេ គឺនឹងចាប់យកទាំងជំនាញពិធីការិនីនិងសម្ដែង៕

RELATED ARTICLES