Thursday, April 18, 2024
Homeព័ត៌មានជាតិអាណោចអាធ័មណាស់!!! ប្អូនប្រុសមកផ្ទះទាំងតក់ត្រហល់ ឃើញតែកង់ តែបាត់បងប្រុស

អាណោចអាធ័មណាស់!!! ប្អូនប្រុសមកផ្ទះទាំងតក់ត្រហល់ ឃើញតែកង់ តែបាត់បងប្រុស

ខេត្តកណ្តាល ៖ ក្មេងប្រុសម្នាក់បានកង់ជិះចេញពីផ្ទះទៅងូតទឹកប្រឡាយតែម្នាក់ឯង ស្រាប់តែជួបគ្រោះអកុសល លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកប្រទះឃើញ ឬជួយសង្គ្រោះទាន់សោះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចប្រឡាយរណ្តៅដី ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះឆុន រិទ្ធី អាយុ១០ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះកែវ ឆុន អាយុ៤៩ឆ្នាំ ម្តាយឈ្មោះគង់ ស៊ីណាត អាយុ៣៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ជនរងគ្រោះបានឌុបប្អូនប្រុសរបស់ខ្លួន ឈ្មោះឆុន ទីន អាយុ៧ឆ្នាំ ទៅសាលារៀនហ៊ុន សែន ខន្តី រួចត្រឡប់មកផ្ទះវិញ។ លុះដល់ម៉ោង១០ព្រឹកថ្ងៃដដែល ក្មេងប្រុសរងគ្រោះបានផ្លាស់ខោអាវ ហើយជិះកង់ចេញពីផ្ទះបាត់ បន្ទាប់មកនៅវេលាម៉ោង១១ព្រឹក ប្អូនប្រុសឈ្មោះឆុន ទីន ចេញពីសាលារៀន ដើរមកផ្ទះក៏ប្រទះឃើញកង់បងប្រុសនៅលើខ្នងប្រឡាយ ទើបជិះកង់នោះត្រឡប់មកផ្ទះវិញ និងបានប្រាប់ឪពុកថា ឃើញកង់បងប្រុសនៅលើខ្នងប្រឡាយ តែមិនឃើញបងប្រុសទេ។

 

ប្រភពដដែលបន្តថា ភ្លាមនោះ ក្រុមគ្រួសារក៏កើតមានការផ្អើលឆោឡោ នាំគ្នាទៅរកមើលក្មេងប្រុសរងគ្រោះនៅកន្លែងកើតហេតុ ក៏ប្រទះឃើញតែខោអាវនៅទីនោះ បន្ទាប់មកក៏នាំគ្នាចុះមុជរាវរក ស្រាប់តែប្រទះឃើញក្មេងប្រុសរងគ្រោះនៅក្នុងទឹក ទើបប្រញាប់ស្រង់ឡើងមកលើគោក បំណងសង្គ្រោះ តែអកុសល ក្មេងប្រុសរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ បានចុះធ្វើការពិនិត្យសព រួចបញ្ជាក់ថា ពុំមានស្លាកស្នាមអ្វីគួរឱ្យ កត់សំគាល់ឡើយ។ តាមការសន្និដ្ឋានក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងប្រុសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES