ថើបទៀតហើយ!!! ពេជ្រ ថៃ ថើបសាឡាត់ ស្រីឡាង ផ្អើលហាង

0
330

នៅក្នុងពិធីសម្ពោធហាង “ផែសមុទ្រ” សាខាទី២ នៅក្រុងតាខ្មៅ របស់កញ្ញាម៉ាក សែនសូនីតា ហៅតូតា នៅថ្ងៃទី១៥ ខែធ្នូ កញ្ញាតូតា បានអញ្ជើញតារាចម្រៀងប្រុស២រូប ដើម្បីច្រៀងបង្កើតបរិយាកាសឲ្យកាន់តែសប្បាយរីករាយ មាននាយចឺម និងកុមារពេជ្រ ថៃ ហើយអ្វីដែលធ្វើឲ្យភ្ញៀវកិត្តិយសកាន់តែភ្ញាក់ផ្អើល និងស្ទើរមិនគួរឲ្យជឿនោះ ពេជ្រ ថៃ បាននិយាយភាសាស្នេហាផ្ដោះផ្ដងសុំថើបកញ្ញាសាឡាត់ ស្រីឡាង ប្រៀបដូចមនុស្សពេញវ័យដែលនាំឲ្យផ្ទុះសំណើចកក្រើកហាងតែម្ដង។

នៅក្នុងពិធីសម្ពោធហាង “ផែសមុទ្រ” របស់តូតា កុមារពេជ្រ ថៃ បានលើកយកបទចម្រៀងមួយចំនួន មកច្រៀងដើម្បីកំដរអារម្មណ៍ភ្ញៀវកិត្តិយសដែលចូលរួមយ៉ាងច្រើនកុះករនោះ ដូចជាបទ “រំដួលពោធិ៍សាត់” , “លង់ហើយ”, “ចាំបងមានសិន” , “ម៉ាស៊ីស៊េរីថ្មី” និងបទ “ស្ដាយស្នេហ៍អភ័ព្វ” ជាដើម ដែលធ្វើឲ្យភ្ញៀវកិត្តិយសជាច្រើនពេញចិត្តចំពោះពេជ្រ ថៃ ជាខ្លាំង ខណៈដែលតារាចម្រៀងល្បីឈ្មោះទាំងវ័យក្មេងរូបនេះ ចេះនិយាយកំប្លែងដូចតារាកំប្លែងអាជីពផងនោះ។

អ្វីដែលធ្វើឲ្យភ្ញៀវកិត្តិយសផ្ទុះសំណើច និងស្ទើរមិនគួរឲ្យជឿទៀតនោះ ពេជ្រ ថៃ ដែលទើបមានវ័យ១៣ឆ្នាំ បាននិយាយផ្ដោះផ្ដងភាសាស្នេហាសុំថើបស្រីស្អាតសាឡាត់ ស្រីឡាង នៅមុខទស្សនិកជនយ៉ាងច្រើនកុះករ ហើយថែមទាំងឲ្យស្រីឡាង ថើបរូបគេវិញទៀតផង។

ទស្សនិកជនជាច្រើនបានសរសើរពេជ្រ ថៃ មិនដាច់ពីមាត់ ដែលចេះនិយាយកំប្លុកកំប្លែងដោយគ្មានការភិតភ័យ និងសរសើរថា ជាក្មេងឆ្លាត ដែលក្មេងជាច្រើនមិនអាចធ្វើបានដូចរូបគេ។ សូម្បីតែសាឡាត់ ស្រីឡាង ដែលត្រូវបានពេជ្រ ថៃ សុំថើបក៏លេងសំដីមិនឈ្នះពេជ្រ ថៃ ដែរ។

គួរបញ្ជាក់ថា ក្រោយជាប់ពាន “The Voice Kids Cambodia” ទទួលបានទឹកប្រាក់ជាង៣ម៉ឺនដុល្លារ ពេជ្រ ថៃ មានឱកាសចេញរកប្រាក់តាមកម្មវិធីជាច្រើន ដើម្បីជួយគ្រួសារបន្ថែមទៀត ទាំងកម្មវិធីប្រគំតន្ត្រីធំៗ និងតាមកម្មវិធីជប់លៀងផ្សេងៗ ជាដើម ពោលគឺត្រឹមអាយុ១៣ឆ្នាំសោះ ពេជ្រ ថៃ អាចរកប្រាក់បានខ្ទង់ម៉ឺនដុល្លារទៅហើយ៕