ផ្ទះលោកអនុសេនីយ៍ទោ បើកកត់កន្ទុយលេខ ជ្រកក្រោមយីហោលក់គុយទាវ

0
301

ភ្នំពេញ ៖ ទីតាំងបើកបនល្បែងស៊ីសងកត់ឆ្នោតវៀតណាម១កន្លែង ដែលស្ថិតនៅផ្ទះលេខ៦៨បេ ផ្លូវ២០០៥ ភូមិប៉ប៉្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានអះអាងថា ម្ចាស់ផ្ទះគឺជាមន្ត្រីនគរបាលផ្នែកអត្តសញ្ញាណកម្មប្រចាំ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលកំពុងបើកដៃឱ្យប្រពន្ធរងចាំកត់ទទួលកត់ឆ្នោតនៅខាងក្នុងផ្ទះ រហូតធ្វើឱ្យមហាជនរិះគន់ថា ចឹងតើទើបគ្មានសមត្ថកិច្ចណាចុះទៅបង្ក្រាប  តាមពិតផ្ទះប៉ូលិសបើកកត់ឆ្នោតសោះ។

ផ្ទះកត់ឆ្នោតវៀតណាមខាងលើ ត្រូវបានគេដឹងថាជ្រកក្រោមស្លាក យីហោ វណ្ណៈ លក់គុយទាវ បាយ កាហ្វេ និងភេសជ្ជៈគ្រប់ប្រភេទ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៥ ខាងក្រោយសួនកុមារពោធិ៍ចិនតុង និងមានម្ចាស់ឈ្មោះហ៊ុន សំនៀង ជាមន្ត្រីនគរបាលអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ បានឱ្យដឹងថា ស្លាកយីហោខាងលើ គ្រាន់តែជារបាំងរនាំងបំភ័ន្តភ្នែកញាតិតែប៉ុណ្ណោះ ធាតុពិតភរិយារបស់លោកអនុសេនីយ៍ទោ ហ៊ុន សំនៀង កត់កន្ទុយលេខខាងក្នុង ដោយមានភ្ញៀវចេញចូលកត់ឆ្នោតយ៉ាងគគ្រឹកគគ្រេង ពិសេសនៅវេលាថ្ងៃរសៀល។

ជុំវិញសកម្មភាពផ្ទះមន្ត្រីប៉ូលិសខណ្ឌពោធិ៍សែនជ័យ បើកកត់កន្ទុយលេខខាងលើនេះ បានធ្វើឱ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងថា តើឱ្យសមត្ថកិច្ចទៅបង្ក្រាបបនល្បែងស៊ីសងឯណាបាន បើកផ្ទះប៉ូលិសខ្លួនឯង យកទាំងតួនាទី ដាក់បន្លាចមហាជន ដើម្បីប្រកបរបរបែបនេះទៅហើយ មានតែរងចាំមើល តើថ្នាក់លើចាត់វិធានការបែបណា កាលបើផ្ទះប៉ូលិសបើកល្បែងស៊ីសង។

យ៉ាងណា ករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកអនុសេនីយ៍ទោ ហ៊ុន សំនៀង បាននៅឡើយ ជុំវិញការចោទប្រកាន់ថា ផ្ទះរបស់លោកមានបើកកត់ឆ្នោត ជ្រកក្រោមស្លាកលក់បាយគុយទាវ។ យ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕