Friday, April 19, 2024
Homeបរិយាយគ្មានអ្វីថ្មីទេ នៅក្រោមព្រះសុរិយា

គ្មានអ្វីថ្មីទេ នៅក្រោមព្រះសុរិយា

សុភាសិតសកល ១ឃ្លាថា “គ្មានអ្វីថ្មីទេ នៅក្រោមព្រះសុរិយា” (There is nothing new under the sun) មាន ខ្លឹមសារផ្តោតទៅលើសកម្មភាពអ្នកនយោបាយសម័យថ្មី ដើរតាមគំរូចាស់ដដែលៗ ពុំមែននិយាយពីធម្មជាតិនោះទេ។ ករណី អតីតមន្ត្រីបក្សសង្គ្រោះជាតិ រត់ទៅក្រៅប្រទេស បន្តសកម្មភាពនយោបាយ ដោយយកទឹកដីអាមេរិក អឺរ៉ុប ធ្វើការប្រឆាំង រដ្ឋាភិបាល គឺ “គ្មានអ្វីថ្មីទេ” ដែល “នគរធំ” សូមលើកសុភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ព្រះសុរិយា ព្រះអាទិត្យ ព្រះទិនករ ព្រះទិវាករ” គឺជាឈ្មោះភពមួយ ក្នុងអនន្តចក្រវាល មានកម្តៅរាប់ម៉ឺនអង្សា សម្រាប់បំភ្លឺផែនដី និងភពដទៃទៀត ក្នុងគន្លងតារាវិថី ប៉ុន្តែ បុរាណាចារ្យ ក៏ដូចជាគម្ពីរព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា បានចារទុកថា ព្រះសុរិយា គឺជាដុំភ្លើងចាំងចេញពីមហិទ្ធិប្ញទ្ធិ “សូរ្យទេវបុត្រ” ដែលទឹមសេះអាជានេយ្យ ១ពាន់ បរប្រទក្សិណ ភ្នំព្រះសុមេរុ ឆ្លាស់វេនគ្នាជាមួយ “ចន្ទទេវបុត្រ”។ បើគ្មានពន្លឺព្រះសុរិយា មនុស្ស សត្វ រុក្ខជាតិ មិនអាចរស់បានឡើយ ប៉ុន្តែ បើព្រះអាទិត្យនៅតែបំភ្លឺភពផែនដី អ្វីៗនឹងកើតឡើងប្រែប្រួល មិននៅដដែលៗនោះទេ ដូចជាទីវាលមួយបានក្លាយជាទីក្រុង ជើងភ្នំមួយបានក្លាយជារោងចក្រជាដើម។

ចុះហេតុអ្វីបានជាសុភាសិតសកលថា “គ្មានអ្វីថ្មីទេ នៅក្រោមព្រះសុរិយា?” សំណួរនេះ យើងអាចឆ្លើយបានថា ពាក់ព័ន្ធ នឹងរឿងនយោបាយ ដែលអ្វីៗគ្មានថ្មីគ្មានប្លែក ខណៈដែលអ្នកនយោបាយស្រករក្រោយ ធ្វើសកម្មភាពដូចអ្នកនយោបាយជំនាន់ មុន។ ដើម្បីឱ្យមានប្រត្យក្សភាព “នគរធំ” សូមបង្ហាញទឡ្ហីករណ៍ខ្លះៗ ដើម្បីបញ្ជាក់ថា “គ្មានអ្វីថ្មីទេ នៅក្រោមព្រះសុរិយា”។

ប្រវត្តិសាស្ត្របានចារទុកយ៉ាងច្បាស់ថា អ្នកដឹកនាំខ្មែរជំនាន់មុន បើមានបញ្ហាដណ្តើមអំណាច ច្បាស់ជាភាគីម្ខាងរត់ទៅ ពឹងយួន ភាគីម្ខាងទៀត ក៏រត់ទៅពឹងសៀម។ ជាក់ស្តែង បន្ទាប់ពី “ព្រះបាទពញាយ៉ាត” សោយទិវង្គតទៅ រាជសម្បត្តិ ក៏ធ្លាក់ ទៅលើព្រះរាជបុត្រច្បង ព្រះនាម “ព្រះនារាយណ៍រាជា” ក្សត្រអង្គនេះ សោយរាជ្យបានតែ៦ឆ្នាំប៉ុណ្ណោះ ក៏សោយទិវង្គតទៅ ទៀត ទើបនាហ្មឺនសព្វមុខមន្ត្រី លើករាជសម្បត្តិថ្វាយទៅ “ព្រះស្រីរាជា” ដែលជាព្រះអនុជបន្ទាប់របស់ព្រះនារាយណ៍រាជា។ បើតាមច្បាប់នៃការស្នងរាជ្យ ត្រូវ “ព្រះសុរិយោទ័យ” ដែលជាព្រះរាជបុត្រព្រះនារាយណ៍រាជា បានសោយរាជ្យស្នងព្រះបិតា ប៉ុន្តែដោយសារព្រះសុរិយោទ័យ នៅតូចពេក កាន់កាប់ទឹកដីមិនកើត ទើបនាហ្មឺនស្រុះស្រួលគ្នាយាងព្រះស្រីរាជា ឱ្យឡើង ជាព្រះមហាក្សត្រ។ លុះព្រះស្រីសុរិយោទ័យ ធំពេញវ័យ ទាមទាររាជសម្បត្តិវិញ ព្រះស្រីរាជា មិនព្រមឱ្យ ទន្ទឹមនោះ “ព្រះ ធម្មរាជា” ដែលជាព្រះរាជបុត្រពៅរបស់ព្រះបាទពញាយ៉ាត ក៏បះបោរទាមទាររាជសម្បត្តិដែរ បណ្តាលឱ្យនគរកម្ពុជា កើត ចម្បាំងរាំងជល ចែកនគរជា៣ផ្នែក។ ទីបំផុត “ព្រះធម្មរាជា” ដែលមានមាតាជាជនជាតិសៀម ឈ្មោះ “អ្នកម្នាងស្រងៀម” បានរត់ទៅពឹងស្តេចសៀម ឱ្យជួយរហូតទទួលបានជ័យជម្នះ បញ្ចប់សង្គ្រាមខ្មែរនិងខ្មែរ ហើយ “ព្រះបាទធម្មរាជា” ក៏បាន ឡើងសោយរាជ្យ ពីឆ្នាំ១៤៨៦-១៥០៤។

នៅក្នុងរជ្ជកាល “ព្រះបាទអង្គចន្ទ ទី២” និង “ក្សត្រីអង្គម៉ី” ដោយសារមានអំពើបះបោរកើតឡើង ព្រះមហាក្សត្របាន ងាកទៅពឹងស្តេចយួន ម្តងវិញ ដែលកាលនោះ “មេទ័ពទ្រឿង មិញយ៉ាង” មានឥទ្ធិពលខ្លាំងណាស់នៅកម្ពុជា ដែលអ្នកសិក្សា ប្រវត្តិសាស្ត្របានដឹងយ៉ាងច្បាស់។

ដោយសារតែយួន និងសៀម ដណ្តើមឥទ្ធិពលគ្នា យកកម្ពុជា ធ្វើជា “រដ្ឋទ្រនាប់” ចង់ពុះទឹកដីខ្មែរចែកគ្នា ដោយយក ទន្លេមេគង្គ ជាព្រំប្រទល់ ទើប “ព្រះបាទអង្គឌួង” ងាកទៅចាប់ដៃបារាំង ម្តងវិញ ដើម្បីយកឥទ្ធិពលមហាអំណាចនេះ មក បង្ក្រាបយួន និងសៀម។ អ្នកប្រវត្តិសាស្ត្រទទួលស្គាល់ថា បារាំង ជិះជាន់ខ្មែរជិត១សតវត្ស ធ្វើឱ្យប្រជាកសិករខ្មែរ ធ្លាក់ខ្លួនក្រីក្រ បាត់បង់សេរីភាពក៏ពិតមែន ប៉ុន្តែឱ្យតម្លៃថា “បើបារាំង មកយឺតតែបន្តិច ទឹកដីខ្មែរ នឹងត្រូវរលាយទៅជាទឹកដីយួន និងសៀម”។

ក្រោយរដ្ឋប្រហាររបស់លោកសេនាប្រមុខលន់ នល់ សម្តេចឪ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងទៅ ពឹងចិន ម្តងវិញ ដែលកាលនោះ លោកប្រធានម៉ៅ សេទុង និងនាយករដ្ឋមន្ត្រី ជូ អេនឡាយ បានជួយទំនុកបម្រុងផ្ចុងផ្តើម ព្រះអង្គ ក្នុងការបង្កើត “រណសិរ្សរួបរួមជាតិកម្ពុជា” ធ្វើការតស៊ូប្រឆាំងរបបលន់ នល់ ប៉ុន្តែ ជាអកុសល ក្រោយរំដោះមាតុភូមិបាន នៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ អំណាចក៏ធ្លាក់ទៅលើប៉ុល ពត បណ្តាលឱ្យកម្ពុជា ក្លាយទៅជាវាលពិឃាត។

ដោយសារប៉ុល ពត បោសសម្អាតធ្វើវិស្សុទ្ធកម្មក្នុងជួរកម្មាភិបាល និងកងទ័ពខ្លាំងពេក ទើបសម្តេចហេង សំរិន សម្តេច ជា ស៊ីម សម្តេចហ៊ុន សែន រត់ទៅពឹងវៀតណាម ម្តងវិញ ដែលការពឹងពាក់នោះ ត្រូវបានថតជាភាពយន្តឯកសារ មានសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាតួឯក ដូចឃើញស្រាប់។

ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ “ចលនាត្រីភាគី” ដែលបង្កើតឡើងនៅតាមព្រំដែនកម្ពុជា-ថៃ មានអាមេរិក និងចិន នៅពីក្រោយ ក៏ចាប់ផ្តើមធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញ ដែលគាំទ្រដោយកងទ័ពវៀតណាម…។

ការលើកឡើងដោយត្រួសៗនេះ បង្ហាញថា អ្នកដឹកនាំខ្មែរ វិលៗធ្វើតាមគ្នា យកតែក្បួនពឹងពាក់បរទេសដដែលៗ ជា ហេតុនាំឱ្យអ្នកនិពន្ធមិនស្គាល់ឈ្មោះ ចារឹកសុភាសិត “គ្មានអ្វីថ្មីទេ នៅក្រោមព្រះសុរិយា” នេះឡើង ដែលយើងពិនិត្យទៅ ពិតជាមិនខុស។ ឥឡូវអ៊ីចឹងទៀតហើយ បន្ទាប់ពីតុលាការកំពូលសម្រេច “រំលាយគណបក្សសង្គ្រោះជាតិ និងដកសិទ្ធិធ្វើ នយោបាយ៥ឆ្នាំ ពីអតីតមន្ត្រីបក្សប្រឆាំង” មក ស្រាប់តែលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ចេញមុខ យ៉ាងចំហ ទៅពឹងអាមេរិក សហភាពអឺរ៉ុប ឱ្យជួយធ្វើអន្តរាគមន៍។ តាមព័ត៌មានបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ លោកសម រង្ស៊ី នឹងដឹកនាំ “វេទិកាសាធារណៈ” ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដោយជួបជុំគ្នានៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ សកម្មភាពយកទឹកដីអាមេរិក រៀបជើងព្រួលប្រឆាំងរដ្ឋាភិបាលបែបនេះ គឺ “គ្មានអ្វីថ្មីទេ នៅក្រោមព្រះសុរិយា” ពោលគឺ ចលនាពួកប្រឆាំង បច្ចុប្បន្ន ក៏មិនខុសពីសកម្មភាពអ្នក ដឹកនាំខ្មែរជំនាន់មុន ដែលធ្លាប់ទៅពឹងសៀម ពឹងយួន ពឹងចិន…។ កាលពីឆ្នាំ១៩៧០ តែងតែមានយុវជនយុវនារី ស្មគ្រ័ ចិត្តចូលបម្រើកងទ័ព ប្រឆាំងរបបលន់ នល់ ដែលហៅថា “កងទ័ពរំដោះ”។ ប៉ុន្តែពេលនេះ ក៏លេចឮថា មាន អតីតយុវជន បក្សប្រឆាំង ស្នើ “ដាក់កង់សឺគួរ” បន្តវេនជំនួសអ្នកជាប់បញ្ជីខ្មៅ ១១៨នាក់។ ករណីយុវជនស្មគ្រ័ចិត្តបែបនេះ វាជាន់ដាន រៀមច្បងជំនាន់មុន ដោយហេតុថា ខ្មែរយើងចូលចិត្តធ្វើនយោបាយជ្រំជើងគ្នា សូម្បីតែបានកាន់អំណាច ក៏ជ្រំជើងនៅមួយ កន្លែងមិនសូវប្លែកទេ។ កាលពីសម័យសង្គមរាស្ត្រនិយម មាននាហ្មឺនធំៗឆ្លាស់វេនគ្នាធ្វើនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ដដែលៗ គ្មានប្លែកទេ ដោយយកតែមន្ត្រីចាស់ៗ ឯបញ្ញវន្តក្មេងៗ ទើបចេញពីសាលា គេមិនសូវយកមកប្រើទេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ត្រង់ “ខ្មែរនិងខ្មែរឈ្លោះគ្នាសោះ ដោះស្រាយមិនចេញ ក៏រត់ទៅពឹងបរទេស” ដដែលៗ ពីមួយជំនាន់ ទៅមួយជំនាន់ រួចតាំង “បន្ទោស គ្នាពីរឿងធ្វើអាយ៉ងបរទេស” ដែលតាមពិត ភាគីណាក៏ដោយ លុះត្រាតែសុខចិត្តដាក់ខ្លួនធ្វើអាយ៉ង ទើបគេជួយ។

សរុបទៅ “គ្មានអ្វីថ្មីទេ នៅក្រោមព្រះសុរិយា” មានន័យយ៉ាងនេះឯង ដែលផ្តោតជាសំខាន់ទៅលើរឿងពឹងបរទេសឱ្យជួយ ធ្វើអន្តរាគមន៍បក្ខពួកខ្លួន ដើម្បីបានអំណាច។ មេរៀនប្រវត្តិសាស្ត្រមិនទាន់រលុបរលាយទេ ព្រោះបើខ្មែររត់ទៅពឹងគេ ត្រូវ ជំពាក់គុណគេ ចៀសមិនរួច ទោះជាសកម្មភាពពឹងពាក់នោះប្លែកពីមុន ក៏អ្វីៗដដែលៗ ជារឿងចាស់ គ្មានអ្វីដែលថ្មីនោះទេ៕

ដោយ អាចារ្យថាំ

RELATED ARTICLES