Thursday, April 25, 2024
Homeព័ត៌មានជាតិកូនប្រុសសុំទៅងូតទឹកស្រះ បាត់រហូតតែម្តង

កូនប្រុសសុំទៅងូតទឹកស្រះ បាត់រហូតតែម្តង

ខេត្តកំពង់ធំ ៖ ក្មេងប្រុសម្នាក់បានសុំម្តាយរបស់ខ្លួនចេញទៅងូតទឹកស្រះមួយភ្លែត លុះទៅបាត់យូរពេក ធ្វើឱ្យស្ត្រីជាម្តាយបារម្ភ ក៏តាមទៅរក តែរកមិនឃើញ លុះសង្ស័យចុះរាវរកក្នុងទឹក ក៏ប្រទះឃើញកូនប្រុសលង់ទឹកស្លាប់បាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចស្រះទឹកព្រៃត្រឡាច ស្ថិតក្នុងភូមិព្រៃព្រាល២ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

ក្មេងប្រុងរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះខៅ ណារ៉េន អាយុ១០ឆ្នាំ មានឪពុកឈ្មោះស៊ុត ខេន ម្តាយឈ្មោះសាន ម៉ាច មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្តាយបាននាំកូនប្រុស (ក្មេងប្រុសរងគ្រោះ) ទៅច្រូតស្រូវនៅឯស្រែតាំងពីព្រឹកព្រលឹម លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក្មេងប្រុសរងគ្រោះបានសុំម្តាយទៅងូតទឹកស្រះនៅចំណុចទីតាំងកើតហេតុខាងលើមួយភ្លែត រួចក៏ចេញទៅបាត់មិនឃើញត្រឡប់មកវិញសោះ។

ប្រភពដដែលបន្តថា លុះបាត់កូនប្រុសយូរពេក ស្ត្រីជាម្តាយក៏តាមទៅរកមើលនៅមាត់ស្រះទឹក ក៏ប្រទះឃើញតែស្បែកជើង ប៉ុន្តែមិនឃើញកូនប្រុសសោះ លុះមានការសង្ស័យ ក៏បានស្រែកហៅអ្នកភូមិឱ្យជួយចុះរាវរកក្នុងទឹក ស្រាប់តែប្រទះឃើញកូនប្រុសលង់ទឹកស្លាប់បាត់ទៅហើយ ទើបនាំគ្នាស្រង់ឡើងមកលើគោក និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES