ភ្នំពេញ ៖ ស្រ្តីពោះធំ៦ខែម្នាក់ និងជាអ្នកលក់ទឹកក្រឡុក និងគ្រឿងម្ជូរម្នាក់ ខណៈដែលកំពុងរៀបចំលក់ទឹកក្រឡុក និងគ្រឿងម្ជូរ បានរុញទូរទៅប៉ះខ្សែភ្លើង ដែលមានមុខដំណចេញមកក្រៅផ្ទះ បណ្តាលឲ្យឆក់ស្លាប់ចោលកូនប្រុស២នាក់ និងម្នាក់ទៀតនៅក្នុងផ្ទៃ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ យីហោសៀវ មិញ មានលក់ភេសជ្ជៈគ្រប់មុខ និងគ្រឿងម្ជូរគ្រប់មុខ តាមផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
សពស្ត្រីរងគ្រោះ មានឈ្មោះ សុខុម លីដា អាយុ២២ឆ្នាំ មុខរបបរលក់គ្រឿងម្ជូរ និងទឹកក្រឡុកមានកូនប្រុសចំនួនបីនាក់ ទាំងនៅក្នុងផ្ទៃ ចំនួន៦ខែទៀត មានប្តីឈ្មោះ យុង រ៉ៃយ៉ាអាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានរៀបចំអីវ៉ានដើម្បីលក់ទឹកក្រឡុក និងគ្រឿងម្ជូរគ្រប់មុខ និងភេសជ្ជៈគ្រប់មុខ ខណៈពេលនោះ ក៍ស្រាប់តែស្ត្រីរងគ្រោះបានរុញទូរសម្រាប់លក់ទឹកក្រឡុកចេញមកក្រៅ មិនដឹងជាយ៉ាងម៉េចនោះទេ ស្រាប់តែទាក់ខ្សែភ្លើង ដែលមានដំណចេញមកក្រៅ បណ្តាលឲ្យឆ្លងចរន្តឆក់ដួលសន្លប់នៅលើដី ខណៈពេលនោះពួកគាត់និងក្រុមគ្រួសារបាននាំគ្នាជួយ លើកយកជនគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបាយ័ន បានរយៈពេលមួយម៉ោង ក៍ត្រូវគ្រូពេទ្យថាអស់សង្ឃឹមទៅហើយ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីលឺសម្តីគ្រូពេទ្យនិយាយរួចហើយ ពួកគាត់ទាំងអស់គ្នាដែលជាសាច់ញាតិម្នាក់អួលដើមក ខ្លះយំបោកខ្លួន ខ្លះទៀតសន្លប់តែម្តង ទាំងអារម្មណ៍សោកសៅស្តាយជនរងគ្រោះដែលស្លាប់ទៅជាមួយកូននៅក្នុងផ្ទៃចំនួន៦ខែទៀតនោះ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវ សាច់ញាតិបានដឹកយោមកធ្វើបុណ្យនៅផ្ទះកើតហេតុ តាមប្រពៃណី៕