Tuesday, April 16, 2024
Homeបរិយាយសុភមង្គល គឺការចែករំលែក

សុភមង្គល គឺការចែករំលែក

សុភាសិតបារាំង ១ឃ្លាថា “សុភមង្គល គឺការចែករំលែកសុភមង្គលឱ្យទៅគេខ្លះ” (Le bonheur c’est en donner) មានខ្លឹមសារអប់រំមនុស្សទូទៅ ឱ្យស្គាល់ទុក្ខធុរៈញាតិសន្តានព្រៀងលាន បើគ្រួសារខ្លួនមានហូបចុកគ្រប់គ្រាន់ ឯគ្រួសារក្បែរ គ្នា រកអង្ករច្រកឆ្នាំងមិនបាននោះ មិនហៅថា សុភមង្គលនោះទេ។ ខណៈដែលគណបក្សប្រជាជនកម្ពុជា ទទួលបានលេខ រៀងទី១ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវអ្នកវិភាគគ្រប់មជ្ឈដ្ឋាននិយាយស្របគ្នាថា “បក្សកាន់អំណាច នឹងជាប់លេខ១” ឬថា “លេខរៀងទី១ ជាប់លេខ១” ប៉ុន្តែ បើគណបក្ស ៣ទៀត មិនជាប់ឆ្នោត ស្របពេលដែលពួកប្រឆាំង នៅក្រៅប្រទេស ធ្វើសកម្មភាពកាន់តែខ្លាំងនោះ លុះត្រាតែ “យកវប្បធម៌ចែករំលែក” មកប្រើ ទើបល្អ ដែល “នគរធំ” សូម លើកបញ្ហា “សុភមង្គល” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“សុភមង្គល” មានន័យថា មង្គលល្អ គ្រោះល្អ ភ័ព្វព្រេងសំណាងល្អ ផ្ទុយនឹង “អពមង្គល” ដែលមានន័យថា មង្គលអាក្រក់ គ្រោះអាក្រក់ ភ័ព្វអាក្រក់។ សិស្សដែលរៀនពូកែជាងគេ នៅពេលប្រលងឆមាស តែងដឹងខ្លួនឯងថា ច្បាស់ជាជាប់លេខ១ មិនខានឡើយ។ អ្នករកស៊ីដាំត្រសក់ផ្អរ មានជំនាញខាងដាំដុះជាងគេ តែងដឹងខ្លួនថា ផ្លែត្រសក់របស់ខ្លួន មានម៉ូយមកទិញ ច្រើនជាងគេ បានកម្រៃខ្ពស់ជាងមិត្តភក្តិជិតខាង ដែលមិនប្រសប់ថែទាំដំណាំ។ រីឯអ្នកនយោបាយខ្លាំង ដឹងខ្លួនឯងថា មាន ប្រជាពលរដ្ឋគាំទ្រច្រើន បើបោះឆ្នោត នឹងជាប់លេខ១ មិនខានឡើយ។

ផ្ទុយទៅវិញ សិស្សរៀនខ្សោយ នៅពេលប្រលងឆមាស តែងដឹងខ្លួនឯងថា ច្បាស់ជាបាននិទ្ទេសអន់មិនខាន ឬក៏ធ្លាក់ ចុងប៉ូចគេតែម្តង។ អ្នករកស៊ីដាំត្រសក់លក់ ដែលខ្ជិលស្រោចទឹក ថែទាំ តែងដឹងខ្លួនឯងថា ច្បាស់ជាមិនសូវមានម៉ូយមកទិញ ទេ ព្រោះផ្លែត្រសក់មិនសូវថ្លោស ឬមិនស្រស់ដូចគេ។ រីឯអ្នកនយោបាយខ្សោយ ឬ “ចាំតែស៊ីពែគេ” តែងដឹងខ្លួនឯងថា បោះឆ្នោតមិនជាប់ទេ ឬថា បានកៅអីតិចតួចមិនសមកិត្តិយស ព្រោះប្រជាពលរដ្ឋមិនគាំទ្រ។

សភាវៈទាំងពីរនេះ គឺ “សុភមង្គល និងអពមង្គល” ដើរទន្ទឹមគ្នាជានិច្ច គ្មានបុគ្គលណាចៀសរួចទេ ប៉ុន្តែ ខ្លឹមសារសុភាសិត ថា “សុភមង្គល គឺការចែករំលែកសុភមង្គលឱ្យទៅគេខ្លះ” ចង់ផ្តោតជាសំខាន់ទៅលើរឿងនយោបាយឯណោះទេ។

ដូចលើកឡើងរួចមកហើយថា គណបក្សប្រជាជនកម្ពុជា ទទួលបាន “លេខរៀងទី១” ក្នុងការបោះឆ្នោតជ្រើសតាំង ព្រឹទ្ធសភា នាខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខឆាប់ៗនេះ។ មន្ត្រីបក្សកាន់អំណាច ក៏ដូចជាអ្នកគាំទ្រញញឹមខ្ជឹបគ្រប់គ្នា ដោយ យល់ថា “លេខរៀងទី១ ជាប្រផ្នូលជាប់លេខ១” សូម្បីតែអ្នកគាំទ្រអតីតបក្សប្រឆាំង ក៏យល់ឃើញយ៉ាងនេះដែរ។

នៅវេទិកាតុកាហ្វេមួយនៅក្បែរស្ថានទូតចិន តាម្នាក់ធ្លាប់ជាសកម្មជនអតីតបក្សសង្គ្រោះជាតិ និយាយដោយប្រុងប្រយ័ត្ន ថា “សមាជិកព្រឹទ្ធសភា មានទាំង៦២រូប តែងតាំងដោយព្រះមហាក្សត្រ ២រូប តែងតាំងដោយរដ្ឋសភា ២រូប នៅសល់ប៉ុន្មាន CPP នឹងឈ្នះទាំងអស់”។ តាម្នាក់ទៀតមាននិន្នាការដូចគ្នា និយាយចាក់បណ្តោយថា “វាពិតណាស់ទៅហើយ ព្រោះអង្គ បោះឆ្នោតព្រឹទ្ធសភា មានចំនួន១១៦៩៥នាក់ គិតទាំងសមាជិករដ្ឋសភា ១២៣រូបផង ភាគច្រើនលើសលប់ជាសមាជិក CPP ច្បាស់ជា CPP ជាប់តែឯង ឬយ៉ាងតិចណាស់ ៩០ភាគរយ”។ តាម្នាក់ទៀតគាំទ្របក្សកាន់អំណាច សើចគ្រហាញ និយាយ ថា “ទោះជា CPP ឈ្នះដាច់ ក៏គេមិនស៊ីតែឯងដែរ ត្រូវតែចេះចែករំលែកដូចរឿងដកហូតកៅអី CNRP អ៊ីចឹង គេមិន ដណ្តើមតែឯងនោះទេ ដោយចែកទៅឱ្យហ៊្វុនស៊ិនប៉ិច និងគណបក្ស២ទៀត ឱ្យស្របតាមប្រជាធិបតេយ្យ”។

បើយកការសន្ទនារបស់តាៗញៀនកាហ្វេ មកពិចារណាឱ្យស៊ីជម្រៅ គឺពាក្យសម្តីរបស់តាៗធ្លាប់គាំទ្រអតីតបក្សសង្គ្រោះជាតិ គាត់ថា ជារបៀបបោះបោក ដោយលើកឡើងពីរឿង CPP មានអង្គបោះឆ្នោតស្ទើរទាំងអស់ នឹងជាប់តែឯង ឬយ៉ាង តិច៩០ភាគរយ ប៉ុន្តែ តាគាំទ្របក្សកាន់អំណាច និយាយបែបសម្របសម្រួលថា អាចនឹងមានការចែករំលែក។ បើជាការចែករំលែក គឺដើរស្របនឹង “សុភមង្គល គឺការចែករំលែកសុភមង្គលឱ្យទៅគេខ្លះ” នេះឯង។

បច្ចុប្បន្ន យើងឃើញថា បក្សកាន់អំណាច ដណ្តើមបានសុភមង្គលមិនទាន់ពេញលេញនោះទេ ពោលគឺទោះជាអតីត ដៃគូប្រឆាំងនយោបាយ ត្រូវរលាយក្រោមអំណាចសាលដីកាតុលាការកំពូល ក៏អតីតតំណាងរាស្ត្របក្សប្រឆាំង នៅក្រៅ ប្រទេស បន្តវាយប្រហារតាមវិទ្យុ ហ្វេសប៊ុក យូធូប មកលើបក្សកាន់អំណាច មិនឈប់ ឯអ្នកនាំពាក្យក៏វាយបកទៅវិញ បង្កជា “សង្គ្រាមហ្វេសប៊ុក” ផ្អើលអ្នកតាមដាននយោបាយ។ បើមានសង្គ្រាមពាក្យសម្តីមិនឈប់ឈរបែបនេះ ឈ្មោះថា “បាត់បង់សុភមង្គលពាក់កណ្តាលទៅហើយ” ឬថា បក្សកាន់អំណាច មានសុភមង្គលមិនពេញដៃ ខណៈដែលអតីតមន្ត្រីបក្ស ប្រឆាំង ស្គាល់តែ “អពមង្គល”។

ដូច្នេះបើបោះឆ្នោតព្រឹទ្ធសភា លទ្ធផលបង្ហាញថា CPP ឈ្នះដាច់ ឬបានកៅអី៩០ភាគរយនោះ ក៏នៅតែរកសុភមង្គល មិនទាន់ពេញលេញដែរ បើសិនជាគ្មានការចែករំលែកសុភមង្គលឱ្យគេខ្លះ។ គួរបញ្ជាក់ថា គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេច ក្រុមព្រះ នរោត្តម រណប្ញទ្ធិ និងគណបក្សយុវជនកម្ពុជា របស់លោកពេជ្រ ស្រស់ ដែលបានផ្តើមគំនិតប្តឹងរំលាយគណបក្សសង្គ្រោះជាតិនោះ មានអង្គបោះឆ្នោតព្រឹទ្ធសភា តិចតួចណាស់ មិនអាចយកប្រៀបលើបក្សកាន់អំណាច បានឡើយ។ ដូច្នេះ ឧបមាថា បក្សមួយដែលគ្មានអង្គបោះឆ្នោត ទទួលបាន “សូន្យកៅអី” តើបក្សកាន់អំណាច ត្រូវធ្វើដូចម្តេច? បើចែករំលែក កៅអីទៅឱ្យគេខ្លះ លុះត្រាតែស្របនឹងច្បាប់បោះឆ្នោតដែរ ព្រោះអាសនៈព្រឹទ្ធសភា ជាស្ថាប័នកំពូលនេះ មិនអាចចែករំលែក ស្រួលៗដូចចែកនំគ្នាស៊ីនោះទេ។ បើចែករំលែកមិនកើត ទុកឱ្យបក្សធ្លាក់ឆ្នោតនោះដើរទាត់ខ្យល់ ក៏មិនកើតដែរ ព្រោះវា នាំឱ្យមាន “អពមង្គល” អ៊ីចឹងបើអពមង្គល នៅក្បែរសុភមង្គល “នឹងប្រតោងប្រទាញគ្នា អាចធ្វើឱ្យបក្សកាន់អំណាច “រក សុភមង្គលមិនឃើញ”។

គួរយល់ថា “សុភមង្គលពិតប្រាកដ” មិនមែននៅលើទ្រព្យសម្បត្តិ មាសពេជ្រ កែវកងពិទូរ្យសូរ្យកាន្ត នោះទេ គឺវានៅ លើ “ផ្លូវចិត្ត” ឯណោះ។ បើចិត្តស្ងប់ ចិត្តសន្តោស មេត្តា ករុណា បញ្ចសីលា ធ្វើឱ្យសុភមង្គលដែលមានស្រាប់ហើយនោះ កាន់តែរឹងមាំ ប៉ុន្តែបើចិត្តក្រោធ គ្មានក្តីសន្តោសប្រោសមេត្តា ឬទ្រុស្តសីល សុភមង្គលនឹងរបូតពីដៃមិនខាន។

នៅក្នុងរបបខ្មែរក្រហម ធ្លាប់រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភា ម្តងដែរ សូម្បីអាចារ្យថាំ កាលនៅជាយុវជន កងចល័ត ក៏ត្រូវអង្គការឱ្យទៅបោះឆ្នោតនៅក្បែរទំនប់កោះស្លា ទឹកដីខេត្តកំពត។ គេឱ្យតម្រៀបជួរចូលបោះម្តងម្នាក់ៗ ឯហិប ឆ្នោត មាន៦ សរសេរឈ្មោះបេក្ខជនជាប់នឹងហិបឆ្នោតនោះ បើស្រលាញ់បេក្ខជនណា ក៏យកក្រដាសឆ្នោតដែលគេសរសេរ រួចជាស្រេចនោះ ទម្លាក់ទៅក្នុងហិប។ បេក្ខជនទាំង៦រូបនោះ គឺជាគណៈស្រុកទាំងអស់ ប៉ុន្តែ មិនដឹងជាជាប់បេក្ខជនណាទេ លុះមិនបានប៉ុន្មានថ្ងៃ ក៏ឮវិទ្យុប្រកាសបើកសម័យប្រជុំសភា ជ្រើសតាំងសមមិត្តនួន ជា ជាប្រធានសភា។ ខ្មែរក្រហមគ្មាន វប្បធម៌ចែករំលែកអ្វីទេ គឺកម្មាភិបាលជាន់ខ្ពស់ ដណ្តើមសុភមង្គលតែខ្លួនឯង ទុកឱ្យថ្នាក់ក្រោមមានអពមង្គល ទីបំផុតបានត្រឹម ដួលរលំ។ ដូច្នេះបើបក្សកាន់អំណាច ចង់បានសុភមង្គលពេញលេញ គ្មានអីធំជាងវប្បធម៌ចែករំលែកនេះទេ ដែលជាមាគ៌ា ពុទ្ធនិយមសុទ្ធសាធ។

សរុបទៅ “សុភមង្គល គឺការចែករំលែក” មានន័យយ៉ាងនេះឯង។ អ្នកមានស្តុកស្តម្ភ បើចង់បានសុភមង្គល លុះត្រាតែ ចេះ “ចែកគ្នារស់” ពោលគឺត្រូវស្គាល់ទុក្ខធុរៈអ្នកជិតខាងភូមិផងរបងជាមួយដែលរស់ក្នុងភាពក្រីក្រ។ យុទ្ធសាស្ត្រនយោបាយ ក៏យ៉ាងនោះដែរ បើដណ្តើមយកជ័យជម្នះតែម្នាក់ឯង មិនចែកជយភណ្ឌឱ្យគេខ្លះ នឹងទទួលបានសុភមង្គលតែពាក់កណ្តាលប៉ុណ្ណោះ៕

ដោយ អាចារ្យថាំ

RELATED ARTICLES