ឈប់ឡានទិញទឹកហូប ស្រីក្មេងទាញដុំថ្មគប់បែកកញ្ចក់

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ត្រូវបានគេអះអាងថា មានសតិមិនប្រក្រតី តែងដើរត្រាច់ចរតាមដងផ្លូវដោយគ្មានគោលដៅច្បាស់លាស់ លុះឃើញរថយន្តតាក់ស៊ី១គ្រឿង​ ឈប់ទិញទឹកហូបនៅចិញ្ចើមផ្លូវ ក៏ទាញដុំថ្មគប់បណ្តាលឱ្យបែកកញ្ចក់ខាងមុខ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចទល់មុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

នារីវ័យក្មេងដែលទាញដុំថ្មគប់រថយន្តតាក់ស៊ីបែកកញ្ចក់នេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណ២០ឆ្នាំ ស្លៀកខោខូវប៊យ និងពាក់អាវយឺតពណ៌ខៀវ។

តាមសម្តីពីអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានរថយន្តតាក់ស៊ី១គ្រឿង មកឈប់ទិញទឹកហូបនៅចំណុចមុខវត្តស្ទឹងមានជ័យ។ ខណៈពេលនោះដែរ មិនដឹងថា នារីវ័យក្មេងខាងលើដើរមកពីណានោះទេ ក៏បានយកដុំថ្មទៅគប់រថយន្តតាក់ស៊ីនោះ បណ្តាលអោយបែកកញ្ចក់ខាងមុខតែម្តង។

ប្រភពដដែលបន្តថា ភ្លាមៗនោះដែរ អ្នករត់តាក់ស៊ីជាម្ចាស់រថយន្ត បានចុះពីលើរថយន្តរត់ចាប់ចងនារីរូបនោះជាប់ លុះបន្តិចក្រោយ ឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចហើយបានសួរនាំពីដំណើររឿង ហើយពេលនោះដែរ អ្នកបើកបររថយន្តរូបនោះ ព្រោះតែមិនចង់មានរឿងវែងឆ្ងាយ ក៏បានបើករថយន្តចេញទៅបាត់ទៅ។

ក្រោយពេលកើតហេតុ នារីវ័យក្មេងខាងលើ បាននិយាយស្តីទាំងអាការវង្វេងវង្វាន់ ជេរគេជេរឯងគ្រប់គ្នា លុះមួយសន្ទុះក្រោយមក ដោយឃើញនារីរូបនោះហាក់បីដូចជារៀងដឹងខ្លួនបន្តិច សមត្ថកិច្ចក៏ស្រាយចំណងឱ្យនាងធ្វើដំណើរបន្តទៅទៀតទៅ។

ដោយឡែកតាមសម្តីស្ត្រីម្នាក់ សុំមិនបញ្ចោញឈ្មោះ បានឱ្យដឹងថា នារីវ័យក្មេងរូបនេះ តែងស្នាក់នៅជាមួយគាត់រាល់ថ្ងៃ តែនាងគ្មានជាប់សាច់ឈាមអីនឹងគាត់ទេ។ នាងមានឈ្មោះខា ចំណែកឪពុកម្តាយរបស់នាងបានស្លាប់ចោលនាងអស់ទៅហើយ ហើយរាល់ថ្ងៃនេះ នាងមានសតិស្មារតីមិនប្រក្រតីនោះទេ ចេះតែដើរហើរគ្មានដំណឹង និងតែងបង្កបញ្ហាជាញឹកញាប់ ធ្វើឱ្យគាត់ចេះតែបារម្ភខ្លាចថ្ងៃណាមួយ នាងសម្លាប់គាត់ចោលទៀតផង ហើយពេលនេះ ទោះជាគាត់បានដេញនាងចេញមិនឱ្យស្នាក់នៅជាមួយយ៉ាងណា ក៏នាងមិនព្រមចេញដែរ ស្រាប់តែថ្ងៃនេះ នាងបានដើរមកគប់កញ្ចក់រថយន្តគេបែកបែបនេះតែម្តង៕