ចោទប្រពន្ធមានសហាយ ហើយលូនចូលមុងសុំរួមរ័កមិនបាន ឡើងលើផ្ទះបញ្ចប់ជីវិត

0
331

ខេត្តកំពង់ស្ពឺ ៖ បុរសប្រមឹកម្នាក់ តែងផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ មិនដែលជួយគិតខ្វល់ពីរឿងរកស៊ីចិញ្ចឹមប្រពន្ធកូនសោះឡើយ ហើយឱ្យតែស្រវឹងតែងផ្ទុះភ្លើងប្រចណ្ឌ រករឿងឈ្លោះប្រកែកជាមួយប្រពន្ធមិនឈប់ លុះចុងក្រោយ បន្ទាប់ពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏ចូលទៅកេះកៀវសុំប្រពន្ធរួមរ័កមេត្រី តែប្រពន្ធប្រកែក ស្រាប់តែធ្វើឱ្យបុរសជាប្តីមួម៉ៅក្តៅចិត្តគិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងផ្ទះ។

ករណីបុរសប្រមឹកខឹងសុំប្រពន្ធរួមរ័កមិនបាន បែរជាបែកគំនិតគិតខ្លីចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះចាំចម្ការមួយកន្លែង ស្ថិតក្នុងភូមិអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់។

បុរសគំនិតខ្លី ដែលតូចចិត្តប្រពន្ធមិនឱ្យរួមរ័ក ចងកធ្វើអត្តឃាតនោះ មានឈ្មោះវណ្ណ ពៅ ហៅវី អាយុ៣៤ឆ្នាំ មានប្រពន្ឋឈ្មោះមឿត គង់ អាយុ៣៤ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៤នាក់ (ស្រី២ ប្រុស២) មានស្រុកកំណើតនៅភូមិតាថេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តែបច្ចុប្បន្នបានមករស់នៅចាំចម្ការឱ្យបុរសម្នាក់ ឈ្មោះផល ភី រស់នៅរាជធានីភ្នំពេញ និងមានចម្ការនៅក្នុងភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានពីអ្នកភូមិបានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាមនុស្សស្រវឹងខួប មិនដែលគិតគូរការងារប្រចាំថ្ងៃរកស៊ីចិញ្ចឹមប្រពន្ធកូនប៉ុន្មានឡើយ ហើយឱ្យតែបើកភ្នែកឡើងសឹង មិនទាន់ឃើញកាន់ដបស្រាជាប់រហូត ពោលគឺផឹកស្រាតាំងពីបើកភ្នែករហូតដល់ដេកលក់ ទើបឈប់ផឹក។ មិនតែប៉ុណ្ណោះ គេតែងឮសំឡេងប្តីប្រពន្ធជនរងគ្រោះខាងលើ ឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ មិនដែលខានមួយថ្ងៃណាឡើយ ដោយសារតែបុរសជាប្តីប្រមឹក ចេះតែកើតមានចិត្តប្រចណ្ឌប្រពន្ធខុសរឿង។

តាមសម្តីស្ត្រីជាប្រពន្ឋជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាងពិតជាមនុស្សប្រមឹកមែន ស្រលាញ់ស្រាជាងប្រពន្ធកូន និងមិនចេះឈឺក្បាលវិលមុខពីរឿងរកស៊ីចិញ្ចឹមប្រពន្ធកូនសោះឡើយ ដឹងតែបើកភ្នែកលាដៃទារលុយពីនាងយកទៅទិញស្រាផឹក លុះបានស្រាមកផឹកស៊ីស្រវឹង ក៏រករឿងឈ្លោះចោទថា នាងលួចមានសហាយជាមួយអ្នកនេះ ជាមួយអ្នកនោះ មិនឈប់។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះមកដល់យប់ថ្ងៃកើតហេតុ បន្ទាប់ពីផឹកស្រាស្រវឹងជោគ ប្តីនេះបានរករឿងឈ្លោះប្រកែកជាមួយនាង ដោយចោទប្រកាន់នាងទាំងទទឹងទិសថា មានទំនាក់ទំនងសហាយស្មន់ជាមួយមនុស្សប្រុសដែលធ្លាប់ផឹកស៊ីជាមួយប្តី ទោះជានាងប្រឹងនិយាយពន្យល់យ៉ាងណា ក៏មិនព្រមស្តាប់សោះ  ទើបនាងលែងមាត់តបត ក៏ចូលមុងដេកទៅ។

ស្ត្រីជាប្រពន្ធ បានឱ្យដឹងទៀតថា លុះបន្តិចក្រោយមក ប្តីក៏បានបើកមុងលូនមករកនាង និងបានព្យាយាមកេះកៀវសុំនាងរួមរ័ក ប៉ុន្តែ ដោយសារនាងខឹងនឹងប្តីប្រមឹកដែលផឹកស៊ីធុំ ក្លិនស្រាហួង ពិសេសទើបនឹងឈ្លោះប្រកែកគ្នារួចផង ទើបនាងបានប្រកែកមិនឱ្យប្តីប៉ះពាល់ទេ និងមិននឹកស្មានដល់ថា ប្តីអាចនឹងមានគំនិតខ្លីចងកសម្លាប់ខ្លួនចោលប្រពន្ធកូនបែបនេះឡើយ។ បន្ទាប់ពីប្រកែកមិនឱ្យប្តីរួមរ័ករួច នាងក៏បាននាំកូនៗដេកលក់អស់ទៅ ស្រាប់តែប្តីនាងមួម៉ៅក្តៅចិត្ត ដេកនៅមិនសុខ ក៏ឡើងទៅចងកសម្លាប់ខ្លួននៅក្នុងផ្ទះតែម្តង។ លុះយប់ជ្រៅបន្តិច នាងក្រោកពីដំណេកទៅរកបត់ជើងតូច ស្រាប់តែប្រទះឃើញប្តីចងកស្លាប់បាត់ទៅហើយ ក៏ស្រែកឆោឡោផ្អើលកូនចៅ និងអ្នកជិតខាង ចោមរោមមើល និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យិវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ដោយប្រើខ្សែនីឡុងចងកភ្ជាប់នឹងធ្នឹមផ្ទះ ដោយស្លៀកតែខោទ្រនាប់ជាប់ខ្លួនប៉ុណ្ណោះ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុដែលនាំឱ្យជនរងគ្រោះមានគំនិតខ្លីបែបនេះ ដោយសារតែជនរងគ្រោះបានផឹកស្រាស្រវឹងខ្លាំងផង ណាមួយតូចចិត្តនឹងសុំប្រពន្ធរួមរ័កមិនបានផង ទើបដាច់ចិត្តចងកសម្លាប់ខ្លួនតែម្តង។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី”