Friday, March 29, 2024
Homeព័ត៌មានជាតិគ្មានផ្ទះសម្បែង សុំដីគេសង់ផ្ទះជ្រកកោនបណ្តោះអាសន្ន ម្ចាស់ដីប្រាប់ឲ្យរុះរើវិញ ទាញពូថៅកាប់

គ្មានផ្ទះសម្បែង សុំដីគេសង់ផ្ទះជ្រកកោនបណ្តោះអាសន្ន ម្ចាស់ដីប្រាប់ឲ្យរុះរើវិញ ទាញពូថៅកាប់

ខេត្តព្រះវិហារ ៖ បុរសម្នាក់បានសុំដីអ្នកភូមិសង់ផ្ទះជ្រកកោនបណ្តោះអាសន្ន លុះពេលម្ចាស់ដីត្រូវការដីវិញ ប្រាប់ឱ្យរុះផ្ទះចេញ បែរជាផ្ទុះកំហឹងរករឿងឈ្លោះប្រកែក រួចក៏ស្ទុះទៅទាញពូថៅមកកាប់ម្ចាស់ចំនួន៣ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត។

ជនរងគ្រោះដែលត្រូវជនសង្ស័យកាប់៣ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះគឹម រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណនៅឡើយ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ដើមហេតុដំបូង គឺជនសង្ស័យគ្មានដីសម្រាប់សង់ផ្ទះសំបែងជ្រកកោននោះទេ ទើបមកសុំដីរបស់ជនរងគ្រោះ ដើម្បីសង់ផ្ទះស្នាក់នៅបណ្តោះអាសន្ន ចំណែកជនរងគ្រោះដោយមានចិត្តអាណិតអាសូរ ក៏យល់ព្រមឱ្យសង់ផ្ទះលើដីរបស់ខ្លួន ចាំពេលណាត្រូវការ ចាំប្រាប់ជនសង្ស័យវិញ។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ ដោយត្រូវការដីយកមកប្រើការវិញ ទើបជនរងគ្រោះបានទៅប្រាប់ឱ្យជនសង្ស័យរុះរើផ្ទះចេញវិញ ស្រាប់តែជនសង្ស័យច្រឡោតខឹង ក៏រករឿងឈ្លោះប្រកែកជាមួយជនរងគ្រោះជាម្ចាស់ដី មិនតែប៉ុណ្ណោះថែមទាំងបានស្ទុះទៅទាញពូថៅមកកាប់ប្រហារទៅលើជនរងគ្រោះចំនួន៣ពូថៅ ចំក្បាលចំនួន២ពូថៅ និងចំឆ្អឹងជំនី១ពូថៅ បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ ដេកដួលក្នុងថ្លុកឈាមតែម្តង។

ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ដើម្បីសង្គ្រោះបន្ទាន់។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមស្វែងរកជនបង្ក ដើម្បីយកមកកាត់ទោសទៅតាមផ្លូវច្បាប់៕

RELATED ARTICLES