Friday, April 26, 2024
Homeព័ត៌មានជាតិប្រពន្ធស្រែកទ្រហ៊ោយំ ក្រោយចាកចេញពីផ្ទះ៣ថ្ងៃ ដើម្បីឲ្យប្តីកែខ្លួន

ប្រពន្ធស្រែកទ្រហ៊ោយំ ក្រោយចាកចេញពីផ្ទះ៣ថ្ងៃ ដើម្បីឲ្យប្តីកែខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ចូលចិត្តផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ ទោះជាប្រពន្ធហាមប្រាមយ៉ាងណា ក៏មិនព្រមស្តាប់ រហូតប្រពន្ធខឹងក៏បានចុះចោលផ្ទះអស់រយៈពេល៣ថ្ងៃ ស្រាប់តែប្តីខូចចិត្តផឹកស្រាស្រវឹង រួចក៏សម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលរបស់ជនរងគ្រោះ ស្ថិតនៅខាងក្រោយផ្សារស្ទឹងមានជ័យចាស់ ចំណុចផ្ទះជួលលេខ១៩ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះឆាន់ វ៉ុន អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតខេត្តព្រៃវែង។

 

តាមសម្តីស្ត្រីឈ្មោះជិន ផាន់ណាក់ មុខរបរកម្មការិនីរោងចក្រកាត់ដេរ និងត្រូវជាប្រពន្ធរបស់រងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ (ជនរងគ្រោះ) គឺជាមនុស្សប្រមឹក ដើរផឹកតែស្រាស្រវឹងរាល់ថ្ងៃ មិនដែលគិតគូរឿងរកស៊ីចិញ្ចឹមគ្រួសារទេ ហើយកន្លងមក ទោះជាគាត់ហាមឃាត់ផង អង្វរកផង ស្តីបន្ទោសផង កុំឱ្យផឹកស្រាច្រើនពេកយ៉ាងណាក៏ដោយ ក៏ប្តីមិនខ្ចីស្តាប់ នៅតែផឹកស្រវឹងអួទីនួជារៀងរាល់ថ្ងៃ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា កាលពីថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០១៧ គាត់បានចេញពីផ្ទះទៅធ្វើការរោងចក្រដូចសព្វដង ប៉ុន្តែដោយសារតែគាត់ខឹងនឹងប្តីប្រមឹក និយាយគ្នាពុំស្តាប់ ទើបគាត់សម្រេចចិត្តមិនត្រឡប់មកផ្ទះវិញ ចំនួន៣ថ្ងៃមកហើយ ព្រោះចង់ឱ្យប្តីភ្ញាក់ខ្លួន ដឹងកំហុស និងចេះកែខ្លួនខ្លះ ដឹងអីប្តីមិនត្រឹមតែមិនព្រមកែកំហុសទេ បែរជាគិតខ្លីបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនទៅវិញ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងទៀតថា  ខណៈដែលគាត់កំពុងធ្វើការនៅក្នុងរោងចក្រ ស្រាប់កូនស្រីរបស់គាត់បានទូរស័ព្ទមកប្រាប់ថា ពុកចងកស្លាប់បាត់ហើយ ធ្វើឱ្យគាត់មានការភ្ញាក់ផ្អើល ប្រញាប់ធ្វើដំណើរទៅផ្ទះវិញ លុះទៅដល់ក៏ប្រទះឃើញប្តីចងកសម្លាប់បាត់ទៅហើយ។

ដោយឡែក តាមសម្តីបុរសម្នាក់ដែលស្នាក់នៅក្បែរខាងបន្ទប់ជួលជនរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះខាងលើ ក្រោយពីផឹកស្រាស្រវឹងជោកជាំ បានហៅគាត់ឱ្យជួយកោសខ្យល់ឱ្យ តែគាត់ប្រកែក ព្រោះឃើញជនរងគ្រោះកំពុងស្រវឹងស្រាជោកជាំទៅហើយ តែជនរងគ្រោះមិនព្រម នៅតែពឹងឱ្យគាត់ជួយកោសខ្យល់ឱ្យទាល់តែបាន លុះកោសខ្យល់រួច ជនរងគ្រោះបានចូលទៅសម្ងំដេកនៅក្នុងបន្ទប់បាត់ទៅ រហូតដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលកូនស្រីរបស់ជនរងគ្រោះ ត្រឡប់មកពីរៀនវិញ ប្រទះឃើញឪពុកចងកសម្លាប់ខ្លួន ទើបស្រែកឆោឡោឡើងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិចច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុដែលជនរងគ្រោះគិតខ្លីបែបនេះ គឺបណ្តាលមកពីជនរងគ្រោះផឹកស្រាស្រវឹងខ្លាំងពេក ណាមួយតូចចិត្តនឹងប្រពន្ធចេញទៅធ្វើការរោងចក្រ មិនត្រឡប់មកផ្ទះវិញ៣ថ្ងៃ ទើបសម្រេចចិត្តចងកបញ្ចប់ជីវិតតែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES