ឃាតករដៃឆៅ! រំលោភសម្លាប់ក្មេងស្រី ហើយចាក់អ្នកចូលជួយធ្លាយពោះ និងគូដណ្តឹងធ្លាយដោះ រួចចាក់សម្លាប់ខ្លួនឯង

ខេត្តពោធិ៍សាត់ ៖ ជនជាឃាតករដៃឆៅ ល្មោភកាមម្នាក់ បានធ្វើសកម្មភាពស្ទាក់ចាប់ក្មេងស្រីសិស្សសាលាម្នាក់ប៉ុនប៉ងរំលោភសេពសន្ថវៈ លុះមានអ្នកប្រទះឃើញស្រែកឱ្យជួយក៏ស្ទុះទៅចាក់ឱ្យធ្លាយពោះរងរបួសធ្ងន់ រួចត្រឡប់មកចាប់ច្របាច់កក្មេងស្រីរងគ្រោះរហូតដល់ស្លាប់ បន្ទាប់មកជនកំណាចរូបនេះ បែរជារត់ទៅផ្ទះនារីជាគូដណ្តឹង រួចចាក់គូដណ្តឹង១កាំបិត បណ្តាលឱ្យធ្លាយដោះ បន្ទាប់មកក៏ប៉ុនប៉ងចាក់សម្លាប់ខ្លួនឯង តែមិនបានសម្រេច និងត្រូវសមត្ថកិច្ចនាំទៅមន្ទីរពេទ្យព្យាបាល មុននឹងនាំទៅចាត់ការតាមច្បាប់។

ហេតុការណ៍រំលោភសេពសន្ថវៈសម្លាប់ក្មេងស្រីសិស្សសាលា រួចបន្តសកម្មភាពចាក់ប្រហារមនុស្ស២នាក់ ឱ្យរងរបួសធ្ងន់ និងប៉ងសម្លាប់ខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចម្តុំវត្តសន្ទ្រែ ស្ថិតក្នុងភូមិក្សត្របុរី ឃុំ សន្ទ្រែ ស្រុកភ្នំក្រវាញ។

ជនសង្ស័យជាឃាតករចិត្តកំណាចឃោរឃៅរូបនេះ មានឈ្មោះង៉ុយ អ៊ី ភេទប្រុស អាយុ២២ឆ្នាំ រស់ភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចសន្ត្រែចាស់ ស្ថិតក្នុងភូមិដែលជនសង្ស័យខាងលើរស់នៅ។ ចំណែកក្មេងស្រីរងគ្រោះដែលទទួលរងអំពើឃាតកម្មរំលោភសេពសន្ថវៈសម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះយ.យ អាយុ១៣ឆ្នាំ មុខរបរសិស្សថ្នាក់ទី៤ មានលំនៅក្នុងចំណុចអូររីង ភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ។

ចំណែកជនរងគ្រោះដែលប៉ុនប៉ងចូលទៅជួយក្មេងស្រីរងគ្រោះ និងត្រូវជនដៃដល់ចាក់ឱ្យរងរបួសធ្ងន់ មានឈ្មោះយី ប៉េស ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុ ខាងលើ។ ដោយឡែកនារីជាគូដណ្តឹង ដែលត្រូវជនដៃដល់ចាក់ធ្លាយដោះ មានឈ្មោះឌីន ដា អាយុ១៩ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ ទើបនឹងដើរចេញពីសាលារៀនសំដៅទៅផ្ទះវិញ ដែលមានចំងាយប្រមាណ៤គីឡូម៉ែត្រ ពីសាលារៀន លុះពេលដើរតាមផ្លូវទៅដល់ចំណុចកើតហេតុខាងលើ ពោលគឺនៅសល់តែ១គីឡូម៉ែត្រទៀតប៉ុណ្ណោះទៅដល់ផ្ទះ ស្រាប់តែលេចមុខជនដៃដល់ល្មោភកាមឈ្មោះង៉ុយ អ៊ី បានចេញមកស្ទាក់ចាប់ក្មេងស្រីរងគ្រោះអូសដៃចូលទៅក្នុងព្រៃចាប់រំលោភសេពសន្ថវៈ។

ប្រភពដដែលបន្តថា ខណៈនោះក្មេងស្រីរងគ្រោះបានស្រែកឱ្យគេជួយយ៉ាងខ្លាំងៗ លុះមួយសន្ទុះក្រោយមក មានយុវជន៣នាក់ ទី១-ឈ្មោះយី ប៉េស ទី២-ឈ្មោះបូន ភិន និងទី៣-ឈ្មោះឌឿន ដា ដែលពួកគេទាំង៣នាក់ កំពុងដើររកក្របីបាត់នៅកន្លែងកើតហេតុ បានឮក៏ស្ទុះចូលមកជួយ តែភ្លាមនោះត្រូវជនសង្ស័យចាក់ប្រហារទៅលើជនរងគ្រោះឈ្មោះយី ប៉េស ១កាំបិតត្រូវពោះ បណ្តាលឱ្យរងរបួសធ្ងន់ ឃើញហេតុដូចនេះ មិត្តភក្តិ២នាក់ទៀត បាននាំគ្នាចូលទៅគ្រាហ៍យកអ្នករបួសរត់ចេញ តែត្រូវជនសង្ស័យដេញតាម តែមិនទាន់ ទើបជនសង្ស័យក៏បែរទិសដៅត្រឡប់ទៅចាប់ច្របាច់កក្មេងស្រីរងគ្រោះ បណ្តាលឱ្យប្រកាច់ស្លាប់នៅនឹងកន្លែង បន្ទាប់មកជនសង្ស័យក៏បានរត់គេចខ្លួនភ្លាមៗ ពីកន្លែងកើតហេតុ។

ចំណែកជនរងគ្រោះឈ្មោះ យី ប៉េស ត្រូវបានមិត្តភក្តិគ្រាហ៍ចូលមកក្នុងភូមិ រួចរៀបរាប់រឿងរ៉ាវប្រាប់អ្នកភូមិ ធ្វើឱ្យមានការផ្អើលឆោឡោឡើងពេញភូមិ និងការរាយការណ៍ប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តាមប្រមាញ់ចាប់ខ្លួនជនដៃដល់ជាឃាតករ។

ប្រភពខាងលើ បានបញ្ជាក់ឱ្យដឹងថា ក្រោយពីធ្វើសកម្មភាពរំលោភសេពសន្ថវៈសម្លាប់ក្មេងស្រីរងគ្រោះរួចហើយ ជនដៃដល់ឈ្មោះ ង៉ុយ អ៊ី បានគេចពីកន្លែងកើតហេតុ សំដៅទៅផ្ទះនារីជាគូដណ្តឹងរបស់ខ្លួន។ លុះដល់វេលាម៉ោង ៧និង៣៥នាទីយប់ថ្ងៃដដែល ជនសង្ស័យក៏បានយកកាំបិតចាក់ទៅលើគូដណ្តឹង១កាំបិតចំដើមដោះខាងឆ្វេង បណ្តាលឱ្យរបួសធ្ងន់ ក្រោយមកជនសង្ស័យក៏យកកាំបិតចាក់ខ្លួនឯងត្រូវពោះ បណ្តាលឱ្យរងរបួសធ្ងន់ រួចក៏គ្រាគូដណ្តឹងសំដៅមកផ្ទះរបស់ខ្លួន ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលឡើងពីក្រុមគ្រួសារនារីរងគ្រោះជាគូដណ្តឹង ទើបសមត្ថកិច្ចបានចុះធ្វើការឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យតែម្តង។

លោកវរសេនីយ៍ត្រី តាន់ គារិទ្ធ អធិការ ស្តីទីនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានបញ្ជាក់ប្រាប់ថា តាមការពិនិត្យបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមិនត្រូវបានជនសង្ស័យរំលោភសេពសន្ថវៈបានសម្រេចនោះឡើយ ប៉ុន្តែត្រូវជនសង្ស័យចាប់ច្របាច់ករហូតដល់ស្លាប់ ហើយសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ចំណែកជនរងគ្រោះ២នាក់ទៀត ទី១-ឈ្មោះឌីន ដា (ត្រូវជាគូដណ្តឹងជនសង្ស័យ) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ និងទី២-ឈ្មោះយី ប៉េស (ជាអ្នកទៅជួយ) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ ដោយឡែកជនសង្ស័យដៃដល់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយមានការយាមកាម និងឃ្លាំមើលយ៉ាងដិតដល់ពីសមត្ថកិច្ចនគរបាលរង់ចាំឱ្យស្ថានភាពរបួសប្រសើរឡើងនឹងនាំខ្លួនមកធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕