Thursday, April 25, 2024
Homeតារាខ្មែរឡេង ណាវ៉ាត់ត្រា ទើបឡើងជាឧកញ៉ាក្ដៅៗ ប្រកាសផ្ដល់ជំនួយជាង២៥០០០ដុល្លារ ដល់សមាគមពលករខ្មែរនៅកូរ៉េ

ឡេង ណាវ៉ាត់ត្រា ទើបឡើងជាឧកញ៉ាក្ដៅៗ ប្រកាសផ្ដល់ជំនួយជាង២៥០០០ដុល្លារ ដល់សមាគមពលករខ្មែរនៅកូរ៉េ

នៅដំណាច់ឆ្នាំ២០១៧ -២០១៨ លោកឡេង ណាវ៉ាត់ត្រា ដែលទើបបានងារជាឧកញ៉ាក្ដៅៗ បានហោះទៅកម្សាន្តលំហែកាយនៅប្រទេសកូរ៉េ ដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ ដែលធ្លាប់ធ្វើជាពលករនៅទីនោះ ប៉ុន្តែអ្វីដែលគួរឲ្យស្ងើចសរសើរនោះ លោកបានប្រកាសផ្ដល់ទឹកប្រាក់ចំនួន២៥លានវ៉ុន ប្រហាក់ប្រហែលនឹងជាង១០០លានរៀល ឬជាង២៥០០០ដុល្លារ ជូនដល់សមាគមទាំងអស់នៅក្នុងប្រទេសកូរ៉េ ដែលធ្វើការបម្រើផលប្រយោជន៍ដល់ពលករខ្មែរ ដើម្បីឲ្យសមាគមន៍ទាំងនោះមានលទ្ធភាពផ្លាស់ប្ដូរជោគវាសនារបស់ពលករខ្មែរមួយចំនួន ក្រោយពេលពួកគេបញ្ចប់ការងារនៅក្នុងប្រទេសកូរ៉េ។

 

ក្រោយជួបសំណេះសំណាលជាមួយតំណាងពលករមកពីប្រទេសកូរ៉េ នៅដើមខែមករា នេះលោកឡេង ណាវ៉ាត់ត្រា ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងផង និងជាម្ចាស់ផលិតកម្ម Galaxy ផង ត្រូវបានតំណាងពលករដែលបម្រើការនៅក្នុងប្រទេសកូរ៉េ បង្ហោះពាក្យពេចន៍សរសើរយ៉ាងខ្លាំង ដោយសារតែលោកបានផ្ដល់បទពិសោធន៍តស៊ូពីការលំបាក ក្នុងពេលដែលលោកនៅបម្រើការជាកម្មករនៅក្នុងប្រទេសកូរ៉េ មុនពេលបានក្លាយជាតារាសិល្បៈ និងមុនពេលហក់លោតក្នុងជំនួញដីធ្លី និងសង់បុរី ហើយបានក្លាយជាឧកញ៉ាកាលពីថ្មីៗនេះ។

បន្ទាប់ពីពលករកូរ៉េជាច្រើនបានលើកសរសើរពីលោកនៅតាមបណ្ដាញសង្គមហ្វេសប៊ុក លោកឡេង ណាវ៉ាត់ត្រា បានថ្លែងឲ្យដឹងថា “លោកពិតជាបានចែករំលែកនូវបទពិសោធន៍ពីការតស៊ូដល់ពលករ និងបានផ្ដល់ទឹកប្រាក់ដ៏ច្រើនក្នុងចំនួននោះ ដល់សមាគមន៍ខ្មែរ ដែលមានទីស្នាក់ការនៅក្នុងប្រទេសកូរ៉េ មែន ដោយលោកនឹងផ្ដល់ថវិកាក្នុងចំនួន២៥លានវ៉ុន ឬជាង២៥០០០ដុល្លារ នៅថ្ងៃអាទិត្យ ទី៧ ខែមករា ខាងមុខនេះ។ លោកថា សមាគមន៍ដែលលោកប្រកាសជួយ នឹងងាយស្រួលចាត់ចែងការងារជួយដល់ពលករកម្ពុជា នៅពេលដែលពលករទាំងនោះ បញ្ចប់ការងារនៅក្នុងប្រទេសកូរ៉េ ដោយលោកប្រកាសថា ជំនួយដែលនឹងផ្ដល់ជូននេះ មិនមែនជាទីបញ្ចប់នោះទេ គឺអាចនឹងមានជាបន្តបន្ទាប់ទៀត ដើម្បីឲ្យលោក និងក្រុមពលករនៅក្នុងប្រទេសកូរ៉េ កាន់តែមានទំនាក់ទំនងគ្នា។

លោកអះអាងថា ក្នុងនាមជាតារាសិល្បៈមួយរូប ដែលមានឱកាសបានក្លាយជាអ្នកជំនួញ លោកនៅតែមិនភ្លេចអតីតកាលដែលលោកធ្លាប់បានលំបាក ក្នុងពេលបម្រើការជាកម្មកររោងចក្រនោះទេ ទើបលោកត្រូវតែលើកទឹកចិត្ត និងត្រូវភ្ជាប់ខ្លួនជាមួយពលករដែលបម្រើការនៅក្នុងប្រទេសកូរ៉េ ជំរុញទឹកចិត្តតាមអ្វីដែលលោកជួយបាន។

នេះមិនមែនជាលើកទី១នោះទេ ដែលលោកឡេង ណាវ៉ាត់ត្រា បានយកចិត្តទុកជាមួយក្រុមពលករ ដោយសារតែនៅពេលមុនលោកក៏បានផលិតភាពយន្តរឿង “កំពូលល្ងង់នៅអាស៊ី” យកទៅចាក់បញ្ចាំងអោយពលករនៅប្រទេសកូរ៉េ ទស្សនាដោយមិនគិតប្រាក់ និងបានបើករោងកុនឲ្យកម្មកររោងចក្រនៅស្រុកខ្មែរ បានទស្សនាភាពយន្តរបស់លោកផងដែរ។

លោកឡេង ណាវ៉ាត់ត្រា ប្រកាសថា លោកនឹងបើកទូលាយអោយរាល់ពលករទាំងឡាយណា ដែលមានសមត្ថភាព មិនថាការងារសិល្បៈ ឬការងារមុខជំនួញនោះទេ ដើម្បីកែប្រែជោគវាសនារបស់ពលករទាំងឲ្យមានលទ្ធភាព និងមានជីវិតរឹងមាំទៅថ្ងៃក្រោយ។ លោកប្រកាសបើកទ្វារផលិតកម្មស្វាគមន៍ក្រុមពលករដែលមានសមត្ថភាពទាំងនោះ ដោយលោកនឹងហ៊ានចំណាយផលិតបទចម្រៀងដើម្បីសម្រេចបំណងប្រាថ្នារបស់ពលកររូបណា ដែលមានសមត្ថភាពសំឡេងល្អនោះផង។

ដោយឡែក សម្រាប់ក្រុមហ៊ុនលក់ដីឡូតិ៍ និងបុរីវីឡាកូនកាត់របស់លោក ក៏ផ្ដល់ឱកាសសម្រាប់ការទទួលពលករដែលចង់បម្រើការដោយគ្មានការរើសអើងផងដែរ បន្ថែមពីលើការផ្ដល់ជំនួយជាទឹកប្រាក់ចំនួន២៥លានវ៉ុន ដល់សមាគមពលករកម្ពុជា នៅក្នុងប្រទេសកូរ៉េ ដើម្បីឲ្យសមាគមន៍នោះមានលទ្ធភាពកាន់តែច្រើនជួយដល់ក្រុមពលករកម្ពុជា ជាពិសេសចំពោះពលករដែលបញ្ចប់ការងារនៅប្រទេសកូរ៉េ៕

RELATED ARTICLES