Thursday, March 28, 2024
Homeព័ត៌មានជាតិវាយមិនឈប់ ទោះសសៃខ្ចីក៏វាយ ចុងក្រោយប្រពន្ធប្តឹងប៉ូលិស និងសុំលែងលះ

វាយមិនឈប់ ទោះសសៃខ្ចីក៏វាយ ចុងក្រោយប្រពន្ធប្តឹងប៉ូលិស និងសុំលែងលះ

ភ្នំពេញ ៖ បុរសជាប្តីម្នាក់ មួយថ្ងៃៗមិនដែលជួយគិតគូរធ្វើការរកស៊ី ដើម្បីបានប្រាក់ចំណូលចូលផ្ទះចិញ្ចឹមប្រពន្ធកូននោះទេ វក់តែរឿងផឹកស្រា ប្រើប្រាស់ថ្នាំញៀន លុះពេលស្រវឹង ឬបែកថ្នាំម្តងៗ តែងប្រើអំពើហិង្សាវាយដំប្រពន្ធមិនស្វាង លុះចុងក្រោយ ថែមទាំងបានវាយដំប្រពន្ធដែលកំពុងសរសៃខ្ចី បណ្តាលឱ្យរងរបួសដៃ ដើមទ្រូង និងពកក្បាលទៀតផង រហូតធ្វើឱ្យស្ត្រីរងគ្រោះជាប្រពន្ធទ្រាំទ្រលែងបាន ក៏ដាច់ចិត្តប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនប្តីកំណាចយកទៅចាត់ការតាមច្បាប់ និងប្តឹងសុំលែងលះគ្នាឱ្យដាច់ស្រេចតែម្តង។

ករណីប្តីញៀនថ្នាំប្រើហិង្សាវ៉ៃប្រពន្ធពកក្បាលនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១៧ នៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវលំ ស្ថិតក្នុងក្រុម០១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ស្ត្រីរងគ្រោះដែលត្រូវប្តីប្រើហិង្សាដាក់ជារៀងរាល់ថ្ងៃ រហូតដល់ទ្រាំលែងបាន ប្តឹងសុំលែងលះប្តីកំណាចនេះ មានឈ្មោះលី ហេងកន្និកា អាយុ៣១ឆ្នាំ មុខរបរលក់ដូរ មានកូន៣នាក់ក្នុងបន្ទុក (ប្រុស១ ស្រី២)។ ចំណែកជនបង្កហេតុជាប្តីចិត្តកំណាចឃោរឃៅ មានឈ្មោះសេង ទីណេ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀប- រាប់ទាំងទឹកភ្នែកប្រាប់ថា នាង និងប្តីបានចាប់ ដៃគ្នាជាប្តីប្រពន្ធដោយបានរៀបការនៅផ្ទះ ខាងប្តី ព្រមទាំងបានចុះអេតាស៊ីវិលជាមួយគ្នា ត្រឹមត្រូវទៀតផង និងបានរួមរស់បង្កើតបាន កូនប្រុសស្រី៣នាក់ ដោយសព្វថ្ងៃកូនប្រុសពៅ  មិនទាន់មាន អាយុគ្រប់១ខួបនៅឡើយ។

ស្ត្រីរងគ្រោះ បានបន្តទាំងអួលដើមកថា តាំងពីចាប់ដៃគ្នាសាងគ្រួសារមក ប្តីរបស់នាង ល្អត្រឹមត្រូវណាស់ ចេះជួយរកស៊ី លក់ដូរ និង ថែមទាំងយកចិត្តទុកដាក់ស្រលាញ់នាងជាប្រពន្ធ ខ្លាំងណាស់។ លុះក្រោយមក ពួកនាងបាននាំគ្នា ចេញទៅស៊ីឈ្នួលគេនៅស្រុកថៃ ស្រាប់តែប្តី បែកគំនិត ចេះផឹកស៊ីស្រវឹងអួទីនួ វាយដំធ្វើ បាបនាងតាំងពីនាងពពោះកូនដំបូងម៉្លេះ ហើយ កាលពីរស់នៅលើទឹកដីថៃនោះ ប្តីកំណាចនេះ វាយធ្វើបាបនាងខ្លាំងណាស់ ព្រោះតែនៅទីនោះ គ្មានអ្នកណាជួយ ម៉្យាងនាងក៏មិនដឹងជារត់ទៅប្តឹងសុំអន្តរាគមន៍ពីខាងណាដែរ។

ស្ត្រីរងគ្រោះបានឱ្យដឹងទៀតថា ក្រោយមកទៀត នាងក៏លួ់ងលោមប្តីត្រឡប់មកភ្នំពេញ ដើម្បីធ្វើការរកស៊ីវិញ ហើយក៏បានមកជួលផ្ទះខាងលើស្នាក់នៅ និងលក់ដូរតិចតួច គ្រាន់បានប្រាក់ចំណូលចិញ្ចឹមជីវិត។ លុះពេលមកដល់ភ្នំពេញ ប្តីនេះនៅតែមិនចោលចរិតតែងដើរផឹកស៊ីជារៀងរាល់ថ្ងៃ និងថែមទាំងលង់ខ្លួនប្រើប្រាស់ថ្នាំញៀនទៀតផង។ កន្លងមក ប្តីនេះមិនដែលជួយរកស៊ីចិញ្ចឹមប្រពន្ធកូននោះទេ ដឹងតែទារលុយពីប្រពន្ធយកទៅដើរផឹក ទិញថ្នាំញៀនជក់ លុះនាងខឹងខ្លាំងគំរាមប្តឹងប៉ូលិស ប្តីក៏អង្វរកលួងលោមនាង ថាគេសុំជក់ (ថ្នាំញៀន) តែម្តងនេះទៀតទេ ប៉ុន្តែទីបំផុត ដូចឆ្កែកន្ទុយខ្វៀន មិនអាចពត់ឱ្យត្រង់វិញបានឡើយ មិនតែប៉ុណ្ណោះ ថែមទាំងវាយដំធ្វើបាបនាងមិនស្វាង រហូតដល់នាងកំពុងសរសៃខ្ចីកូនប្រុសពៅ ក៏ប្តីនៅតែប្រើហិង្សាដាក់នាងមិនឈប់ដែរ។

ស្ត្រីរងគ្រោះ បញ្ជាក់ថា លុះលើកចុងក្រោយ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ប្តីកំណាចទើបនឹងត្រឡប់មកពីជក់ថ្នាំញៀនវិញ ក៏បានវាយដំធ្វើបាបនាង បណ្តាលឱ្យនាងរងរបួសត្រង់ដៃ ដើមទ្រូង និងពកក្បាល ទើបធ្វើឱ្យនាងទ្រាំទ្រលែងបាន ក៏ដាច់ចិត្តប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនប្តីកំណាចនេះ យកទៅចាត់ការតាមច្បាប់។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវ បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះខាងលើ សមត្ថកិច្ចបានចុះឃាត់ខ្លួនបុរសជាប្តីនាំយកមកសាកសួរ។ ដោយឡែក ស្ត្រីរងគ្រោះជាប្រពន្ធបានបញ្ជាក់ជំហរដាច់ណាត់នៅចំពោះមុខសមត្ថកិច្ចថា នាងស្នើសុំឱ្យសមត្ថកិច្ចចាត់ការបុរសជាប្តីកំណាចរូបនេះតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។ មួយវិញទៀត នៅពេលដែលប្តីចេញមកវិញ នាងសុំលែងលះគ្នា ដោយសុខចិត្តចិញ្ចឹមកូនប្រុសស្រីទាំង៣នាក់តែម្នាក់ឯង ហើយនាងមានសមត្ថភាពអាចរកស៊ីចិញ្ចឹមកូន៣នាក់ រស់ ដោយមិនចាំបាច់ពឹងលើកម្លាំងប្តីឃោរឃៅនេះឡើយ។

បុរសជាប្តីខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតីវិធី៕

RELATED ARTICLES