Thursday, April 25, 2024
Homeតារាខ្មែរសុគន្ធ និសា រៀបការទាំងភ័យ

សុគន្ធ និសា រៀបការទាំងភ័យ

មង្គលការតារាចម្រៀងសុគន្ធ និសា ពិតជាបានធ្វើឱ្យមានការចាប់អារម្មណ៍ច្រើនពីស្រទាប់មហាជន ព្រោះតែតារាតូចច្រឡឹងរូបនេះ ដោយតែងខ្លួនជាឈុតប្រពៃណី ទៅកាន់តែមានសម្រស់ស្អាតដាច់គេ ហើយចាត់ទុកថា ជាអាពាហ៍ពិពាហ៍ធំជាងគេប្រចាំឆ្នាំផងដែរ។

យ៉ាងណា ការលាក្រមុំរបស់សុគន្ធ និសា នេះ ហាក់ដូចជានាងរៀបការទាំងប្រថុយ ព្រោះខ្លាចអ្នកកាសែតផង ខ្លាចធ្លាក់កូដផង ទើបអ្នកខ្លះថា និសា ចូលរោងការទាំងភ័យ…។

ចាត់ទុកថា ជាមង្គលការដ៏ធំបំផុតមួយ សម្រាប់តារាសិល្បៈខ្មែរ ប្រចាំឆ្នាំ2017 ដែលអ្នកចម្រៀងល្បីល្បាញរបស់ផលិតកម្មរស្មីហង្សមាស ប៉ុន សុគន្ធា ហៅសុគន្ធ និសា បានដឹកដៃប្រុសស្នេហ៍ជាអាណិកជនខ្មែរ នៅរដ្ឋឡូវែល សហរដ្ឋអាមេរិក លោកចៅ សម្បត្តិ ហៅសាំបា ក្រាបផ្ទឹម កាលពីថ្ងៃទី01 ខែធ្នូ ឆ្នាំ2017 នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភោគីត្រា ដោយហៅភ្ញៀវ700នាក់ (70តុ) ចូលរួមដែលភាគច្រើនជាតារាសិល្បៈ និងអ្នកជំនួញល្បីៗនោះ។ ក្រុមអ្នកកាសែតជាច្រើនបានទៅចូលយកព័ត៌មានពីថ្ងៃពិសេសរបស់សុគន្ធ និសា នោះ ដើម្បីផ្សព្វផ្សាយព័ត៌មានដល់មហាជន ព្រោះថា នាងជាមនុស្សរបស់មហាជន តែគួរឱ្យស្តាយ សុគន្ធ និសា និងប្តី មិនផ្តល់បទសម្ភាសន៍រឿងរៀបការនោះទេ។

សាច់ញាតិរបស់សុគន្ធ និសា ដែលនៅក្បែរតារាចម្រៀងរូបនេះ បានប្រាប់អ្នកកាសែតថា សុគន្ធ និសា ត្រូវការស្ងប់ស្ងាត់ជាឯកជន មិនចង់ឱ្យមានព័ត៌មានចុះផ្សាយមិនល្អពីនាងទៀតទេ ព្រោះប្តីនាងជាអ្នកជំនួញជាអ្នករកស៊ី។

ប៉ុន្តែ យ៉ាងណាជុំវិញការមិនស្វាគមន៍អ្នកកាសែតរបស់សុគន្ធ និសា និងស្វាមី ក្នុងថ្ងៃរៀបការនោះ គឺមិនមែនតែក្នុងពិធីជប់លៀងនេ សូហ្វីតែល នោះទេ គឺតាំងពីថ្ងៃចូលរោងការ កាលពីល្ងាចថ្ងៃទី30 ខែវិច្ឆិកា ដែលរៀបចំនៅផ្ទះវីឡារបស់នាងនៅបុរីពិភពថ្មី ផ្លូវគីឡូម៉ែត្រលេខ6 ម៉្លេះ។

មជ្ឈដ្ឋានមហាជនបានលើកឡើងថា សុគន្ធ និសា រៀបការជាចំហ និងធ្វើពិធីជប់លៀង នៅសណ្ឋាគារផ្កាយ5 សូហ្វីតែល ភ្នំពេញ ភោគីត្រា ដោយសរុបពិធីទាំងមូលចំណាយអស់មិនក្រោម10ម៉ឺនដុល្លារនោះ បែរជាធ្វើហាក់ដូចជាមានរឿងលាក់បាំងនៅក្រោយខ្នងទៅវិញ ដែលខុសពីតារាល្បីៗមួយចំនួន តែងតែស្វាគមន៍អ្នកកាសែតនៅថ្ងៃពិសេសរបស់ខ្លួន ជាពិសេស ថ្ងៃរៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវនោះ។

ពិធីការម្នាក់ដែលកាន់អាយកូមនៅក្នុងដៃ បានឱ្យដឹងថា ខ្លួនគឺជាអ្នកជិតដិត និងមានការរាប់អានជាមួយសុគន្ធ និសា ជាយូរមកហើយនោះ បានប្រាប់អ្នកយកព័ត៌មានយើងថា “តាមខ្ញុំដឹង បងនិសា គាត់ការនេះ គឺធ្វើទាំងប្រថុយទេ ព្រោះគាត់កំពុងល្បីខ្លាំងអីចឹង រៀបការទៅគេចមិនផុតពីការធ្លាក់កូដទេ គាត់ដឹងខ្លួនគាត់ច្បាស់ណាស់ តែធ្វើម៉េចគាត់ដល់វ័យការ និងយកកូនហើយ។ ចំពោះការដែលគាត់មិនចង់ឱ្យអ្នកកាសែតផ្សព្វផ្សាយ និងថតរូបច្រើនគ្រប់ចំណុចនោះ គឺមិនមែនគាត់ស្អប់ ឬចង់ធ្វើសត្រូវជាមួយអ្នកកាសែតទេ តែគាត់ថា បើអ្នកកាសែតចុះកាន់តែច្រើន គឺគាត់នឹងកាន់តែធ្លាក់ថែមទៀត ព្រោះពិបាកណាស់ តារាណាក៏ដោយ ឱ្យតែរៀបការ គឺខ្មែរយើងលែងសូវគាំទ្រដូចកាលនៅលីវទៀតហើយ មិនមែនតែតារាស្រីទេ តារាប្រុសក៏អីចឹងដែរ អីចឹងបានជាគាត់ប្រាប់ខ្ញុំថា កុំឱ្យអ្នកកាសែតមកចូលច្រើនពេក ព្រោះពួកគេមិនសរសេរល្អទាំងអស់ទេ”។

ខណៈដែលសុគន្ធ និសា ក្លាយទៅជាភរិយាលោកសាំបា នោះដែរ គេចាប់អារម្មណ៍ផងដែរថា អតីតគូដណ្តឹងរបស់នាង លោកសុខ ជំនោរ ដែលធ្លាប់រួមរស់ជាមួយនិសា អស់ 7ឆ្នាំនោះ ក៏បានដឹកដៃម្ចាស់ចិត្តថ្មី អ្នកនាងស្រី សុរង្ស៊ី ចូលរោងការ កាលពីថ្ងៃទី26 ខែវិច្ឆិកា ដែរ គឺមិនឱ្យចាញ់សុគន្ធ និសា ឡើយ ទើបធ្វើឱ្យចំណងស្នេហ៍ដែលនិសា បានចាត់ទុកថា ប្រៀបបានទឹកនិងប្រេងនោះ ត្រូវកប់ចោលនៅត្រឹមចុងឆ្នាំ2017 នេះតែម្តង។

ប្រភពបានឱ្យដឹងថា សុគន្ធ និសា ទទួលបានការជួយជ្រោមជ្រែងពីលោកសាំបា ជាច្រើន មុនពេលដែលនាងព្រមធ្វើជាភរិយារបស់អាណិកជនខ្មែរ រូបនេះ ក្នុងនោះ មាន ដូចជាផ្ទះវីឡា1 នៅបុរីពិភពថ្មី តម្លៃជាង20ម៉ឺនដុល្លារ ហាងគុយទាវនៅកោះពេជ្រ និងមុនរៀបការនេះ និសា បានប្តូរពីជិះរថយន្ត Lexus RX330 ទៅជិះ Range Rover កូនកាត់ផងដែរ ដែលគេជឿថា ថវិកាទាំងនោះ គឺជាចំណែកធំរបស់លោកចៅ សម្បត្តិ ហៅសាំបា ដែលនេះមានតួនាទីជាប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Manulife នោះ។

អ្នកសិល្បៈមួយចំនួនដែលទៅចូលរួមមង្គលការនិសា បានឱ្យដឹងថា ទោះជានិសា បោះបង់តំណែងជាជំទាវមែន តែពេលនេះ នាងមានទ្រព្យមិនចាញ់សេដ្ឋិនីឡើយ ព្រោះថា ប្តីនាងមានទ្រព្យស្តុក ដូចឧកញ៉ាអីចឹង ហើយពួកគេជឿថា និសា នឹងមិនសម្រុកការងារសិល្បៈពេញទំហឹង ដូចកាលពីមុនទៀតឡើយ។

តាមប្រភពពីសាច់ញាតិ សុគន្ធ និសា បានបង្ហើបឱ្យដឹងថា តារាចម្រៀងហង្សមាស រូបនេះ គ្រោងដឹកដៃប្តីទៅក្រេបចន្ទទឹកឃ្មុំ (Honey moon) នៅកោះម៉ាល់ឌីវ និងបន្តទៅកាត់ចំណងដៃនៅអាមេរិក ព្រោះប្តីនាងមានផ្ទះ នៅរដ្ឋឡូវែល ហើយមានសាច់ញាតិច្រើន ដែលមិនបានមកចូលរួមមង្គលការនៅស្រុកខ្មែរ ហេតុ- នេះហើយបានជាចង់ធ្វើពិធីកាត់ចំណងដៃនៅទីនោះ។

ប្រភពបានឱ្យដឹងថា សុគន្ធ និសា នឹងយកកូនឱ្យបានមុនអតីតសង្សារ សុខ ជំនោរ គឺមិនខ្លាចពពោះប៉ះពាល់អាជីពចម្រៀងទេ ព្រោះថា និសា ស្រលាញ់និងចូលចិត្តក្មេងៗខ្លាំងណាស់៕

RELATED ARTICLES