Thursday, March 28, 2024
Homeព័ត៌មានជាតិប្តីងាប់សរសៃ ប្រពន្ធនាំកូនរត់ចោល

ប្តីងាប់សរសៃ ប្រពន្ធនាំកូនរត់ចោល

ប្តីប្រពន្ធ មួយចំនួនស្រលាញ់គ្នាក្នុងគ្រា មានសុខភាពល្អ អាចប្រកបការងារថ្ងៃ និងយប់ព្រលប់បាន លុះភាគីម្ខាងធ្លាក់ខ្លួនឈឺ ពិកល្យពិការ ងាប់ប្រដាប់ភេទ ច្បាស់ជាបោលចោលមិនខាន។ ជាក់ស្តែង ដូចជាករណីប្តីប្រពន្ធ មួយគូនេះ មុនដំបូងស្រលាញ់ល្អូកល្អិននឹងគ្នាណាស់ ប៉ុន្តែក្រោយពីប្តីងាប់សរសៃអាអូនតូច និងកើត ជំងឺថ្លើម ចេះតែផឹកស្រាខ្លាំងឡើង មិនអាចឡើង  ប្រយុទ្ធក្នុងសមរភូមិកាមគុណ ផ្កល់សេចក្តីសុខ លើគ្រែឱ្យប្រពន្ធបាន ស្រាប់តែប្រពន្ធឃ្នើស ចិត្តនាំកូនរត់ចោល គ្មានស្រណោះ…។

អ្នកស្រីនាង ធឿន អាយុ៤១ឆ្នាំ រស់នៅភូមិត្រាំគល់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បានរៀបរាប់ឱ្យដឹងថា គាត់មានបងប្អូនចំនួន៧នាក់ (ប្រុស៥ ស្រី២) ដែល​ឪពុកម្តាយឈឺស្លាប់អស់រយៈពេលច្រើនឆ្នាំមកហើយ។ ក្នុងចំណោមបងប្អូនគាត់ទាំងអស់មានប្អូនប្រុសម្នាក់​ឈ្មោះនាង ហ៊ីម សព្វថ្ងៃ អាយុ៣៨ឆ្នាំ មានប្រពន្ធឈ្មោះយឹម ផា អាយុ៣២ឆ្នាំ ដែលប្តីប្រពន្ធ ពួកគេរួមរស់ជាមួយគ្នាបង្កើតបានកូនចំនួន៤នាក់ (ប្រុស១ ស្រី៣) ជាចំណងនិស្ស័យស្នេហ៍ ដោយចាប់របរធ្វើស្រែចម្ការចិញ្ចឹមជីវិត។ ហើយឆ្លៀតពេលទំនេរ ប្អូនប្រុសរបស់គាត់តែងដើរស្កាត់ធ្វើការសំណង់យកប្រាក់កៃម្រមក ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ចំណែកប្អូនថ្លៃជាប្រពន្ធវិញ ធ្វើការងាររោងចក្រយក​ប្រាក់កម្រៃមកផ្សែផ្សំគ្នា ដែលកាលនោះធ្វើឱ្យជីវភាពរបស់ប្តីប្រពន្ធ ប្អូនប្រុសមួយគូនេះធូរធារ រស់នៅបានសមរម្យនឹងគេនៅក្នុងស្រុកភូមិម្នាក់ដែរ។

លោកនាង ហ៊ីម

ស្ត្រីជាបងរូបនេះបន្តថា កាលដើមឡើយ ប្តីប្រពន្ធប្អូនមួយគូនេះ រស់នៅស្រលាញ់ល្អូកល្អិនប្តូរផ្តាច់នឹងគ្នាណាស់ មិនដែលមានគំនិតបែកឆ្វេង នឹងគ្នាម្តងណាឡើយ ប៉ុន្តែក្រោយពីប្អូនប្រុសរបស់គាត់ទៅធ្វើការសំណង់ នៅទីក្រុងភ្នំពេញ និងបានជួបគ្រោះថ្នាក់ធ្លាក់ពីលើពិតានព្រះវិហារ បណ្តាល ឱ្យរងរបួសធ្ងន់ ដាច់សរសៃលិង្គ មិនអាចប្រតិបត្តិការផ្តល់សេចក្តីសុខយប់ ព្រលប់ឱ្យប្រពន្ធបាន ស្រាប់តែប្អូនថ្លៃស្រីរបស់គាត់ប្រែប្រួលចិត្ត រហូតនាំកូន ចុះចេញពីផ្ទះ រត់ចោលប្តីតែម្តង។

អ្នកស្រីនាង ធឿន បន្តឱ្យដឹងទៀតថា ពេលប្អូនប្រុសគាត់ធ្លាក់ខ្លួនឈឺ ដំបូង ប្រពន្ធមិនទាន់បោះបង់ប្តីចោលទេ ដោយខិតខំនាំប្តីដើររកគ្រូពេទ្យ ព្យាបាលឱ្យតត្រុក ប៉ុន្តែក្រោយពីប្អូនប្រុសរបស់គាត់មានជំងឺថ្លើមមួយ ប្រភេទបន្ថែមទៀត ដឹងថាគ្មានសង្ឃឹមព្យាបាលបានជាសះស្បើយ ស្រាប់តែ ធ្វើឱ្យប្អូនថ្លៃរបស់គាត់លែងស្មោះស្ម័គ្រជាមួយប្តី ដោយបាននាំកូនរត់ទៅ រស់នៅជាមួយម្តាយបង្កើតរបស់នាងវិញបាត់ទៅ ទុកឱ្យប្អូនប្រុសរបស់គាត់ នៅតែម្នាក់ឯង កណ្តោចកណ្តែងក្នុងវាលវដ្តសង្សារមកដល់សព្វថ្ងៃ ដែល មានរយៈពេលជិត២ឆ្នាំមកហើយ។

នាងយឹម ផា និងកូនៗ

នាងយឹម ផា អាយុ៣២ឆ្នាំ ជាប្អូនថ្លៃ និងជាប្រពន្ធរបស់លោកនាង ហ៊ីម បានឱ្យដឹងថា តាមពិតទៅ ក្នុងចិត្តរបស់នាងស្រលាញ់ប្តីណាស់ ព្រោះរួមរស់ជាមួយគ្នាបានមួយរយៈប៉ុណ្ណោះ បង្កើតបានកូនទាំង ហ្វូង និងមានអនុស្សាវរីយ៍ជាមួយគ្នាច្រើនណាស់។ តែយ៉ាងណាក៏នាងអះអាងថា ទោះបីជាប្តីជួបគ្រោះថ្នាក់ដាច់សរសៃអាអូនតូច ងាប់ស្តូកមិនអាចប្រតិបត្តិការលើគ្រែផ្តល់សេចក្តីសុខយប់ព្រលប់ឱ្យប្រពន្ធ បាន ក៏នាងនៅតែមានចិត្តស្រលាញ់ឥតប្រួលប្រែ ដោយបាននាំប្តីទៅព្យាបាលជាបន្តបន្ទាប់ សង្ឃឹមថា អាចកែកុនអាអូនតូចរបស់ប្តីបានឡើងវិញ តែមិនទទួលបានលទ្ធផលវិជ្ជមានទេ ថែមទាំងប្តីមានជំងឺថ្លើម មួយមុខបន្ថែមទៀត និងត្រូវក្រុមគ្រូពេទ្យណែនាំមិនឱ្យប្តីផឹកស្រាទេ ទើបមានសង្ឃឹមជាសះស្បើយ ប៉ុន្តែប្តីនាងមិនព្រមស្តាប់សោះ ដោយផឹកស្រារហូតញៀនញ៉ាមអត់ស្រាមិនបាន។ ប្តីផឹកឡើងក្លាយជា មនុស្សប្រមឹកស្រា-សប្រចាំភូមិ ព្រមទាំងចេញរោគសញ្ញាថ្លើមពេញខ្លួនប្រាណ ពេញមុខមាត់ទៀតផង ធ្វើឱ្យនាងហួសចិត្តនិយាយប្តីមិនចេះស្តាប់។ ម៉្យាងទៀត ដោយខ្លាចឆ្លងរោគពីប្តីផង នាងក៏សម្រេចចិត្ត ឱបបង្វេចដឹកដៃកូនចុះចេញពីផ្ទះ រត់ចោលប្តី ទៅរស់នៅជាមួយម្តាយបង្កើតវិញម្តង ប៉ុន្តែមិនមាន ន័យថា នាងរត់ចោលប្តី ព្រោះតែមានប្រុសថ្មីទេ តែមកពីរួមរស់ជាមួយប្តីលែងបានតទៅទៀត។

ស្ត្រីជាប្រពន្ធរូបនេះបញ្ជាក់ថា កាលពីនាងចែកផ្លូវជាមួយប្តីដំបូង ប្តីទាមទារចែកកូនស្មើ គ្នាយកទៅចិញ្ចឹមដែរ ប៉ុន្តែកូនទាំងនោះមិនហ៊ានរស់ជាមួយប្តីរបស់នាងឡើយ ដោយពួកគេនាំ គ្នាមករស់នៅជាមួយនាងជាម្តាយទាំងអស់គ្នា ព្រោះតែពួកគេខ្លាចឆ្លងជំងឺថ្លើមពីឪពុក។

អ្នកស្រីមាន ថេន

អ្នកស្រីមាន ថេន អាយុ៤៥ឆ្នាំ ជាម្តាយមីង បានឱ្យដឹងថា នាងយឹម ផា រត់ចោលប្តីពិតមែន ប៉ុន្តែប្តីប្រពន្ធពួកគេមិនទាន់ផ្តិតមេដៃលែងលះគ្នា តាមផ្លូវច្បាប់ដាច់ស្រេចនៅឡើយទេ។ ពោលគឺ នៅថ្ងៃខាងមុខ បើអ្នកទាំងពីរនៅមាននិស្ស័យស្នេហ៍​ជាប្តីប្រពន្ធតទៅទៀត ដោយមិនដាច់ចិត្ត រស់នៅឆ្ងាយពីគ្នា អាចទៅរស់នៅជាមួយគ្នាបានវិញ គ្មានអ្នកណាហាមឃាត់ទេ។ ម៉្យាងទៀតចាប់ តាំងពីពួកគេបែកគ្នាមក មិនទាន់មានភាគីណាមួយ មានដៃគូស្នេហាថ្មីនៅឡើយទេ ទើបគាត់ជឿជាក់ថា មូលហេតុដែលនាងយឹម ផា រត់ចោលផ្ទះ មិនមែន មក ពីប្តីដាច់សរសៃអាអូនតូចមិនអាចបំពេញ​​​សេចក្តីសុខ យប់ព្រលប់ឱ្យប្រពន្ធបាននោះទេ គឺមកពីបុរស ជាប្តីមានជំងឺប្រចាំកាយ និងញៀនស្រាអត់មិនបាន ធ្វើឱ្យប្រពន្ធឆ្អែតចិត្ត ព្រោះនិយាយហាមប្រាមមិនស្តាប់ ក៏សុខចិត្តជ្រើសរើសផ្លូវដើរបែកគ្នាតែម្តង។

អ្នកស្រីនាង ធឿន

រីឯអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា កាលពីដំបូង ប្តីប្រពន្ធនាងយឹម ផា ស្រលាញ់គ្នា យ៉ាងស្អិតល្មួត មិនសូវដែលឃើញឈ្លោះប្រកែកគ្នា ម្តងណាឡើយ ព្រោះពេលនោះ បុរសជាប្តីមិនទាន់ ស្រលាញ់ដបស្រាដូចពេលនេះដែរ ឃើញតែខំប្រឹង ធ្វើការរកប្រាក់ឱ្យតត្រុកចិញ្ចឹមប្រពន្ធកូន។ តែក្រោយពី លោកនាង ហ៊ីម ជាប្តីជួបគ្រោះថ្នាក់ធ្លាក់លើពិតានព្រះវិហារ បណ្តាលឱ្យដាច់សរសៃអាអូនតូច ប្រតិបត្តិការការងារយប់ព្រលប់ផ្តល់សេចក្តីសុខឱ្យប្រពន្ធលែងបាន ស្រាប់តែបែកគំនិតយកស្រាធ្វើជាត្រីមុខ ផឹករហូត ធ្លាក់ខ្លួនមានជំងឺថ្លើមមួយមុខបន្ថែមទៀត ធ្វើឱ្យស្ត្រី ជាប្រពន្ធទាល់តម្រិះអូសទាញប្តីឱ្យបោះបង់ដបស្រា លែងបាន ក៏នាំកូនបោលចោលប្តីតែម្តង។ ហើយពេល នេះ ប្រសិនលោកនាង ហ៊ីម មិនព្រមគ្រវាត់ដបស្រា ចោលទេ ប្រហែលជាប្រពន្ធកូនគ្មានថ្ងៃត្រឡប់មករស់ នៅជួបជុំវិញទេ ចំណែកអាការជំងឺ ក៏អាចវិវឌ្ឍន៍ធ្ងន់ធ្ងរ ទៅៗ គ្មានសង្ឃឹមបានជាសះស្បើយឡើយ…”៕

RELATED ARTICLES