Saturday, April 27, 2024
Homeព័ត៌មានជាតិជីដូនចុះក្រោម ចាក់សោទុកចៅ២នាក់ក្នុងផ្ទះជាន់ទី៤ ភ្លើងឆេះរលាក

ជីដូនចុះក្រោម ចាក់សោទុកចៅ២នាក់ក្នុងផ្ទះជាន់ទី៤ ភ្លើងឆេះរលាក

ភ្នំពេញ ៖ ក្មេងប្រុស២នាក់រងរបួសធ្ងន់និងស្រាល ខណៈដែលអគ្គិភ័យឆាបឆេះក្នុងផ្ទះជាន់ទី៤ រួចបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ហើយត្រូវបានកម្លាំងសមត្ថកិច្ចជំនាញអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។ ហេតុការណ៍អគ្គិភ័យនេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ២៧BE4 ជាន់ទី៤ ផ្លូវ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ ចំណែកម្ចាស់ផ្ទះឈ្មោះផាន់ ណារ៉េត មុខរបរយោធា ស្នាក់នៅផ្ទះលេខ២៧BE4 ជាន់ទី៤ ផ្លូវ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកម្តាយរបស់កុមារារងគ្រោះចេញទៅធ្វើការ ដោយទុកកូនប្រុស២នាក់នៅជាមួយជីដូន ពេលនោះ ជីដូនរវល់ចុះក្រោម ក៏បានចាក់សោពីក្រៅទុក ចៅប្រុស២នាក់ ទើបតែអាយុ៥ឆ្នាំ នៅក្នុងផ្ទះ ស្រាប់តែ១សន្ទុះក្រោយមក បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ ឃើញផ្សែងហុយចេញពីក្នុងផ្ទះខ្មួលខ្មាញ់ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ហើយសមត្ថកិច្ចមូលដ្ឋានក៏បានរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញ និងប្រជាការពារខណ្ឌ ចុះជួយអន្តរាគមន៍ភ្លាមៗ ដោយជួយសង្គ្រោះកុមារា២នាក់ រួចផុតពីសេចក្តីស្លាប់ ដោយត្រឹមរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ជាបន្ទាន់។

សូមបញ្ជាក់ផងដែរ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះនេះ រថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុ ចំនួន៥គ្រឿង ប្រើប្រាស់ទាំងអស់។ ចំណែកមូលហេតុ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងអាចមកពីឆ្លងចរន្តអគ្គិសនី។

បច្ចុប្បន្នកុមារារងរបួសទាំង២នាក់ កំពុងសម្រាកនៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕

RELATED ARTICLES