Thursday, April 25, 2024
Homeព័ត៌មានជាតិបុរសម្នាក់ ជំងឺក្រលៀនធ្វើទុក្ខ រហូតដល់គាំងបេះដូងស្លាប់

បុរសម្នាក់ ជំងឺក្រលៀនធ្វើទុក្ខ រហូតដល់គាំងបេះដូងស្លាប់

ភ្នំពេញ ៖ បុរសជនជាតិហ៊្វីលីពីនម្នាក់ ខណៈដែលមានជំងឺខូចក្រលៀនប្រចាំកាយ អស់រយៈពេល៩ឆ្នាំ ក្រុមគ្រូពេទ្យព្យាបាលបានធូររយៈពេលខ្លីប៉ុណ្ណោះ ហើយចុងក្រោយ អាការៈជំងឺកាន់តែធ្វើទុក្ខខ្លាំង រហូតបានដេកស្លាប់ក្នុងបន្ទប់ជាន់ទី១ យ៉ាងអាណោចអាធ័ម បង្កឱ្យមានភ្ញាក់ផ្អើលដល់ក្រុមសាច់ញាតិ និងរាយការណ៍ប្រាប់សមត្ថកិច្ច កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ៩ ក្រុម៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះដែលដេកស្លាប់ក្នុងបន្ទប់នេះ ឈ្មោះ SANTOS DANILODELA CRUZ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជាបុគ្គលិក ក្រុមហ៊ុន SHA KAKA INC កាន់លិខិតឆ្លងដែនលេខ EC១៩២២៥៨៤ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះមានជំងឺខូចក្រលៀន និងបានប្តូរចេញ៩ឆ្នាំមកហើយ ហើយរហូតមកដល់រសៀលថ្ងៃទី១២ ខែធ្នូ មុនកើតហេតុ ជនរងគ្រោះមិនស្រួលខ្លួន ជំងឺរើធ្វើទុក្ខ ហើយបានទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឱ្យទៅជួយដឹកយកទៅសង្គ្រោះ តែគ្រូពេទ្យទៅដល់បានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើល។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ មានករណីបុរសបរទេសដេកស្លាប់ កម្លាំងសមត្ថកិច្ចជំនាញចុះទៅពិនិត្យឃើញថា ស្លាប់ដោយសារជំងឺខ្លួនឯង គាំងបេះដូង មិនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ ហើយរាយការណ៍បន្តទៅស្ថានទូត ដើម្បីចាត់វិធានការទៅតាមនីតិវិធី។

បច្ចុប្បន្នសពត្រូវបានដឹកយកទៅតម្កល់រក្សាទុកនៅវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីឱ្យស្ថានទូតសាមី និងក្រុមគ្រួសារជនរងគ្រោះមកទទួលចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES