Wednesday, April 24, 2024
Homeព័ត៌មានជាតិជម្លោះរឿងខ្ចីលុយ១០មុឺនរៀល មិនព្រមសង ម្ចាស់បំណុលទាញដំបង កូនបំណុលលើកកាំបិតរង

ជម្លោះរឿងខ្ចីលុយ១០មុឺនរៀល មិនព្រមសង ម្ចាស់បំណុលទាញដំបង កូនបំណុលលើកកាំបិតរង

ភ្នំពេញ ៖ បុរស៤នាក់ បានលើកគ្នាទៅជួយទារលុយប្អូនដែលត្រូវស្ត្រីជាអ្នកលក់បន្លែម្នាក់ ជំពាក់១០ម៉ឺនរៀល តែមិនព្រមសង លុះទៅដល់កើតជាជម្លោះ ផ្ទុះទៅជាហិង្សា ដោយភាគីម្ចាស់បំណុលប្រដាប់ដោយដំបង ចំណែកភាគីកូនបំណុលប្រដាប់ដោយកាំបិត ទីបំផុត ក៏រងរបួសទាំងសងខាង និងបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៤៤០ ស្ថិតក្នុងភូមិ៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

តាមសម្តីបុរសឈ្មោះចាន់ ប៉េងលី អាយុ២៥ឆ្នាំ មុខរបរលក់លៀសហាល ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ គាត់បានទៅជួយទារលុយឱ្យបងប្អូននៅផ្សារទួលទំពូង តែមុននឹងទៅគាត់បានផឹកស្រាបៀរខ្លះដែរ។ លុះពេលទៅដល់កន្លែងលក់បន្លែ ទារលុយស្ត្រីដែលជំពាក់លុយប្អូន ក៏បានឈ្លោះប្រកែកគ្នា រហូតឈានដល់អំពើហិង្សា ទើបខ្លួនឃើញបែបនេះ ក៏ចូលទៅឃាត់កុំឱ្យភាគីទាំងពីរឈ្លោះប្រកែកគ្នា ស្រាប់តែត្រូវស្ត្រីជាអ្នកលក់បន្លែយកកូនកាំបិតមកចាក់ចំកែងដៃខាងឆ្វេងរបស់គាត់ បណ្តាលឱ្យមុតហូរឈាមដូចទឹក មិនដឹងអ្នកណាយកដំបងវ៉ៃពួកគាត់ទេ ក្រោយមកត្រូវសមត្ថកិច្ចចុះមកហៅទាំង២ភាគីទៅដោះស្រាយគ្នា នៅប៉ុស្តិ៍នគរបាលតែម្តង។

ចំណែកស្ត្រីដែលជំពាក់លុយគេ ឈ្មោះចាន់ កញ្ញា អាយុ២៥ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បានសារភាពថា នាងពិតជាបានជំពាក់លុយក្រុមគ្រួសារខាងលើចំនួន១០ម៉ឺនរៀលប្រាកដមែន ដោយសារតែនាងទើបនឹងកូនខ្ចីហើយ បានខ្ចីលុយគេយកធ្វើដើមទុនលក់បន្លែនៅផ្សារទួលទំពូង ស្រាប់តែមកដល់ថ្ងៃកើតហេតុ ក្រុមគ្រួសារម្ចាស់បំណុល បានលើកគ្នាទៅព្រួតវាយនាងជាកូនបំណុល ទើបម្តាយមីងរបស់នាងម្នាក់ជាអ្នកលក់បន្លែនៅក្បែរគ្នា ចេញមកជួយ ប៉ុន្តែដោយសារភាគីខាងម្ចាស់បំណុលជាមនុស្សប្រុស ថែមទាំងប្រដាប់ដោយបំពង់ទីបទៀត ទើបម្តាយមីងនាងយកកូនកាំបិតមុខពីរប្រតាយប្រតប់ បណ្តាលឱ្យរបួសទាំងភាគីសងខាងតែម្តង។

តាមសម្តីស្ត្រីជាម្តាយមីងស្ត្រីជាកូនបំណុល ឈ្មោះឃួន ចន្ធូរ អាយុ៣៣ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះលេខ២២៦ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បានប្រាប់ថា ក្នុងហេតុការណ៍ហិង្សាខាងលើ ដោយសារតែភាគីម្ខាងទៀតវាយបងស្រីបង្កើតរបស់គាត់ ឈ្មោះឃួន វណ្ណា អាយុ៣៤ឆ្នាំ មុខរបរលក់បន្លែ បណ្តាលឱ្យបែកក្បាល ទើបគាត់បានយកកូនកាំបិតមុខពីរចាក់ទៅលើបុរសម្នាក់ ឱ្យរបួសកែងដៃខាងឆ្វេង ដោយនេះគឺជាសិទ្ធិការពារខ្លួនប៉ុណ្ណោះ។

ប្រភពដដែលបានបន្តថា នៅមុនកើតហេតុគាត់បានលក់បន្លែនៅចំណុចកើតហេតុខាងលើ ស្រាប់តែបន្តិចក្រោយមក ក៏មានបុរស៤នាក់ ជាសាច់ញាតិម្ចាស់បំណុល បានមកទារលុយុពីក្មួយស្រីរបស់គាត់ តែគាត់បានឆ្លើយជំនួសថា ចាំឱ្យគ្នារកសល់លុយបន្តិចសិនចាំមកទារ សូម្បីតែបន្លែដែលទិញយកមកលក់រាល់ថ្ងៃនេះ ក៏ខ្ញុំឱ្យលុយទៅទិញពីផ្សារដើមគ យកមកទុកលក់ដែរ ដើម្បីបានលុយទុកចិញ្ចឹមកូនតូចនៅផ្ទះផង ស្រាប់តែភ្លាមនោះ ក្រុមម្ចាស់បំណុលសុទ្ធជាមនុស្សប្រុសកាន់បំពង់ទីបចូលមកវាយពួកគាត់ ធ្វើឱ្យគាត់ជាស្រីភ័យពេក មិនដឹងធ្វើយ៉ាងម៉េច ក៏យកកូនកាំបិតចិត្តបន្លែមុខពីរ មកការពារខ្លួន បណ្តាលឱ្យបុរសម្នាក់ក្នុងចំណោម៤នាក់ របួសកែងដៃខាងឆ្វេងហូរឈាមតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចឃាត់ខ្លួនភាគីទាំងសងខាង មកធ្វើការសួរនាំ និងធ្វើកិច្ចសន្យា នៅប៉ុស្តិ៍នគរបាលមូលដ្ឋាន។ ដោយសារ តែភាគីទាំងសងខាងរងរបួសដូចគ្នា ទើបភាគីទាំងសងខាងយល់ព្រមមិនប្តឹងផ្តល់អ្វីទេ រួចក៏បែកផ្លូវគ្នាទៅផ្ទះរៀងខ្លួនអស់ទៅ។/

RELATED ARTICLES