Saturday, April 20, 2024
Homeព័ត៌មានជាតិប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ព្រួយបារម្ភរថយន្តដឹកសំពីងសំពោង លេចមុខកណ្តាលក្រុងទាំងយប់ថ្ងៃ

ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ព្រួយបារម្ភរថយន្តដឹកសំពីងសំពោង លេចមុខកណ្តាលក្រុងទាំងយប់ថ្ងៃ

ភ្នំពេញ ៖ រថយន្តដឹកផ្ទុកទំនិញអេតចាយ គ្មានសណ្តាប់ធ្នាប់សំពីងសំពោង នៅតែត្រូវបានគេប្រទះឃើញ ធ្វើចរាចរណ៍បើកចេញចូលរាជធានីភ្នំពេញ យ៉ាងរំភើយ ទាំងយប់ទាំងថ្ងៃ និងពុំដែលឃើញសមត្ថកិច្ចជំនាញណាចាប់ឃាត់ទុក ដើម្បីព្រមាន ឬអប់រំអ្វីសោះឡើយ ហើយទោះជាកន្លងមក អាជ្ញាធររាជធានីភ្នំពេញ ប្រឹងដាក់ចេញនូវវិធានការណ៍តឹងរឹងយ៉ាងណា ក៏មន្ត្រីអនុវត្តច្បាប់ជាក់ស្តែង ហាក់មិនយកចិត្តទុកដាក់សោះ បានត្រឹមផ្លុំកញ្ចែហៅឈប់ លុះម្ចាស់ឡានចាប់រលាក់ដៃរួចធ្លាក់លុយ ក៏អាចបន្តដំណើរទៅមុខទៀត ដោយគ្មានអ្វីរាំងស្ទះនោះទេ។

ប្រជាពលរដ្ឋអ្នកដំណើរទូទៅបានសម្តែងនូវការព្រួយបារម្ភ ភ័យខ្លាចរបស់ខ្លួនថា រាល់ថ្ងៃនេះ ការធ្វើដំណើរតាមដងផ្លូវរបស់ពួកគាត់ប្រឈមនឹងហានិភ័យខ្ពស់ណាស់ ដោយសារតែពួកគាត់តែងសង្កេតឃើញមានរថយន្តដឹកទំនិញ អីវ៉ាន់អេតចាយសំពីងសំពោង ខុសបច្ចេកទេស ធ្វើដំណើរពេញក្នុងក្រុង ដោយមិនខ្លាចដាច់ធ្លាក់សង្កត់លើអ្នកដែលធ្វើដំណើរតាមផ្លូវនោះទេ។

ប្រជាពលរដ្ឋបានរិះគន់ចំៗថា មន្ត្រីនគរបាលចរាចរណ៍ បានត្រឹមតែបើកភ្នែកធំៗសម្លឹងមើលរថយន្តទាំងនោះ ប៉ុន្តែពុំមានការបង្ក្រាប ឬហាមឃាត់ឱ្យច្បាស់លាស់នោះទេ តែបើឃើញប្រជាពលរដ្ឋក្រីក្រជិះម៉ូតូឆ្លងកាត់ ដោយពុំបានពាក់មួកសុវត្ថិភាព ឬម៉ូតូអត់កញ្ចក់វិញ គឺជញ្ជក់មាត់ដូចកុកឃើញត្រី ដែលករណីនេះ ពួកគាត់សង្ស័យថា សមត្ថកិច្ចច្បាស់ជាត្រូវថ្នាំសណ្តំផ្អែមមាត់ផ្អែមក ជាមួយក្រុមឈ្មួញហើយ បានជាធ្វើមិនឃើញ ហើយពុំបង្ក្រាបបែបនេះ។ ពួកគាត់លើកក្តីព្រួយបារម្ភថា ការដឹកសំពីងសំពោងបែបនេះ អាចនឹងបង្កគ្រោះថ្នាក់ច្រើនណាស់ ដូចជា ដាច់ខ្សែធ្លាក់ទំនិញ ប៉ះពាល់ដល់អ្នកដែលធ្វើដំណើរតាមដងផ្លូវជាមួយគ្នា ឬក៏ទំនិញធ្ងន់ពេក បោករថយន្ត ធ្វើឱ្យអ្នកបើកបរមិនអាចគ្រប់គ្រងរថយន្តបានត្រឹមត្រូវតាមបច្ចេកទេស និងអាចបង្កគ្រោះថ្នាក់ចរាចរណ៍ផងក៏មានដែរ ព្រោះពួកគាត់សង្កេតឃើញថា ពេលខ្លះគាត់ឃើញទំនិញលើរថយន្ត មានការផ្អៀងស្ទើរតែដាច់ធ្លាក់ម្តងៗ។ លើសពីនេះទៀត ពេលខ្លះរថយន្តបានរេពេញផ្លូវ ដោយសារតែដឹកធ្ងន់ពេកយោលរថយន្ត អ្នកបើកបរមិនអាចទប់ចង្កូតនឹង។

ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ករណីរថយន្តដឹកសំពីងសំពោងនេះ ពួកគាត់ហាក់មិនសូវឃើញមានអន្តរាគមន៍ពីនគរបាលចរាចរណ៍នោះទេ ហើយពេលខ្លះនៅពេលឃើញមានវត្តមានរថយន្តដឹកសំពីងសំពោងបែបេនះ គេឃើញនគរបាលចរាចរណ៍ តែងស្ទុះស្ទាចេញទៅស្ទាក់ពីមុខ ប៉ុន្តែមិនមែនស្ទាក់ឃាត់ទុក ដើម្បីអប់រំ ឬព្រមានអ្វីទេ បែរជាស្ទាក់ចាប់ដៃតៃកុង ឬព្រូរថយន្តទៅវិញ លុះចាប់រលាក់ដៃរួច ក៏អនុញ្ញាតឱ្យរថយន្តទាំងនោះ បន្តដំណើរទៅមុខទៀតហើយ ដែលទង្វើនេះបានធ្វើឱ្យរថយន្តដែលដឹកទំនិញសំពីងសំពោង ហាក់ដូចជាមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

គួរបញ្ជាក់ថា កន្លងមក អាជ្ញាធររាជធានីភ្នំពេញ មានទាំងលោកអភិបាលរាជធានីភ្នំពេញ ក៏ដូចលោកស្នងការនគរបាលរាជធានីភ្នំពេញ តែងដាក់ចេញបម្រាមហាមឃាត់ជារឿយៗ មិនអនុញ្ញាតឱ្យរថយន្តធុនធំ រថយន្តដឹកទំនិញខុសបច្ចេកទេស ដឹកសំពីងសំពោង ធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញនោះទេ ពិសេសក្រសួងសាធារណការក៏បានចេញច្បាប់ ប្រកាសហាមរថយន្តដឹកខុសបច្ចេកទេសចរាចរណ៍លើដងផ្លូវ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ងាយប្រឈមនឹងហានិភ័យខ្ពស់ បង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ក៏ប៉ុន្តែការហាមប្រាមដាក់ផែនការដល់មន្ត្រីជំនាញ មន្ត្រីទទួលបន្ទុកចរាចរណ៍សណ្តាប់ធ្នាប់ ក្រោយពីមានផែនការថ្នាក់លើដាក់បញ្ជា ធ្វើតែមួយប្រាវ ក៏ស្ងាត់បាត់សកម្មភាពត្រួតពិនិត្យទៅវិញអស់ ជាក់ស្តែង សព្វថ្ងៃ រថយន្តដឹកសំពីងសំពោងនៅតែមានវត្តមានទាំងយប់ថ្ងៃ កណ្តាលរាជធានីភ្នំពេញ ដដែល៕

RELATED ARTICLES