ឃាតកម្មព្រៃផ្សែ!!! ស្ត្រីម្នាក់ត្រូវជនល្មោភកាមចាប់រំលោភ រួចច្របាច់កសម្លាប់ អូសចូលក្រោមស្ពានថ្ម

ភ្នំពេញ ៖ ស្ត្រីជាអ្នកលាងចានតាមរោងបុណ្យ រោងការម្នាក់ បានបាត់ខ្លួនពេញមួយថ្ងៃ មិនដឹងជាដើរទៅណា ទោះជាក្រុមគ្រួសារដើរតាមស្វែងរកយ៉ាងណា ក៏មិនឃើញសោះ លុះមកដល់ក្បាលព្រលប់ ក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយនៅក្រោមស្ពាន ថ្មក្បែរផ្លូវរថភ្លើង និងត្រូវគេសង្ស័យថា ស្ត្រីរងគ្រោះត្រូវបានជនសង្ស័យមិនស្គាល់មុខចាប់រំលោភសេពសន្ថវៈ រួចច្របាច់កសម្លាប់ និងបានអូសសពអាក្រាតកាយយកទៅប្លុងចោលនៅក្រោមស្ពានថ្មមួយកន្លែង។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចជាប់ផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ស្ត្រីរីងគ្រោះដែលសង្ស័យត្រូវឃាតករដៃឆៅល្មោភកាមចាប់រំលោភសេពសន្ថវៈ រួចសម្លាប់ចោលទាំងអាក្រាតកាយ មានឈ្មោះ ឈុន មុំសុខស៊ីវុធ្ថា អាយុ២៧ឆ្នាំ មុខរបរដើរស៊ីឈ្នួលលាងចានឱ្យគេតាមរោងបុណ្យ រោងការ ស្នាក់នៅផ្ទះលេខ២៣១ ផ្លូវលំ ក្រុមទី៥ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅស្រុកកោះអណ្តែត ខេត្តតាកែវ។

តាមសម្តីស្ត្រីឈ្មោះថោង ប៊ុណា អាយុ៤៥ឆ្នាំ ជាអ្នកធ្វើធៀបការ ស្នាក់នៅជាមួយជនរងគ្រោះបានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះ សព្វថ្ងៃរស់នៅជាមួយកូនស្រីវ័យជំទង់ម្នាក់ ដំបូងឡើយស្ត្រីរងគ្រោះ ស្នាក់នៅបន្ទប់ជួលម្តុំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី និងតែងជិះកង់ដឹកបន្លែដើរលក់តាមដងផ្លូវ ហើយពេលទំនេរនាងបានមកយកធៀបការពីគាត់ទៅធ្វើ គ្រាន់បានប្រាក់កម្រៃទប់ទល់ជីវភាព។ មួយរយៈក្រោយមក ដោយស្ត្រីរងគ្រោះលក់បន្លែ លែងដាច់ ហើយជំពាក់លុយគេច្រើន ទើបនាងបានសម្រេចចិត្តឈប់លក់បន្លែ ហើយគាត់ក៏បានហៅនាងឱ្យមកស្នាក់នៅ និងធ្វើការនៅផ្ទះជាមួយគាត់ ដើម្បីកុំឱ្យអស់លុយថ្លៃបន្ទប់ជួល។ តាំងពីនោះមក ស្ត្រីរងគ្រោះក៏បានចាប់ផ្តើមធ្វើការនៅផ្ទះគាត់ផង និងឆ្លៀតពេលចេញទៅលាងចានតាមរោងការ រោងបុណ្យឱ្យគេ អស់រយៈពេលជាងពេល២ខែមកហើយ ហើយរៀងរាល់ម៉ោង១១ទៅ១២រំលងអធ្រាត្រ ទើបស្ត្រីរងគ្រោះត្រឡប់មកពីលាងចានតាមរោងបុណ្យ រោងការគេវិញ និងតែងតែដើរមកតាមផ្លូវរថភ្លើងខាងលើតែម្នាក់ឯងរហូត។

ស្ត្រីឈ្មោះថោង ប៊ុណា បន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្ត្រីរងគ្រោះបានចេញទៅលាងចាននៅតាមរោងការជាមួយគេ ដូចរាល់ដង។ លុះដល់ម៉ោង១១យប់ថ្ងៃដដែល  ស្ត្រីរងគ្រោះបានទូរស័ព្ទមកកូនស្រីរបស់គាត់ តែកូនស្រីមិនបានលើកទូរស័ព្ទ ហើយមួយស្ទុះក្រោយមក កូនស្រីរបស់គាត់ក៏បានទូរស័ព្ទទៅស្ត្រីរងគ្រោះជាម្តាយវិញ តែទូរស័ព្ទមិនចូលសោះ ទើបពួកគាត់ និងកូនៗក៏បាននាំគ្នាបិទទ្វារសម្រាកទៅ។ លុះដល់ល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយសារបាត់ស្ត្រីរងគ្រោះពេញ១យប់១ថ្ងៃទៅហើយ នៅតែមិនទាន់ឃើញត្រឡប់មកផ្ទះវិញ ទើបពួកគាត់បានព្យាយាមទូរស័ព្ទទៅស្ត្រីរងគ្រោះ តែទូរស័ព្ទមិនចូលសោះ។ ដោយសារគាត់មិនអស់ចិត្ត ទើបព្យាយាមទាក់ទងទៅសាច់ញាតិស្ត្រីរងគ្រោះ និងថៅកែរោងការដែលស្ត្រីរងគ្រោះធ្លាប់ចេញទៅលាងចានឱ្យដែរ តែពុំបានដំណឹងអ្វីពីស្ត្រីរងគ្រោះទាល់តែសោះ។ បន្ទាប់មក ក៏មានអ្នកជិតខាងម្នាក់ បានមកប្រាប់ថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ គេបានឮសំឡេងស្រែកឱ្យជួយចេញមកពីម្តុំកន្លែងកើតហេតុ ដែលនៅក្បែរផ្ទះស្ត្រីរងគ្រោះស្នាក់នៅដែរ ពេលឮដូច្នេះ គាត់ក៏ចាប់ផ្តើមសង្ស័យ ហើយក៏បានដើរទៅរកមើលនៅម្តុំៗនោះ ស្រាប់តែឃើញប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ទាំងអាក្រាតកាយនៅខាងក្រោមកាំជណ្តើរផ្ទះរបស់គេ ដែលត្រូវបានម្ចាស់រុះចោលយូរមកហើយ នៅជាប់ដើមត្រសេក ក្បែរផ្លូវរថភ្លើង គួរឱ្យអាណោចអាធ័ម ទើបធ្វើឱ្យគាត់ស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ដោយឡែក តាមសម្តីបុរសម្នាក់ សុំមិនបញ្ចោញឈ្មោះ ដែលជាអ្នករត់តុការ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់និងស្ត្រីរងគ្រោះ រួមទាំងគ្នីគ្នាជាច្រើននាក់ទៀត បានទៅលាងចាន និងរត់តុនៅក្នុងពិធីមង្គលការរបស់គេនៅកោះពេជ្រ។ លុះដល់វេលាម៉ោង១១យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ពេលពិធីមង្គលការគេចប់ ពួកគាត់និងស្ត្រីរងគ្រោះក៏បានត្រឡប់ទៅផ្ទះថៅកែវិញ នៅក្បែរកន្លែងកើតហេតុ បន្ទាប់មក ពួកគាត់និងស្ត្រីរងគ្រោះក៏បានបើកលុយពីថៅកែរោងការ ហើយបានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនអស់ទៅ ដោយមិនដឹងថា ស្ត្រីរងគ្រោះទៅណា ឬមានរឿងអ្វីនោះទេ។ រហូតដល់វេលាកើតហេតុ ក៏មានការភ្ញាក់ផ្អើលថា ស្ត្រីរងគ្រោះត្រូវគេរំលោភសម្លាប់យ៉ាងព្រៃផ្សៃតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមទាំងសមត្ថកិច្ចជំនាញកោសលវិច័យរាជធានីភ្នំពេញ បនាចុះពិនិត្យកន្លែងកើតហេតុ និងបានធ្វើកោសលវិច័យសពស្ត្រីរងគ្រោះ រួចបានសន្និដ្ឋានជាជំហានដំបូងថា ករណីនេះជាករណីឃាតកម្មរំលោភសេពសន្ថវៈសម្លាប់។

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯខេត្តតាកែវ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី។

ចំណែកជនដៃដល់ជាឃាតករ ដែលបានធ្វើសកម្មភាពរំលោភសេពសន្ថវៈសម្លាប់ស្ត្រីរងគ្រោះ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងតាមប្រមាញ់ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕