Friday, March 29, 2024
Homeព័ត៌មានជាតិនេះជាមេរៀនសម្រាប់អ្នកមានឡានជួល!!! ជួលរថយន្តពីក្រុមហ៊ុន យកទៅជួលបន្ត អ្នកទី២ ជាយកទៅបញ្ចាំ

នេះជាមេរៀនសម្រាប់អ្នកមានឡានជួល!!! ជួលរថយន្តពីក្រុមហ៊ុន យកទៅជួលបន្ត អ្នកទី២ ជាយកទៅបញ្ចាំ

ភ្នំពេញ ៖ បុរសម្នាក់បានជួលរថយន្តពីក្រុមហ៊ុន យកទៅជួលឱ្យអ្នកផ្សេងបន្តទៀត បែរជាអ្នកជួលទី២នោះ យករថយន្តទៅបញ្ចាំបាត់ រួចមកជួលរថយន្តមួយគ្រឿងផ្សេងទៀត មកជិះធ្វើឬកដូចខ្លួនអ្នកមានសម្បើមណាស់ លុះម្ចាស់រថយន្តរកឃើញកន្លែងបញ្ចាំតាមដានទាន់ ឃាត់ប្តឹងប៉ូលីសនាំទៅសាកសួរ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី មុខផ្សារពោធិ៍ចិនតុង ភូមិប៉ប្រកត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តទាំង២របស់ក្រុមហ៊ុនស៊ីធីលីង ដែលមានទីតាំងស្ថិតនៅខណ្ឌឫស្សីកែវ ១គ្រឿង ម៉ាកឡិចស៊ីស៤៧០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2L-6399 បច្ចុប្បន្ននៅកន្លែងបញ្ចាំ និង១គ្រឿងទៀត ម៉ាកឡិចស៊ីស៤៧០ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AK-1546 បច្ចុប្បន្ននៅអ្នកផ្សេងជិះ។ ចំណែកបុរសអ្នកជួលរថយន្តទី១ ពីក្រុមហ៊ុនមានឈ្មោះងួន ហេង អាយុ៤២ឆ្នាំ។ ចំណែកបុរសអ្នកជួលរថយន្តទី២ បន្តពីឈ្មោះងួន ហេង មានពីរនាក់ ទី១ -ឈ្មោះកែវ ភួង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរគួកជេ មានលំនៅក្នុងបុរីពិភពថ្មី ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ទី២-ឈ្មោះមៀច ស៊ីដេត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ មានលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ដោយឡែកបុរសម្នាក់គ្រាន់តែជាអ្នករួមដំណើរជាមួយ មានឈ្មោះប៊ុន ថេង ភេទប្រុស អាយុ៣៤ឆ្នាំ ជាមន្ត្រីយោធា មានលំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ប្រភពព័ត៌មានពីតំណាងក្រុមហ៊ុនស៊ីធីលីង បានឱ្យដឹងថា ក្រុមហ៊ុនបានជួលរថយន្តឡិចស៊ីស៤៧០ ចំនួន២គ្រឿង ឱ្យទៅឈ្មោះងួន ហេង ដោយគ្រឿងតម្លៃ១១០០ដុល្លារ ជួលរយៈពេល១ខែ ស្រាប់តែឈ្មោះងួន ហេង បានយករថយន្តមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2L-6399 ជួលបន្តឱ្យទៅឈ្មោះកែវ ភួង និងឈ្មោះមៀច ស៊ីដេត បានក្នុងតម្លៃ១៥០០ដុល្លារ ក្នុង១ខែ តែបែរជាមនុស្សទាំង២នាក់ខាងលើ លួចយករថយន្តទៅដាក់បញ្ចាំបន្តទៀត នៅក្រុមហ៊ុនចិនមួយកន្លែង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមក ក្នុងតម្លៃ១៧០០០ដុល្លារទៅវិញ។ រួចមកជួលរថយន្តឡិចស៊ីស៤៧០ ពាក់ស្លាកលេខភ្នំពេញ 2AK-1546 ពីឈ្មោះងួន ហេង មួយគ្រឿងទៀត កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ មកជិះធ្វើមិនដឹង។

ប្រភពដដែលបន្តទៀតថា ឃើញការជួលរថយន្តខាងលើមានសភាពមិនប្រក្រតី កាលពីជួលឱ្យទៅមនុស្សទី១ បែរជាឃើញរថយន្តនៅមនុស្សទី២ជិះ និងយកទៅបញ្ចាំទៀត ទើបស្រាវជ្រាវតាមដានភ្លាមៗ ទីបំផុតប្រទះឃើញរថយន្តខ្លួននៅអ្នកផ្សេងជិះតាមផ្លូវសហព័ន្ធរុស្ស៊ី ពីលិចទៅកើត មុខផ្សារពោធិ៍ចិនតុង នាថ្ងៃទី០៣ ខែធ្នូនេះ ឃាត់ប្តឹងប៉ូលិសនាំទៅសាកសួរ។

ប្រភពព័ត៌មានពីជនជាតិចិន អ្នកទទួលបញ្ចាំបានមកចង្អុលមុខមនុស្ស២នាក់ កែវ ភួង និងមៀច ស៊ីដេត ថាអ្នកទាំង២នឹងហើយជាអ្នកយករថយន្តទៅបញ្ចាំ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កន្លងមក ក្នុងតម្លៃ១៧០០០ដុល្លារ។

ក្រោយពីសាកសួរ ដោយមានឯកសារបញ្ចាំនៅខាងក្រុមហ៊ុនស៊ីធីលីង ត្រឹមត្រូវ ទើបនគរបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចប្រគល់រថយន្តមួយគ្រឿង និងមនុស្ស២នាក់ ដែលជាអ្នកជួលជិះទី២ ទៅឱ្យខាងនគរបាលខណ្ឌឫស្សីកែវ វិញ ដើម្បីសាកសួរបន្តទៅតាមនីតិវិធី៕

RELATED ARTICLES