Wednesday, April 17, 2024
Homeព័ត៌មានជាតិប្រពន្ធតាមទាន់ប្តីនាំស្រីមករួមរ័កដល់លើផ្ទះ យកជើងជាន់ក្បាលឲ្យស្បថ

ប្រពន្ធតាមទាន់ប្តីនាំស្រីមករួមរ័កដល់លើផ្ទះ យកជើងជាន់ក្បាលឲ្យស្បថ

ភ្នំពេញ ៖ ជារឿងគួរឱ្យហួសចិត្ត និងភ្ញាក់ផ្អើលមួយ ខណៈដែលស្ត្រីជាប្រពន្ធម្នាក់តាមទាន់បុរសជាប្តីនាំស្រីមកដេករួមរ័កដល់លើផ្ទះ ក៏ចាប់ឱ្យប្តីអុជធូបស្បថស្បែចំពោះមុខហ៊ឹងជីដូនជីតា និងថែមទាំងយកជើងជាន់ក្បាលប្តី ជាថ្នូរនឹងការលើកលែងទោស ព្រមទាំងថតជាវីដេអូបង្ហោះពេញក្នុងបណ្តាញសង្គមហ្វេសប៊ុកទៀតផង។

ហេតុការណ៍ប្រពន្ធចាប់ប្តីឱ្យអុជធូបស្បថឈប់ដើរផឹកស៊ីមានស្រី និងបានយកជើងជាន់ក្បាលប្តី រួចថតបង្ហោះហ្វេសប៊ុកខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីមានគណនីហ្វេសប៊ុករបស់សាមីខ្លួនស្ត្រីជាប្រពន្ធ បានបង្ហោះវីដេអូខាងលើនេះ នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក និងធ្វើឱ្យមានអ្នកលេងហ្វេសប៊ុកចែករំលែកតៗគ្នាយ៉ាងសន្ធឹកសន្ធាប់។

សាមីខ្លួនប្តីប្រពន្ធដែលកើតមានវិវាទនឹងគ្នា រហូតដល់ថ្នាក់ខាងប្រុសអុជធូបស្បថនៅចំពោះមុខប្រពន្ធ និងថែមទាំងប្រពន្ធយកជើងជាន់ក្បាលដី ជាថ្នូរនឹងការលើកលែងទោសឱ្យនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ស្ត្រីជាប្រពន្ធមានឈ្មោះដានី ហើយពិនិត្យការតាមភិនភាគ អ្នកទាំងពីរមានវ័យប្រមាណជាង៣០ឆ្នាំដូចគ្នា។

តាមរយៈវីដេអូឃ្លីបរយៈពេល៣នាទី៤៣វិនាទី ដែលស្ត្រីជាប្រពន្ធបានបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហាញពីសកម្មភាពស្ត្រីជាប្រពន្ធស្លៀករ៉ូបពណ៌ខៀវលាយស ឈរនៅចំពោះមុខបុរសជាប្តី ដែលស្លៀកខោជើងខ្លី គ្មានពាក់អាវ កាន់ធូបជាច្រើនសរសៃ លុតជង្គង់នៅពីមុខជើងធូបហ៊ឹងជីដូនជីតា ដើម្បីធ្វើការស្បថស្បែចំពោះទង្វើដែលខ្លួនធ្លាប់ប្រព្រឹត្តខុសទៅលើស្ត្រីជាប្រពន្ធ។

បុរសជាប្តីបាននិយាយពាក្យស្បថស្បែថា “លោកតាលោកយាយ កូនចៅឈប់ដើរផឹកស៊ី ឈប់ឈ្លោះគ្នា ឈប់សម្តីតូចសម្តីធំដាក់ប្រពន្ធទៀតហើយ បើពុំនោះទេ សូមឱ្យកូនចៅដើរទៅណាឡានបុកងាប់ ឱ្យកូនចៅឡើងទីខ្ពស់ ក៏មានគ្រោះថ្នាក់ ទីទាបក៏មានគ្រោះថ្នាក់ និងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ហើយប្រសិនបើមានរឿងខ្ញុំនឹងដើរចេញ លែងលះគ្នាដោយសន្តិវិធី ដោយគ្មានប៉ះពាល់អីទេ…”។

បន្ទាប់ពីបុរសជាប្តីនិយាយពាក្យសម្បថចំនួន៣ដងរួចហើយ ស្ត្រីជាប្រពន្ធបានយកផ្លែមៀន១គ្រាប់ ដែលដាក់សែននៅហ៊ឹងជីដូនជីតា ឱ្យបុរសជាប្តីហូប ដើម្បីជាសក្ខីភាព ក្នុងករណីប្តីបំពានពាក្យសម្បថ សូមឱ្យស្លាប់តៃហោង។ ចំណែកបុរសជាប្តី នៅពេលទទួលផ្លែមៀនយកមកបកហូបរួចហើយ បាននិយាយថា “ខ្ញុំយកផ្លែមៀនជាសាក្សី បើខុសពាក្យសម្បថ សូមឱ្យខ្ញុំងាប់តៃហោង…”។

ជាចុងក្រោយ ស្ត្រីជាប្រពន្ធបាននិយាយទៅកាន់ប្តីឱ្យកែប្រែចរិតដែលមិនល្អទាំងប៉ុន្មាន ចេញឱ្យអស់ ពិសេសប្រសិនបើហ៊ានប្រើពាក្យសម្តីហៅប្រពន្ធថា “អ្ងែង” មួយម៉ាត់ ត្រូវឱ្យប្រពន្ធទូរស័ព្ទទៅជេរម្តាយប្តីតាមចិត្ត និងទៅណាមកណាឱ្យជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់។ មិនតែប៉ុណ្ណោះ ស្ត្រីជាប្រពន្ធបានឱ្យបុរសជាប្តីលើកជើងរបស់ខ្លួនដាក់លើក្បាលប្តី ដើម្បីជាថ្នូរនឹងការយល់ព្រមលើកលែងទោសឱ្យប្តីទៀតផង។ ចំណែកបុរសជាប្តី ក៏មិនហ៊ានរឹងទទឹងជាមួយប្រពន្ធដែរ ពោលគឺធ្វើតាមសម្តីប្រពន្ធគ្រប់ម៉ាត់។ លុះបញ្ចប់ការស្បថស្បែខាងលើ ខណៈដែលបុរសជាប្តីកំពុងលុតជង្គង់ សំពះជើងធូបជីដូនជីតា គេឃើញស្ត្រីជាប្រពន្ធថែមទាំងយកជើងជាន់ក្បាលប្តីទៀតផង។

គួរបញ្ជាក់ថា រឿងរ៉ាវស្រដៀងគ្នានេះដែរ ធ្លាប់បានកើតឡើងម្តងរួចមកហើយ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០១៧ កន្លងទៅ ដោយស្ត្រីជាប្រពន្ធម្នាក់បានតាមទាន់បុរសជាប្តីលួចទៅឱបស្រីខារ៉ាអូខេ មានទាំងភ័ស្តុតាង និងសាក្សីគ្រប់គ្រាន់ ក៏ដាក់ទណ្ឌកម្មឱ្យប្តីរបស់ខ្លួន ក្រាបសំពះបាតជើងសុំទោសនាងជាប្រពន្ធ  និងថែមទាំងបានថតវីដេអូបង្ហោះផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកដូចគ្នា។

យ៉ាងណា វីដេអូទាំង២ខាងលើ ត្រូវបានផ្សព្វផ្សាយចែករំលែកយ៉ាងព្រោងព្រាតពេញ ក្នុងបណ្តាញសង្គមហ្វេសប៊ុក រហូតដល់មានការរិះគន់ទៅលើស្ត្រីជាប្រពន្ធថា មិនគួរប្រើវិធីនេះ ដើម្បីអប់រំកែប្រែប្តីកំហូចរបស់ខ្លួននោះទេ ព្រោះការធ្វើបែបនេះ នាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ក្រុមគ្រួសារ។

ពាក់ព័ន្ធទៅនឹងករណីដ៏រសើបខាងលើនេះ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ សាមីខ្លួនប្តីប្រពន្ធខាងលើ បានរួមគ្នាចេញមុខបកស្រាយពីរឿងរ៉ាវទាំងអស់ តាមរយៈវីដេអូឃ្លីបមួយដែលបង្ហោះឡើងនៅក្នុងគណនីហ្វេសប៊ុកស្ត្រីជាប្រពន្ធ។

នៅក្នុងវីដេអូឃ្លីបរយៈពេល៤នាទី និង៥០វិនាទី ស្ត្រីជាប្រពន្ធ បានចេញមុខរៀបរាប់ទាំងស្រុងថា “ចា៎! សូមគោរពជម្រាបសួរ បងប្អូនទាំងអស់គ្នា ទាំងពូទាំងមីងមាក្នុងសង្គមហ្វេសប៊ុក ដែលខ្ញុំមានវីដេអូឃ្លីបបង្ហោះ កាលពីម្សិលមិញម្សិលម៉្ងៃនេះ ពេលនេះខ្ញុំចូលបកស្រាយរឿងពិតពីក្រុមគ្រួសារខ្ញុំទាំងពីរ ពីខ្ញុំនិងប្តីខ្ញុំផ្ទាល់ នូវរឿងរ៉ាវដែលការសុំទោសដល់ថ្នាក់ប្តីខ្ញុំលើកបាតជើងខ្ញុំដាក់លើក្បាលប្តីខ្ញុំ អ្នកណាមួយមិនស្រលាញ់ប្តី ស្រលាញ់ដូចគ្នា ពេលនេះ ខ្ញុំចេញបកស្រាយផ្ទាល់ និងក្រុមគ្រួសារខ្ញុំ វាមានមូលហេតុ ឆ្នាំងណាគ្របហ្នឹងមែន ចង្កៀងផ្ទះណា ភ្លឺផ្ទះហ្នឹងបង បងអ្នកដទៃមិនដឹងរឿងថា ក្រុមគ្រួសារខ្ញុំយ៉ាងណាទេនេះ ហើយម្នាក់ស្រីដែលគេងនៅជាមួយប្តីខ្ញុំ មកគេងនៅលើផ្ទះខ្ញុំ ម៉ោង១០យប់ ដែលខ្ញុំមកទាន់ ម្នាក់ស្រីហ្នឹងហើយខ្ញុំកំពុងតែរកមុខទៀត ព្រោះអីឥឡូវឃើញគាត់បង្ហោះតាមហ្វេសប៊ុកហ៊ានមានមុខមកថាឱ្យខ្ញុំទៀត អីចឹងហើយសុទ្ធតែបោះពាក្យថាឱ្យខ្ញុំ “សមមុខមែននាង ពេលប្តីអ៊ីធ្វើចឹង” ហើយអីចឹងហើយ គាត់មានមុខមកថា អីចឹងឱ្យខ្ញុំ មើលមុខគាត់ផងបង មើលឱ្យច្បាស់ ហើយបាត់មុខមួយរយៈវែងដែរបង ហ្នឹងម្នាក់ហ្នឹងហើយ អីចឹងថ្ងៃហ្នឹងខ្ញុំចេញបកស្រាយវីដេអូផ្ទាល់ ខ្ញុំថតឃ្លីបនេះផ្ទាល់ឱ្យបងមើលថា ម្នាក់ស្រីហ្នឹងហើយដែលគេងនៅជាមួយប្តីខ្ញុំ បងឃើញមុខហើយមែនទេ អីចឹងហើយថ្ងៃហ្នឹង ខ្ញុំចង់ប្រាប់ថា បងប្អូនទាំងអស់គ្នា ដែលប្តីខ្ញុំសុំទោសខ្ញុំប៉ុណ្ណឹង មានអីត្រូវខុសមែនទេ? វាអត់មានអីត្រូវខុសទេ ខ្ញុំសរសើរប្តីខ្ញុំ បងប្អូនគួរតែសរសើរទៅថាមនុស្សប្រុសប្តីខ្ញុំ គាត់ធ្វើខុស គាត់ហ៊ានទទួល តើចំពោះពូៗទាំងអស់គ្នាដែលមានមុខមកស៊ែរជេរប្តីខ្ញុំ ជេរថាខ្ញុំហ្នឹងមានខួរក្បាលគិតខ្លួនឯងអត់ទេ ធ្លាប់ខ្លួនឯងធ្វើខុសដាក់ប្រពន្ធមែន? ធ្វើខុសដាក់ប្រពន្ធ ហើយគ្មានពាក្យសុំទោសប្រពន្ធមែន បានហ៊ានមកជេរថាឱ្យក្រុមគ្រួសារខ្ញុំ? តែខ្ញុំសូមសរសើរប្តីខ្ញុំថា ប្តីខ្ញុំជាមនុស្សប្រុសពិតប្រាកដ ធ្វើខុសហ៊ានទទួលនៅមុខប្រពន្ធ ថាខ្លួនឯងហ្នឹងធ្វើខុស សុំទោសប្រពន្ធតាមហ្នឹង អីចឹងហើយមានអីត្រូវខុស អីចឹងហើយ បងជួយស៊ែរតផង នេះមនុស្សស្រីម្នាក់នេះ ដែលគេងនៅជាមួយប្តី ខ្ញុំហ៊ានមកគេងលើផ្ទះខ្ញុំផ្ទាល់ ម្នាក់ស្រីហ្នឹងសាហាវបំផុតបង ធ្វើការខារ៉ាអូខេ នៅពូជ្រីវ ហ៊ានមកគេងនៅជាមួយប្តីខ្ញុំ ខ្ញុំមានរឿងរ៉ាវដោយសារម្នាក់ហ្នឹង បានប្តីខ្ញុំមានពាក្យមកសុំទោសខ្ញុំហ្នឹង អីចឹងហើយខ្ញុំមានពាក្យប៉ុណ្ណឹងបកស្រាយ សុំបងប្អូនថា មុននឹងជេរស្តីឱ្យខ្ញុំ ជេរស្តីឱ្យគ្រួសារខ្ញុំ សួរខ្ញុំឱ្យច្បាស់ឬនៅថា រឿងរ៉ាវកើតឡើងពីអី? បានដល់ថ្នាក់ធ្វើអីចឹងដាក់ប្តី ហី បើប្តីខ្ញុំមិនធ្វើខុស ស្មានតែប្តីខ្ញុំព្រមធ្វើអីចឹងដាក់ខ្ញុំមែន? ទាល់តែខុស ទើបគាត់ហ៊ានធ្វើអីចឹងដាក់ខ្ញុំ ហើយមនុស្សប្រុសគាត់គឺល្អបំផុត ដែលគាត់ហ៊ានបកស្រាយមុខប្រពន្ធមុខកូន គាត់ហ៊ានស្បថនៅមុខបងប្អូនខ្ញុំ ម៉ែឪខ្ញុំទាំងអស់ គាត់អត់មានអីត្រូវខុស គឺមនុស្សគាត់ហ៊ានទទួលខុសត្រូវ ដែលគាត់ធ្វើខុស គាត់ហ៊ានស្បថស្បែឱ្យខ្ញុំ គាត់ថា គាត់ឈប់ធ្វើខុសហើយ នេះជាមេរៀនសម្រាប់ប្រុសៗដទៃ ក្រោយៗទៅកុំឱ្យហ៊ានយកស្រីមកដេកលើផ្ទះ ពេលដែលប្រពន្ធមិននៅអីចឹងទៀត ព្រោះប្តីខ្ញុំគាត់ធ្វើខុសម្តងហ្នឹង គាត់សុំទោសខ្ញុំ គឺគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ ខ្ញុំជឿជាក់លើប្តីខ្ញុំថា ប្តីខ្ញុំមិនខុសជាលើកទី២ សម្រាប់ ខ្ញុំទេ អីចឹងហើយជួបប្តីខ្ញុំផ្ទាល់ទៅ…”។

ដោយឡែក បុរសជាប្តីបានរៀបរាប់បន្តពីសម្តីប្រពន្ធរបស់ខ្លួនថា “ខ្ញុំក៏ចង់និយាយបន្តបន្ថែមថា មនុស្សប្រុសទាំងអស់ កុំចេះតែធ្វើ កុំចេះតែធ្វើខុសដូចខ្ញុំ ហើយរឿងគ្រួសារខ្ញុំ បងប្អូនក្នុងសង្គមហ្វេសប៊ុក ជួយណែនាំទៅ មិនមែនដាក់ម៉ោចេះតែជេរប៉ាតណាប៉ាតណីដាក់ម៉ោពួកខ្ញុំ និយាយសម្តីអសុរោះអីចឹងទេ ហើយរឿងរ៉ាវទាំងអស់ ខ្ញុំសូមផ្តាំផ្ញើថា រឿងដែលកន្លងហួសទាំងអស់ អ្នកណាក៏ដោយ ប្តីប្រពន្ធណាក៏ដោយ ហើយកុំយករឿងពីដើមមកពីយូរយារមក បើសិនថា បងប្អូននៅតែមានរឿងរ៉ាវនៅតែធ្វើខុសនៅតែបំពាន បងប្អូននឹងជួបរឿងដូចខ្ញុំមិនខានទេ ហើយខ្ញុំសុំទោសប្រពន្ធខ្ញុំទេ តែរឿងរ៉ាវអ្វីក៏ដោយ រឿងនេះជារឿងនៅក្នុងក្រុមគ្រួសារខ្ញុំ សូមបងប្អូនតិះដៀលជេរថា ប៉ុណ្ណឹងបានហើយ តែកុំបន្ថែមបន្ថយទៀត ព្រោះអីរឿងគ្រួសារខ្ញុំវាចប់ហើយ ខ្ញុំអត់មានអីនិយាយថែមទៀតទេ មានតែប៉ុណ្ណឹងទេ…”៕

RELATED ARTICLES