Friday, March 29, 2024
Homeតារាខ្មែរម៉ៃ សុគន្ធ​ ថាក្រោយរងការរិះគន់ទីផ្សារសិល្បៈកម្រើកឡើងវិញ

ម៉ៃ សុគន្ធ​ ថាក្រោយរងការរិះគន់ទីផ្សារសិល្បៈកម្រើកឡើងវិញ

ក្រោយពេលទទួលរងនូវការរិះគន់កក្រើកបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះលោកម៉ៃ សុគន្ធ បានហោះទៅសម្ដែងរកប្រាក់នៅប្រទេសអូស្ត្រាលី ជាលើកទី៣ ខណៈដែលលោកបង្ហើបថា ក្រោយរងការរិះគន់បានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនចាប់អារម្មណ៍រូបលោកកាន់តែច្រើនហើយទីផ្សារសិល្បៈរបស់លោកក៏ចាប់ផ្ដើមកំរើកឡើងវិញដែរ។

បន្ទាប់ពីស្ងប់ស្ងាត់អាជីពសិល្បៈមួយរយៈធំនាពេលចុងក្រោយនេះលោកម៉ៃ សុគន្ធ បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងនៅលើហ្វេសប៊ុកខណៈដែលលោកចូលចិត្តឈឺឆ្អាល ហ៊ាននិយាយរិះគន់ចំៗ គឺឃើញអីថានឹង។សូម្បីតែតារាសិល្បៈល្បីឈ្មោះមួយចំនួនក៏លោកហ៊ានរិះគន់មិនសំចៃមាត់ដែរដែលធ្វើឲ្យមជ្ឈដ្ឋានខ្លះមិនពេញចិត្តក៏វាយប្រហាររិះគន់រូបលោកវិញផ្អើលហ្វេសប៊ុកតែម្ដង។

មុនពេលឡើងយន្តហោះទៅសម្ដែងនៅអូស្ត្រាលីម្សិលមិញនេះលោកម៉ៃ សុគន្ធ បានថ្លែងឲ្យដឹងថា មួយរយៈនេះលោកពិតជាត្រូវមជ្ឈដ្ឋានមួយចំនួនវាយប្រហាររូបលោកលើហ្វេសប៊ុកមែនដោយសារតែរូបលោកចូលចិត្តឈឺឆ្អាលហ៊ាននិយាយអ្វីដែលការពិតឃើញអីថានឹង ដែលអាចនិយាយបានថា «សម្ដីពិតទាស់ត្រចៀក» តែយ៉ាងណាលោកអត់ខ្វល់ទេព្រោះក្រោយពេលគេរិះគន់គឺគេស្គាល់រូបលោកកាន់តែច្រើន។ជាក់ស្ដែងនៅពេលនេះលោកមានទីផ្សារចេញទៅសម្ដែងនៅក្រៅស្រុកដែលមានឱកាសទៅសម្ដែងរកប្រាក់នៅប្រទេសអូស្រ្តាលីរយៈពេល២ខែ។លោកថា ជាលើកទី៣ហើយដែលលោកចេញទៅសម្ដែងនៅអូស្ត្រាលីបន្ទាប់ពីខានទៅរយៈពេល១ឆ្នាំ ហើយទៅលើកនេះនិងត្រូវសម្ដែងជាមួយតារាសិល្បៈចំនួន៥នាក់ រួមជាមួយកញ្ញាស៊ឹម ថៃណា ផងដែរខណៈដែលគ្រោងសម្ដែងចំនួន១២សូរនៅតាមបណ្ដារដ្ឋជាច្រើននៃទឹកដីអូស្ត្រាលី។

បើទោះបីទទួលរងការរិះគន់ខ្លាំងនៅស្រុកខ្មែរលោកម៉ៃ សុគន្ធ បានបង្ហាញពីជំនឿចិត្តថា ការចេញទៅសម្ដែងនៅអូស្ត្រាលីលើកនេះនិងទទួលបានការគាំទ្រនិងជោគជ័យខ្លាំងដូចលើកមុនៗដែរ។ក៏ព្រោះតែលោកយល់ថា  បងប្អូននៅអូស្រ្តាលីបានផ្ដល់តម្លៃឲ្យតារាសិល្បៈខ្មែរគ្រប់ៗគ្នាខណៈដែលរូបលោកពុំបានធ្វើអ្វីឲ្យបងប្អូននៅទីនោះខឹងសម្បារផងនោះ។លោកថាក្រោយការរិះគន់ទីផ្សារសិល្បៈរបស់លោកកាន់តែស្ទុះឡើងហើយពេលត្រលប់មកពីអូស្ត្រាលីលោកនិងប្រឹងពង្រឹងអាជីពចម្រៀងបន្ថែមទៀត។

គួរបញ្ជាក់ថា លោកម៉ៃ សុគន្ធ បានបោះជំហ៊ានប្រឡូកសិល្បៈនៅឆ្នាំ២០០២ និងត្រូវបានគេស្គាល់តាមរយៈបទ«ផ្កាយព្រឹក្ស»ប៉ុន្តែលោកបានដកថយពីពិភពសិល្បៈរយៈពេល៥ឆ្នាំ ដោយសារតែជាប់រវល់លើកការងាររកស៊ីមួយចំនួនគឺទើបវិលមកប្រឡូកសិល្បៈជាថ្មីនៅអំឡុងឆ្នាំ២០១៥ ហើយបច្ចុប្បន្នលោកជាតារាចម្រៀងរបស់ផលិតកម្មZoom ខណៈដែលលោកត្រៀមចេញបទចម្រៀងOriginal song ជាច្រើនបទទៀតជាមួយការរំពឹងថា នឹងទទួលបានការគាំទ្រពីទស្សនិករាល់ស្នាដៃថ្មីៗរបស់លោក៕

RELATED ARTICLES