Saturday, April 20, 2024
Homeព័ត៌មានជាតិកូនប្រសាក្រពេក ម៉ែក្មេកខ្ចីលុយគេមករៀបការ

កូនប្រសាក្រពេក ម៉ែក្មេកខ្ចីលុយគេមករៀបការ

សុភាសិតខ្មែរ ១ឃ្លាថា “ក្រៗចុះ កុំ តែក្រ” មានន័យថា ទោះជាជីវភាពក្រីក្រ យ៉ាងណា ក៏ចិត្តមិនក្រទេ ឬពេលឃើញកូនប្រសាក្រពេក ម៉ែក្មេកសុខចិត្តជំពាក់ បំណុលគេជំនួសកូនប្រសា។ ជាក់ស្តែង យុវជនម្នាក់នេះ គ្មានលុយថ្លៃបណ្ណាការ ជូនខាងស្រីទេ លុះជិតដល់ថ្ងៃរៀបការ ម៉ែក្មេករត់ខ្វែងជើងខ្វែងដៃខ្ចីលុយគេ និង ជឿបណ្តាក់ទំនិញគេ ធ្វើយ៉ាងណាឱ្យតែ បានរៀបការកូនតាមប្រពៃណី ទោះក្លាយជាខ្ញុំគេ ក៏ម៉ែក្មេកសុខចិត្តទទួល…។

លោកលី សុខម៉េង អាយុ២៤ឆ្នាំ សព្វថ្ងៃ មករស់នៅស្រុក កំណើតខាងប្រពន្ធ នាភូមិសូប៉េង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត បានរៀបរាប់ថា លោកជាកូនទី៤ ក្នុងចំណោម បងប្អូន៥នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះឡេង ចន្ធី អាយុ ៥៤ឆ្នាំ ស្រុកកំណើតនៅខេត្តព្រៃវែង។ លោកចូលរៀន បានត្រឹមថ្នាក់ទី១១ ក៏ឈប់ទៅ ដោយងាកទៅរៀនមុខ ជំនាញជួសជុលទូរស័ព្ទវិញ និងបានចេញទៅរកស៊ី នៅភ្នំពេញ។ ថ្ងៃមួយ លោកកំពុងជួសជុលទូរស័ព្ទ នៅក្នុង ផ្សារពោធិ៍ចិនតុង ស្រាប់តែមាននារីម្នាក់ឈ្មោះភេន ហាក់ អាយុ២១ឆ្នាំ បនាយកទូរស័ព្ទរបស់នាងទៅជួសជុល។ ពេលនោះ លោកក៏បានសាកសួរពីប្រវត្តិរបស់នាង និងបានដឹងថា នាងជាកម្មការិនីធ្វើការឱ្យក្រុមហ៊ុន អ៊ិនធើរណេត មួយនៅតាមផ្លូវកោសដូង មិនឆ្ងាយពី បន្ទប់ជួលរបស់លោក។ គ្រាន់តែបានជួបភក្ត្រ័ជំពាក់ ចិត្តភ្លាម ទើបតាំងពីពេលនោះមក លោកនិងនាងក៏ មានទំនាក់ទំនងគ្នាមក តាមទូរស័ព្ទពី១ថ្ងៃទៅ១ថ្ងៃ រហូតស្គាល់ចិត្តថ្លើមគ្នាច្បាស់។

លោកលី សុខម៉េង និងនាងភេន ហាក់ (កាលថ្ងៃរៀបការ)

លោកលី សុខម៉េង បន្តទៀតថា ឱ្យតែមានពេល ទំនេរម្តងៗ លោកតែងទៅសួរសុខទុក្ខនាងដល់ផ្ទះជួល ជួនកាលក៏ដឹកគ្នាដើរកម្សាន្តតាមមាត់ទន្លេ ឡើងផ្សារទំនើប បង្កអនុស្សាវរីយ៍ជាមួយគ្នា មិនអាចបំភ្លចបាន ប៉ុន្តែលោកគោរពប្រពៃណីខ្មែរយ៉ាងខ្ជាប់ខ្ជួន មិនហ៊ាន បំពានរាងកាយសង្សារនោះទេ។ បន្ទាប់មក លោកក៏ ពឹងចាស់ទុំឱ្យចូលស្តីដណ្តឹងនាងតាមទំនៀម ដោយ មេបាខាងស្រី បង្គាប់យកថ្លៃផ្ទះចំនួន១៥០០ដុល្លារ និងត្រៀមរៀបការនៅពេលរកលុយបាន។ ដោយ ហេតុថា គ្រួសារខាងស្រីក្រពេក ទើបបងប្អូនសាច់ញាតិរបស់លោក ក៏ដូចម្តាយមិនចង់ឱ្យយកប្រពន្ធក្រ នោះទេ តែពួកគាត់ក៏មិនបំបែកអ្វីដែរ គ្រាន់តែសម្តែង ការមិនពេញចិត្តប៉ុណ្ណោះ។ លុះថ្ងៃរៀបការជិតចូល មកដល់ លោករកលុយ១៥០០ដុល្លារ មិនបានទេ សង្ឃឹមម្តាយក៏គ្មាន បងប្អូនក៏អត់ ចំណែកមុខរបរ ជួសជុលទូរស័ព្ទ គ្រាន់តែរស់មួយថ្ងៃៗប៉ុណ្ណោះ។ លុះ សង្សារទូរស័ព្ទហៅឱ្យមករៀបការ ទើបលោកចេញ

ដំណើរមកទាំងក្រៀមក្រំ ដោយគ្មានបងប្អូន ឬអ្នក ម្តាយមកជាមួយទេ ព្រោះពួកគាត់មិនចង់ឱ្យរៀបការ។ លោកមានតែ៣០០ដុល្លារ ប៉ុណ្ណោះ ក៏លុតជង្គង់លើក ជូនម៉ែក្មេក ដោយសំពះគាត់ថា មានតែប៉ុណ្ណឹង មិនដឹង ទៅរកឯណាបានទៀតទេ បើម៉ែរៀបការឱ្យ ក៏រៀបទៅតែបើមិនព្រម មានតែបែកគ្នា។ ពេលនោះ ម៉ែក្មេកក៏ ព្រមទទួលទាំងទឹកភ្នែក និងចាត់ចែងរៀបការតាម ប្រពៃណី លុះផ្សំដំណេកបាន១០ថ្ងៃ ប្រពន្ធក៏សុំចេញ ទៅធ្វើការវិញ ដើម្បីរកលុយសងគេ ឯរូបលោកនឹងចេញទៅតាម ក្រោយ ដោយនៅជម្រះបញ្ជីជាមួយម្ចាស់បំណុលសិន។
អ្នកស្រីជិន ហឺយ អាយុ៤១ឆ្នាំ ជាម្តាយក្មេក បានឱ្យដឹង ថា គាត់បង្គាប់ថ្លៃបណ្ណាការថោកណាស់ ត្រឹម១៥០០ដុល្លារ ប៉ុណ្ណោះ តែកូនប្រសារកមិនបាន ព្រោះអ្នកដន្លងនិងបងប្អូនខាងប្រុសមិនពេញ ចិត្តកូនស្រីគាត់។ ទោះយ៉ាងណាក៏សេចក្តីស្នេហា ពួកគេស្មោះត្រង់នឹងគ្នាណាស់ គាត់សម្រេចចិត្តរៀបការឱ្យទាល់តែបាន ដោយគាត់និងប្តីបានទៅខ្ចីលុយគេខ្លះ ហើយសូម្បីទិញមាន់ទា ចុងភៅ ភ្លេងភ្លាត់ ផ្នួង ធុងបាស់ សុទ្ធតែជឿបណ្តាក់គេ ទាំងអស់ ដោយសង្ឃឹមលុយ១៥០០ដុល្លារ និងចំណងដៃ អាចយកទៅសងគេបាន។

លោកលី សុខម៉េង

អ្នកស្រីជាម្តាយ បន្តទាំងក្តុកក្តួលថា ពេលរៀបការត្រូវនឹងថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០១៧ តែនៅល្ងាចថ្ងៃចូលរោង ទើបឃើញកូនប្រសាមកតែម្នាក់ឯងគត់ ហើយយកលុយ៣០០ដុល្លារ ជូនគាត់ ដោយសំពះ អង្វរថា គេរកបានតែប៉ុណ្ណឹងទេ ដែលលុយនេះ គេខ្ចីពី បងប្អូន និងលុយខ្លួនឯងខ្លះ។ ពេលកូនប្រសាអង្វរ បែបនេះ គាត់ស្រក់ទឹកភ្នែកតក់ៗ ហើយក៏យល់ព្រម ទទួលលុយនោះទៅ។ ទោះយ៉ាងណា ក៏គាត់និងប្តី បានជំរុញពិធីរៀបមង្គលការ រហូតចប់ចុងចប់ដើម និងទទួលស្គាល់ថា កូនទាំងពីរស្រលាញ់គ្នាណាស់ ទាស់ត្រង់ក្ររកលុយរៀបការមិនបាន ទុកឱ្យគាត់ ជំពាក់គេវ័ណ្ឌក។


លោកង៉ែត ធូ អាយុ៤៥ឆ្នាំ ជាឪពុកក្មេក បានឱ្យ ដឹងថា ប្តីប្រពន្ធគាត់បានដើរខ្ចីបុលគេយកមកគិតគូរ រៀបការកូន ដោយសារតែគោរពប្រពៃណីខ្មែរ។ ថ្ងៃ រៀបការនោះ អ្នកស្រុកដែលដឹងការពិតបានចងដៃ ច្រើនជាងរោងឯទៀត ធ្វើឱ្យពួកគាត់ប្រមូលបានចំណងដៃ ទូទាត់សងគេជិតរួចហើយ។ ដោយនៅសល់ បំណុលខ្លះ កូនស្រីក៏លាប្តីទៅមុន ដើម្បីចូលធ្វើការ នៅកន្លែងដដែល ឯកូនប្រសានឹងទៅតាមក្រោយ បន្ទាប់ពីជួយចុះកិច្ចសន្យាសងបំណុលគេរួចមក។

អ្នកស្រីសៅ សុខុម

អ្នកស្រីសៅ សុខុម អាយុ៥៤ឆ្នាំ អ្នកស្រីកង សារិន អាយុ៥៣ឆ្នាំ ជាអ្នកភូមិបានឱ្យដឹងស្របគ្នាថា ពួកគាត់អាណិតអាសូរក្មេងៗទាំងពីរនេះណាស់ ដែលស្រលាញ់គ្នាស្មោះ តែជួបភាពក្រីក្រ។ មានអ្នកខ្លះ កាលបើជួបឧបសគ្គរកលុយរៀបការមិនបាន ក៏ យកគ្នាអត់ខាន់ស្លា ឃើញថាអន់ជាងគូស្វាមីភរិយា ថ្មីនេះឆ្ងាយណាស់។

អ្នកស្រីជិន ហឺយ

គួរបញ្ជាក់ថា រឿងជីវិតខាងលើនេះ ចាត់ទុកជា គំរូដ៏ល្អបំផុត សម្រាប់យុវវ័យទាំងឡាយ មើលឃើញ និងយកតម្រាប់តាម។ ទោះជាក្រយ៉ាងណា ក៏ត្រូវតែ កុំបំភ្លេចប្រពៃណីទំនៀមទម្លាប់ខ្មែរ ដោយដឹកដៃគ្នា ចូលរោងការឱ្យខាងតែបាន។ ចំណែក ឪពុកម្តាយ ខាងស្រី ក៏មានសកម្មភាពល្អគួរយកជាគំរូដែរ ដោយ ពួកគាត់សុខចិត្តជំពាក់

អ្នកស្រីកង សារិន

បំណុលគេ តែមិនលះបង់ ប្រពៃណីខ្មែរ។ ផ្ទុយទៅវិញ សាច់ញាតិខាងប្រុស ដែលមិនបានមកចូលរួមមង្គលការនេះ ឬថា មើល ឃើញតែប្រាក់នោះ គួរពិចារណាឡើងវិញ ព្រោះសេចក្តីស្នេហាមិនរើសគម្លាតអាយុ វណ្ណៈ ឬពណ៌សម្បុរ ជាតិសាសន៍អ្វីទេ។ ហេតុនេះគួរតែគូស្វាមីភរិយា ថ្មោងថ្មីខំរកលុយសងគេឱ្យរួច កុំឱ្យរងទុក្ខដល់ឪពុក ម្តាយ និងរក្សាភក្តីស្នេហ៍ឱ្យនៅគង់វង្ស នឹងទទួលបាន ភ័ព្វសំណាងល្អនាអនាគតមិនខានឡើយ…”៕

RELATED ARTICLES