Thursday, April 25, 2024
Homeព័ត៌មានជាតិបានប្តី៤មិនស្កាំផ្ទៃ សំពះអង្វរប្តីយកទី៥

បានប្តី៤មិនស្កាំផ្ទៃ សំពះអង្វរប្តីយកទី៥

ស្ត្រីម្នាក់នេះ ប្រើប្តីចុះ ដូចសម្លៀកបំពាក់ ដោយដូរបន្តកន្ទុយគ្នា ឱ្យរដឹកត្រឹមរយៈពេល១០ឆ្នាំ សោះ នាងរកបានប្តី៤នាក់ ទៅហើយ។ ឥឡូវស្រាប់តែមាន ទំនាស់រកាំរកូសរង្គោះរង្គើ ស្នេហ៍ជាមួយប្តីទី៤ នេះទៀត ក៏សំពះអង្វរផង ឈ្លោះ ប្រកែកផង សុំយកប្តីទី៥ ទៀត តែប្តីសព្វថ្ងៃមិន ព្រមលែង ព្រោះតែ អាណិតកូន…។

នាងកើត ចន្ធូ អាយុ៣០ឆ្នាំ រស់នៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ប្រាប់ អ្នកយកព័ត៌មានយើងថា នាងនៅតែម្តាយឈ្មោះឌួង សាន អាយុ៤៩ឆ្នាំ ឪពុកស្លាប់ ជាកូនទោលក្នុងគ្រួសារ។ ដោយហេតុជាកូនទោលបែបនេះហើយ ទើបរូបនាងត្រូវឪពុកម្តាយថ្នមជំនួយតាំងពីតូច ចង់បានអីបានហ្នឹង ធ្វើឱ្យចរិតនាងចង់តែ បានមិនឈប់ឈរ។ នាងរៀនសូត្របានតិចតួចណាស់ លុះអាយុបាន១៧ឆ្នាំ ម្តាយបានបង្ខំនាងឱ្យរៀបការជាមួយកំលោះ ម្នាក់ឈ្មោះជឹម ម៉ែន រស់នៅភូមិជាមួយគ្នា ប៉ុន្តែនាងមិនស្រលាញ់ប្តីនោះទេ ទើបមិនព្រមផ្សំដំណេករហូតប្តីទ្រាំឈឺចាប់មិន បានក៏សុំចែកផ្លូវគ្នាដើររៀងខ្លួន។ កាលនោះនាងនៅក្មេងកំពុងពេញសប្បាយ ទោះជាកាយនៅក្រមុំក៏មានឈ្មោះថា មេម៉ាយចំណាយ មាត់ប្រុសធ្វើឱ្យនាងឈឺចិត្តចង់យកឈ្នះគេ ក៏សម្រេចចិត្តសែនព្រេនយកប្តីទី២ទៀតទៅ។ ប្តីទី២នោះ ជាបុរសពោះម៉ាយ ឈ្មោះសោម លាង អាយុបងនាង៨ឆ្នាំ ដោយរួមរស់ជាមួយគ្នា បង្កើតបានកូន៤នាក់ ប៉ុន្តែជាអកុសលប្តីនេះ មាន ជំងឺធ្ងន់ស្លាប់ចោលនាងបាត់ទៅ។ មរណភាពរបស់ ប្តីផ្តើមឡើងដោយសារគេទៅកាប់ដើមត្នោតអ្នកតា មកសង់ផ្ទះក៏ស្រាប់តែចុកពោះប្រកាច់ប្រកិនត្រឹមតែ ១យប់ប៉ុណ្ណោះ ក៏ស្លាប់ទៅដែលអ្នកស្រុកជឿថា មកពីអ្នកតាកាច់។

លោកឌិន ម៉ៅ (ប្តីទី៤)

នាងកើត ចន្ធូ បន្តទៀតថា ប្តីទី២នោះជាមនុស្ស ល្អណាស់ គាត់ថ្នាក់ថ្នមនាង ធានារកស៊ីចិញ្ចឹម មិនដែល ឱ្យប្រពន្ធនឿយហត់ឡើយ សូម្បីតែការងារយប់ព្រលប់ ក៏ប្តីបម្រើនាងស្កប់ស្កល់ រហូតមានផ្ទៃពោះជាបន្តបន្ទាប់។ ក្រោយមកដោយអផ្សុកពេក នាងក៏សម្រេច ចិត្តសែនព្រេនយកប្តីទី៣ ជាកំលោះស្ទាវម្នាក់ឈ្មោះ ចាន់ អាយុប្អូននាងដល់ទៅ៥ឆ្នាំឯណោះ។ ប្តីនេះ រួមរស់ជាមួយនាងបានតែមួយរយៈខ្លីប៉ុណ្ណោះ ព្រោះតែ រឿងខ្ជិលច្រអូសមិនចេះធ្វើការរកស៊ីទៀងត្រង់ដូច គេទេ បែរជាចាប់មុខរបរដើរលួចមាន់ទា ឬទ្រព្យ របស់អ្នកភូមិយកទៅលក់បានលុយស៊ីផឹកជាមួយ មិត្តភក្តិបនភឿន លុះមកដល់ផ្ទះបង្ខំនាងរួមរ័ក។ ដោយ ខ្លាចពាក់ព័ន្ធនឹងទោសទណ្ឌទទួលផលចោរកម្ម ទើប នាងសម្រេចដេញក្បាលប្តីនេះចោលអត់អាល័យ ព្រោះទុកក៏មិនចំណេញ ដេញចេញក៏មិនខាត។

នាងកើត ចន្ធូ សំពះអង្វរប្តី

នាងចន្ធូ បន្តរឿងជីវិតដោយមិនលាក់លៀមថា ក្រោយមកដោយចង់យកឈ្នះប្រុស នាងក៏សម្រេច ចិត្តសែនយកប្តីទី៤ ឈ្មោះឌិន ម៉ៅ សព្វថ្ងៃអាយុ៣៩ ឆ្នាំ ជាពោះម៉ាយប្រពន្ធស្លាប់ចោល ស្រុកកំណើតនៅ ភូមិពើក ឃុំកំពង់ពុទ្រា ស្រុកជាមួយគ្នា ដោយរួមរស់ បង្កើតបានកូនប្រុសម្នាក់ អាយុទើបបានជាង៨ខែ។ ប្តីទី៤នេះ កម្មធ្ងន់ជាងគេ ត្រង់ពូកែប្រចណ្ឌ ចូលចិត្តប្រើ អំពើហិង្សាតែងវាយដំច្រំធាក់នាងជារឿយៗ ហើយ នាងក៏ធ្លាប់ប្តឹងលែងប្តីនេះម្តងដែរ កាលពីនៅពោះធំ តែគេមុខក្រាស់អង្វរសុំជានាគ្នាវិញ ទើបនាងយល់ ព្រមទាំងទើសទាល់ក្រែងគេកែគំនិត ដឹងអី! គេនៅ តែវ៉ៃនាងជាំសាច់ដដែល។ ឥឡូវនាងអស់និស្ស័យ អស់អារម្មណ៍ជាមួយប្តីនេះហើយ គឺសុំចែកផ្លូវត្រឹម នេះចុះ នាងសុខចិត្តលុតជង្គង់សំពះសុំគេឱ្យបើកសេរីភាព ដើម្បីនាងបានយកប្តីម្នាក់ទៀតជាគម្រប់៥ ហើយបើដឹងថា នាងជាស្រីអាក្រក់ដែរ ខំទុកចងកម្ម ចងពៀរធ្វើអី ល្មមដោះលែងនាងទៅ។


ដោយឡែក លោកឌិន ម៉ៅ ជាប្តីទី៤ បានឱ្យដឹងថា លោកមិនចង់ប្រើអំពើហិង្សាទៅលើប្រពន្ធនេះ ទេ ប៉ុន្តែមកពីនាងរឹងចចេសខ្លាំងពេក។ ប្រពន្ធនេះមិន ធម្មតាទេ ថ្ងៃខ្លះទុកកូនចោលដើរផឹកស៊ីបាត់ៗពីផ្ទះ ធ្វើ ដូចស្រីនៅទំនេរគ្មានកូនគ្មានប្តីអ៊ីចឹង ពេលលោកស្តី ប្រដៅណែនាំស្រួលៗ ស្រាប់តែនាងជេរប្រមាថសង វិញកប់ៗមាត់ ថែមទាំងរករឿងលែងក្បាលលោកទៀត ផង ទើបលោកប្រើដៃជើងតែម្តងទៅ ព្រោះនិយាយ នឹងមាត់មិនឈ្នះទាល់តែដាក់ខ្លះទើបបាន។ តាមពិត ចរិតប្រពន្ធនេះគ្មានកែប្រែទេ នាងល្មោភកាមគុណ ប្រើប្តីចុះដូចខោអាវ បើតាមលោកដឹងនាងមានប្តី ពេញមុខ៤នាក់ គិតទាំងរូបលោក និងធ្លាប់មានប្រុស កន្លងខ្លួនមិនដឹងប៉ុន្មាននាក់ទៀតទេ នៅពេលនាងធ្លាក់ ខ្លួនមេម៉ាយម្តងៗ ឬថា មេម៉ាយមួយភ្លើងៗត្រូវតែ មានប្រុសកំដរ។ ឥឡូវប្តី៤ ហើយមិនស្កប់ស្កល់ សុំ លោកយកប្តីទី៥ទៀត កុំថា លោកកំសាកឱ្យសោះ ប៉ុន្តែមកពីលោកអាណិតកូនៗក្បាលឱ្យរងួយមើល ទៅឪប្លែកមុខរហូត ទើបលោកមិនព្រមលែង។

ផ្ទះនាងកើត ចន្ធូ

អ្នកស្រីឌួង សាន ជាម្តាយខាងស្រី បានឱ្យដឹងថា រឿងកូនស្រីនេះគាត់មិនចង់និយាយទេ ព្រោះបើ និយាយទៅដូចស្តោះដាក់ទ្រូងឯង។ តាមពិតកូនស្រី នេះ ក៏ខ្លាំង កូនប្រសាទី៤ក៏ខ្លាំង ដូច្នេះខ្លាំងប៉ះខ្លាំងវា ខ្លោចយ៉ាងនេះឯង។ គាត់ក៏ធ្លាប់ស្តីប្រដៅកូនស្រីនេះ ដែរ ពីរឿងប្រើប្តីចុះនោះ តែនាងមិនស្តាប់ នាងទាំង ធ្លាប់រុញគាត់ជាម្តាយឱ្យដួលជាំភ្នែកឡើងខៀវទៀត ផង ធ្វើឱ្យគាត់ខ្មាសអ្នកស្រុកងើបមុខមិនរួច។

លោកលី ឌី

លោកលី ឌី មេភូមិស្រែវាល បានឱ្យដឹងថា ជម្លោះគ្រួសារមួយនេះផ្តើមចេញពីការរស់នៅមិនចុះ សម្រុងគ្នា បង្កជាទំនាស់មិនចេះចប់។ ម៉្យាងនាងចន្ធូ ទំនងជាលែងចង់រួមរស់ជាមួយប្តីហ្នឹង បានជានាងរកលេសឈ្លោះសុំចែកផ្លូវគ្នាយ៉ាងនេះ។

អ្នកស្រីឌួង សាន

គួរបញ្ជាក់ថា ស្ត្រីដែលធ្លាប់ឆ្លងកាត់ប្តី៤ ទាំងវ័យទើបតែ៣០ឆ្នាំ បែបនេះមិនធម្មតាទេ គឺលុះត្រាតែ ប្តីទី៤នោះ ពូកែថ្នមនាងខ្លាំងណាស់ ទើបនៅជាមួយគ្នាបាន។ រឿងថ្នមដូចជានាងចង់បានអីឱ្យហ្នឹង ជាពិសេស រឿងលើគ្រែ ទាល់តែប្តីប្រសប់ណាស់ ដោយមានលុយឱ្យនាងចាយមិនដាច់ទើបបាន។ ប៉ុន្តែសម័យនេះ ទៅរកប្រុសឯណាពូកែ ថ្នមប្រពន្ធមេម៉ាយ៣-៤ភ្លើងនោះ ច្បាស់ជាខ្លាំងប៉ះខ្លាំង បន្ទាប់មកក៏ខ្លោច យ៉ាងនេះឯង ហើយទីបំផុតស្ត្រីជាប្រពន្ធដែលចូល ចិត្តលែងប្តីមិនឈប់នោះ នឹងមេម៉ាយជារៀងរហូត នៅពេលនាងចាស់បន្តិចទៀត…”៕

RELATED ARTICLES