Friday, April 26, 2024
Homeព័ត៌មានជាតិដើរបុកស្មាលេង គេមិនលេង ឈ្លោះប្រកែកគ្នា ទាញដបស្រាវាយបែកក្បាល

ដើរបុកស្មាលេង គេមិនលេង ឈ្លោះប្រកែកគ្នា ទាញដបស្រាវាយបែកក្បាល

ភ្នំពេញ ៖ យុវជន២នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នា ពីរឿងដើរបុកស្មា រួចក៏ត្រូវភាគីម្ខាងស្ទុះទៅទាញដបស្រាមកវាយគូទំនាស់ តែត្រូវគូទំនាស់ចាប់ដបស្រាជាប់ រួចវាយសំពងវិញ បណ្តាលឱ្យរយះក្បាល និងត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនភាគីទាំងសងខាងនាំទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅតាមផ្លូវលំ ក្រុម៤ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ភាគីទី១-ឈ្មោះវី គឹមសាន្ត អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (រងរបួសរយះក្បាល)។ ចំណែកភាគីទី២-ឈ្មោះវ៉ាង តុង អាយុ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្បែរគ្នា  និងមានស្រុកកំណើតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកអន្លង់វិល ខេត្តបាត់ដំបង។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា នៅមុនកើតហេតុឈ្មោះវី គឹមសាន្ត បានទៅផឹកស៊ីនៅផ្ទះមិត្តភក្តិឈ្មោះក្រពើ ក្នុងភូមិជាមួយគ្នា ក្រោយពីផឹកស៊ីស្រវឹងហើយ ឈ្មោះក្រពើ បានជូនឈ្មោះវី គឹមសាន្ត មកផ្ទះជួលវិញ ពេលមកដល់កំពុងឈរចាំអ្នកផ្ទះបើកទ្វារឱ្យនោះ ស្រាប់តែឈ្មោះវ៉ាង តុង ដើរម្នាក់ឯងចេញពីផ្ទះអ្នកជិតខាង ហើយដោយសារខ្លួនធ្លាប់ស្គាល់ឈ្មោះក្រពើ ដែរ ក៏ធ្វើជាដើរទៅបុកស្មាឈ្មោះក្រពើ បំណងលេងសើច ស្រាប់តែឈ្មោះក្រពើ ថាប្រកាន់ ក៏និយាយថាអត់ភ្នែកទេអី? បន្ទាប់មកក៏បានប៉ះពាក្យសំដីជាមួយឈ្មោះវី គឹមសាន្ត តែម្តង។

ប្រភពដដែលបន្តថា ក្រោយពីមានទំនាស់សម្តីគ្នា ឈ្មោះវី គឹមសាន្ត បានចូលទៅបន្ទប់ទាញយកដបស្រាបំណងមកវាយលើឈ្មោះវ៉ាង តុង តែភ្លាមនោះ ឈ្មោះវ៉ាង តុង ដណ្តើមដបស្រាបាន ក៏វាយទៅលើឈ្មោះវី គឹមសាន្ត វិញ បណ្តាលឱ្យចំក្បាលផ្នែកខាងឆ្វេង រយះបែកឈាម  និងត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាង ចុះទៅដល់បានឃាត់ខ្លួនភាគីទាំងសងខាងយកមកសាកសួរ។

តាមសម្តីសាច់ញាតិភាគីទំនាស់ខាងលើ បានឱ្យដឹងថា ក្នុងករណីទំនាស់ខាងលើនេះ អាណាព្យាបាលសងខាងមានចម្ងល់យ៉ាងខ្លាំងថា ពួកគាត់បានសម្របសម្រួលគ្នារួចហើយ ដោយសម្រេចថាមិនប្តឹងផ្តល់គ្នាអ្វីទេ ប៉ុន្តែហេតុអ្វីបានជាសមត្ថកិច្ចមិនព្រមដោះលែងកូនរបស់ពួកគាត់ បែរជាយកពួកគេទាំង២ទៅឃុំខ្លួនទៅវិញ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនទាំង២នាក់ខាងលើ ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំសាកសួរបន្តពេលក្រោយ៕

RELATED ARTICLES