Saturday, April 27, 2024
Homeព័ត៌មានជាតិខូចចិត្តត្បិតព្រាត់អូន!!! សង្សារការចោល បើកម៉ូតូចូលឡានស្លាប់

ខូចចិត្តត្បិតព្រាត់អូន!!! សង្សារការចោល បើកម៉ូតូចូលឡានស្លាប់

ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវសង្សារសុំបែកទៅរៀបការជាមួយអ្នកថ្មី ធ្វើឱ្យឈឺចិត្តស្អិតទ្រូងខ្លាំងពេក ជិះម៉ូតូរវល់តែគិតដល់ស្រីស្នេហ៍បែកចិត្ត ខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតចូលរថយន្តធុនធំ១គ្រឿង បណ្តាលឱ្យរថយន្តបុកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៦-៨៧ ត្រង់ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

យុវជនដែលរវល់ខូចចិត្តរឿងស្នេហា ជិះម៉ូតូមិនប្រយ័ត្នចូលរថយន្តបុកស្លាប់នោះ មាន ឈ្មោះបូទី អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ ជិះម៉ូតូចាប់ឆាយ១គ្រឿង ម៉ាស៊ីនវ៉េវ តួគុបមូល ពណ៌ប្រផេះ គ្មានពាក់ស្លាកលេខ។ ចំណែករថយន្តបង្កម៉ាកហ៊ីណូ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3A-4021 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុ បានចុះរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះខាងលើ បើកម៉ូតូតែម្នាក់ឯងក្នុងទឹកមុខស្រពាប់ស្រពោន ដូចជាមានវិបត្តិផ្លូវចិត្តអ្វីម៉្យាង និងបើកបរក្នុងលឿនដូចហោះ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតចូលរថយន្តហ៊ីណូ ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។

តាមប្រភពព័ត៌មានមួយ បានបង្ហើបប្រាប់ថា ជនរងគ្រោះកំពុងកើតមានវិបត្តិផ្លូវចិត្តរឿងស្នេហា ដោយសារតែនារីជាសង្សារបានសុំបែកចែកផ្លូវទៅរៀបការជាមួយនឹងប្រុសថ្មី ទើបធ្វើឱ្យជនរងគ្រោះឈឺចិត្តស្អិតទ្រូងយ៉ាងខ្លាំង  ក៏ជិះម៉ូតូដោយខ្វះការប្រុងប្រយ័ត្ន រហូតដល់ជ្រុលចង្កូតចូលរថយន្តបុកស្លាប់បែបនេះ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកសពជនរងគ្រោះដេកស្លាប់នៅកណ្តាលផ្លូវ។

បន្ទាប់ពីចុះធ្វើការវាស់វែងតាមជំនាញរួចរាល់ សមត្ថកិច្ចបានអូសយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES