Friday, March 29, 2024
Homeព័ត៌មានជាតិផិតក្បត់ប្តីប្រពន្ធរៀងខ្លួន!!! ក្រោយរួមរ័ក ខាងប្រុសគំរាមបង្ហោះវីដេអូយកលុយ ខាងស្រីប្តឹងបែករឿងខ្ទេច

ផិតក្បត់ប្តីប្រពន្ធរៀងខ្លួន!!! ក្រោយរួមរ័ក ខាងប្រុសគំរាមបង្ហោះវីដេអូយកលុយ ខាងស្រីប្តឹងបែករឿងខ្ទេច

ខេត្តរតនគិរី ៖ បុរសស្ត្រី២នាក់ មានប្តីប្រពន្ធ និងកូនរៀងៗខ្លួនអស់ទៅហើយ ស្រាប់តែបែកគំនិតលួចផិតប្តីប្រពន្ធរៀងៗខ្លួន ទាក់ទងសហាយស្មន់នឹងគ្នា លួចស្កាត់ជួបគ្នារួមរ័កយ៉ាងត្រេកត្រអាល លុះយូរៗទៅខាងប្រុសបែកគំនិតលួចថតសកម្មភាពរួមរ័កគ្នា គំរាមទារលុយពីស្ត្រីជាដៃគូសហាយស្មាន់របស់ខ្លួនចំនួន១០០០ដុល្លារ ជាថ្នូរនឹងការមិនបង្ហោះវីដេអូក្នុងហ្វេសប៊ុក រហូតដល់ខាងស្រីទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនខាងប្រុស ធ្វើឱ្យបែករឿងខ្ទេចអស់គ្មានសល់។

ករណីស្ត្រីម្នាក់ប្តឹងគូសហាយស្មន់របស់ខ្លួន ដែលបានលួចថតវីដេអូសកម្មភាពរួមរ័កគ្នា គំរាមទារប្រាក់១០០០ដុល្លារនេះ ត្រូវបានសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិដែស ឃុំបខាំ ស្រុកអូយ៉ាដាវ។

ជនសង្ស័យជាប្រុសសហាយដែលលួចថតវីដេអូរួមរ័កខាងស្រី យកមកជំរិតទារលុយនេះ មានឈ្មោះម៉ាត់ អារី អាយុ៣៤ឆ្នាំ ជាជនជាតិខ្មែរ-ឥស្លាម មុខរបរកម្មករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ ដែលជាគូសហាយស្មាន់របស់ជនសង្ស័យនោះ មានឈ្មោះសារី រ៉ហុីម៉ះ អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរ-ឥស្លាម មុខរបរមេផ្ទះ មានលំនៅក្នុងភូមិកាតែ២ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា រវាងជនសង្ស័យ  និងស្ត្រីរងគ្រោះ សុទ្ធតែមានប្តីប្រពន្ធនិងកូនរៀងៗខ្លួនអស់ទៅហើយ ប៉ុន្តែអ្នកទាំងពីរបែរជាបែកគំនិតក្បត់ផិតប្តីប្រពន្ធខ្លួនឯង មកលួចរាល់ទាក់ទងបង្កាត់ភ្លើងស្នេហ៍សហាយស្មន់ជាមួយគ្នា និងថែមទាំងឧស្សាហ៍ណាត់ជួបគ្នារួមរ័កយ៉ាងត្រេកត្រអាល រាប់ភ្លេច រហូតដល់ខាងប្រុសមានឱកាសថតទាំងវីដេអូសកម្មភាពរួមរ័កជាមួយគ្នានោះទុកទៀតផង។

ប្រភពដដែលបន្តថា ក្រោយមក ជនសង្ស័យបានគំរាមស្ត្រីរងគ្រោះដែលជាគូសហាយស្មន់របស់ខ្លួនថា រូបគេមានវីដេអូឃ្លីបរួមរ័កគ្នា និងត្រៀមបង្ហោះក្នុងហ្វេសប៊ុកទៀតផង។ នៅពេលស្តាប់ឮបែបនេះ ស្ត្រីរងគ្រោះបានប្រាប់ទៅប្រុសសហាយរបស់ខ្លួនវិញថា បើមានឃ្លីបវីដេអូមែន កុំបង្ហោះអី ខ្មាសគេ។ ដោយសារតែជនសង្ស័យចាប់ចំណុចខ្សោយរបស់ស្ត្រីរងគ្រោះបាន ទើបជនសង្ស័យបានធ្វើការគំរាមស្ត្រីរងគ្រោះទារប្រាក់ ចំនួន១០០០ដុល្លារ ជាថ្នូរនឹងការមិនបង្ហោះវីដេអូរួមរ័កគ្នានៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ចំណែកស្ត្រីរងគ្រោះ ព្រោះតែខ្លាចរឿងរ៉ាវបែកធ្លាយ នាំឱ្យមានបញ្ហា ក៏យល់ព្រមផ្ញើប្រាក់ទៅឱ្យជនសង្ស័យជាគូសហាយចំនួន១០០០ដុល្លារ តាមវីង។

ប្រភពខាងលើ បញ្ជាក់ថា លុះក្រោយពីផ្ញើប្រាក់ឱ្យជនសង្ស័យរួចហើយ ស្ត្រីរងគ្រោះក៏ដាច់ចិត្តទម្លាយរឿងរ៉ាវឱ្យបែកធ្លាយខ្ទេចអស់ គ្មានសល់តែម្តង តាមរយៈការដាក់ពាក្យបណ្តឹងទៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ។

លោកម៉ៅ សាន់ អធិការនគរបាលស្រុកអូរយ៉ាដាវ បានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ លោកក៏បានរាយការណ៍ទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់មកមន្ត្រីជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការដ្ឋានខេត្តរតនគិរី ក៏ចុះទៅសហការជាមួយអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ចុះទៅលំនៅជនសង្ស័យធ្វើការឆែកឆេរ និងឃាត់ខ្លួនតែម្តង។

លោកអធិការ បញ្ជាក់ថា នៅអំឡុងពេលចុះឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានប្រាក់ចំនួន១០០០ដុល្លារ វេរតាមវីង ទូរស័ព្ទ័ដៃ១គ្រឿង ម៉ាកអាយហ្វូន ដែលមានអត្ថន័យសារគំរាមនៅក្នុងទូរស័ព្ទនោះផងដែរ។

បច្ចុប្បន្នជនសង្ស័យនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួននៅក្នុងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES