សឿន វីតា ធ្វើខួបឲ្យកូនប្រុសផ្អើលហាងវីហ្វ្រេន

0
364

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញនេះតារាសម្ដែងលេងពុកមាត់លោកសឿន វីតា បានធ្វើខួបកំណើតឲ្យកូនប្រុសគម្រប់ខួប១ឆ្នាំ ដែលគេកត់សម្គាល់ថា មានភ្ញៀវកិត្តិយសជាច្រើនជាពិសេសមិត្តភក្តិក្នុងចង្កោមសិល្បៈជា បានចូលរួមយ៉ាងច្រើនកុះករឡើងលើសចំនួនតុផ្អើលហាងវីហ្វ្រេនតែម្ដង។

លោកសឿន វីតា បានថ្លែងឲ្យដឹងថា ពិធីរបស់លោកត្រូវបានប្រកាសថាប្រារព្ធធ្វើតែជាង១០តុប៉ុណ្ណោះ ប៉ុន្តែដល់ពេលជាក់ស្ដែងគឺឡើងដល់៣០តុ ខណៈដែលលោកទើបធ្វើពិធីធំដុំជាលើកទី១ ។លោកថា ដោយសារតែលោកវ័យច្រើនមកហើយ ហើយទើបតែមានកូនប្រុសមួយអាយុ១ឆ្នាំ ទើបលោកសម្រេចចិត្តធ្វើពិធីធំដុំ ដើម្បីអោយមានការជួបជុំរវាងតារាសិល្បៈ ផលិតករ និងមិត្តភក្តិតែម្ដង។ ម្យ៉ាងមកពីលោកក៏ចង់បង្ហាញអោយស្គាល់ពីមុខមាត់របស់ភរិយា និងកូនប្រុសនៅក្នុងពិធីនោះផង ទើបសម្រេចរៀបចំធំដុំតែម្ដង។

លោកវីតា បានឲ្យដឹងថាកូនប្រុសរបស់លោកមានឈ្មោះថា វីតា ណាដេត ហើយកាលពីពេលថ្មីកូនប្រុសរបស់លោកក៏ត្រូវផលិតករស្នើអោយថតរឿងជាតួកូនក្មេងផងដែរ ទើបលោកយល់ថាកូនប្រុសរបស់លោក មិនត្រឹមតែជាគ្រាប់ពេជ្រនៅក្នុងជីវិតប៉ុណ្ណោះទេ ប៉ុន្តែក៏ចាប់ផ្ដើមមានដុងថតកុនតាមលោកតាំងពីក្មេង ដែលអាចទទួលបានចំណូលជាបណ្ដើរៗផងដែរ។

 

លោកថា សប្បាយចិត្តខ្លាំងណាស់ ដែលក្នុងថ្ងៃទី១២ ខែធ្នូនោះ គឺមានពិធីច្រើនកន្លែង ព្រោះតែថ្ងៃ១២ ខែ១២ គេចូលចិត្តជ្រើសជាថ្ងៃពិសេស ស្រាប់តែពិធីរបស់លោកបែរជាមានអ្នកចូលរួមដល់ថ្នាក់ទទួលតុមិនគ្រាន់ទៅវិញ។ នៅក្នុងពិធីរបស់លោកក្រៅពីវត្តមានតារាសិល្បៈ និងមិត្តភ័ក្រ្ត ក៏មានអ្នកមានមុខមាត់នៅក្រៅសិល្បៈច្រើននាក់ផងដែរបង្ហាញខ្លួន។ លោកអះអាងថាប្រឡូកសិល្បៈប្រមាណជាង១០ឆ្នាំហើយ គឺទើបតែមានពិធីធំម្ដងនេះគត់ ទើបបណ្ដាតារាសិល្បៈច្រើននាក់ដែលលោកបានអញ្ជើញភាគច្រើនមិនទាំងបានយកលិខិតទៅជូននោះមក នៅតែមកចូលរួមអបអរពិធីខួបកំណើតកូនប្រុសរបស់លោកឡើងផ្អើលហាងវីហ្វ្រេនតែម្ដង៕