Thursday, March 28, 2024
Homeព័ត៌មានជាតិគ្រួសារលោកហ៊ួរ សុផល មិនទាន់ទទួលបានយុត្តិធម៌ ករណីក្មួយប្រុសស្លាប់ដោយសារឡានបុកស្លាប់

គ្រួសារលោកហ៊ួរ សុផល មិនទាន់ទទួលបានយុត្តិធម៌ ករណីក្មួយប្រុសស្លាប់ដោយសារឡានបុកស្លាប់

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្ដាលឲ្យយុវជន៣នាក់ស្លាប់ នៅក្រុងតាខ្មៅកាលពីដើមខែមករា កន្លងទៅនេះ មិនទាន់ដោះស្រាយចប់នៅឡើយទេ ខណៈដែលថៅកែផលិតកម្មក្លាសស៊ិក លោកហ៊ួរ សុផល បានអះអាងថា ក្មួយប្រុសរបស់លោកម្នាក់ដែលបាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។

លោកហ៊ួរ សុផល

លោកហ៊ួរ សុផល បានថ្លែងឲ្យដឹងថា “ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ចាត់ទុកជាទោសព្រហ្មទណ្ឌដែលមិនអាចលើកលែងបាន ពោលគឺជនបង្កហេតុបានបុកយុវជនស្លាប់៣នាក់ យ៉ាងអាណោចអាធ័មហើយ បានបើកកិនពីលើជនរងគ្រោះបន្ថែមទៀត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ មិនត្រឹមតែប៉ុណ្ណោះ ជនបង្កហេតុបានរត់គេចខ្លួន មិនព្រមចេញមុខដោះស្រាយរហូតមកទល់ពេលនេះ។

ក្មួយប្រុសលោកហ៊ួរ សុផល

លោកហ៊ួរ សុផល បានឲ្យដឹងដែរថា “ក្រោយកើតហេតុ ម្ចាស់រថយន្តម៉ាក Land Rover ពណ៌ខ្មៅស្លាកលេខភ្នំពេញ 2U-6977 ឈ្មោះសោម រតនៈ ដែលគេដឹងថា ជាថៅកែការ៉ាស់សាំងផងនោះបានចេញមុខអះអាងថា ខ្លួនពុំបានបើករថយន្តនោះទេ គឺមានអ្នកផ្សេងជាអ្នកខ្ចីរថយន្តរបស់ខ្លួន ហើយក៏ជួបគ្រោះថ្នាក់ចរាចរណ៍នោះតែម្ដង។

 

លោកសោម រតនៈ បានអះអាងចេញសំណងឲ្យគ្រួសារសព ដែលសពម្នាក់ លោកផ្ដល់សំណង៣០០០ដុល្លារ តែលោកមិនបញ្ជាក់ថា បុគ្គលរូបណាជាអ្នកខ្ចីរថយន្តខ្លួន ហើយបង្កគ្រោះថ្នាក់ រហូតបាត់បង់ជីវិតយុវជន៣នាក់នោះទេ ខណៈដែលមានការសង្ស័យថា លោករតនៈ ជាអ្នកបើកដោយខ្លួនឯង ប៉ុន្តែមិនទទួលស្គាល់ដើម្បីសម្រាលទោស។

យ៉ាងណា លោកហ៊ួរ សុផល បញ្ជាក់ថា “សំណងនេះ ក្រុមគ្រួសាររបស់លោកមិនអាចទទួលយកបានទេ ពោលគឺលោកចង់ឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ខណៈដែលលោកបានដាក់សំណុំរឿងដល់ដៃតុលាការខេត្តកណ្ដាល រួចទៅហើយ។

អ្នកច្បាប់និយាយថា សំណងរដ្ឋប្បវេណី មិនអាចរំលត់បណ្ដឹងអាជ្ញាបានទេ។ ដូច្នេះព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ជាម្ចាស់បណ្ដឹងអាជ្ញា គប្បីចាត់ការសំណុំរឿងនេះដោយតម្លាភាព ព្រោះជីវិត៣នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ហើយជនបង្កគ្មានការទទួលខុសត្រូវឡើយ ពោលគឺបានរត់គេចខ្លួនពីកន្លែងកើតហេតុ។ នេះដោយសារបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ប្រសិនបើគ្មានរថយន្តនេះ ក៏គ្មានតម្រុយណាមួយស្រាវជ្រាវជនបង្កឡើយ។

សមត្ថកិច្ចនិយាយថា លោកសោម រតនៈ ប្រឈមបទល្មើសរត់គេចពីការខុសត្រូវតាមមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ និងបទបើកបរធ្វេសប្រហែសដែលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ និងមាត្រា៥៣ នៃច្បាប់ចរាចរណ៍ផ្លូវគោក។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៦និង១០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ រថយន្តRand Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-6977 បានបើកដូចហោះ ជែងម៉ូតូមួយគ្រឿង ម៉ាក MSX ដែលជិះគ្នា៣នាក់ ខណៈដែលជែងមិនផុត ក៏បុកម៉ូតូនោះពេញទំហឹង បណ្ដាលឲ្យយុវជន៣នាក់ខ្ទាតផ្លោងធ្លាក់ផ្លូវស្លាប់ភ្លាមៗ ដែលហេតុការណ៍នេះកើតឡើងនៅជិតវិទ្យាល័យខ្ពបវែង ស្ថិតនៅក្រុងតាខ្មៅ។

សមត្ថកិច្ចខេត្តកណ្ដាល និយាយថា មានអ្នកតំណាងម្នាក់មកប្រាប់ថា បានដោះស្រាយសំណងជាមួយគ្រួសាររងគ្រោះ២គ្រួសាររួចហើយ នៅសល់មួយគ្រួសារទៀត។ ពេលដោះសា្រយរួចហើយ អ្នកតំណាងរូបនោះនឹងចូលខ្លួនមកដោះស្រាយជាមួយសមត្ថកិច្ច។

លោកហ៊ួរ សុផល លើកឡើងថា “ករណីនេះអយុត្តិធម៌ណាស់សម្រាប់ក្រុមគ្រួសាររបស់លោក។លោកថា ក្មួយប្រុសរបស់លោកឈ្មោះវ៉ន វិសាល អាយុ១៨ឆ្នាំ ដែលត្រូវជាប្អូនបង្កើតរបស់កញ្ញាកូកូ អតីតតារាចម្រៀងបានបាត់បង់ជីវិតយ៉ាងអាណោចអាធម៌ ខណៈដែលជនបង្កហេតុមិនចេញមុខដោះស្រាយ។ ដូច្នេះលោកមានតែសំណូមពរឲ្យសមត្ថកិច្ច និងតុលាការផ្ដល់ភាពយុត្តិធម៌តាមផ្លូវច្បាប់ដល់ក្រុមគ្រួសាររបស់លោកផង៕

RELATED ARTICLES