Wednesday, April 24, 2024
Homeនយោបាយកម្លាំងប្រដាប់អាវុធកម្ពុជាប្រកាសត្រៀមកម្ទេចចលនាសង្គ្រោះជាតិ របស់លោកសម រង្ស៊ី

កម្លាំងប្រដាប់អាវុធកម្ពុជាប្រកាសត្រៀមកម្ទេចចលនាសង្គ្រោះជាតិ របស់លោកសម រង្ស៊ី

ភ្នំពេញ ៖ កងកម្លាំងប្រដាប់អាវុធកម្ពុជា បានប្រកាសត្រៀមកម្ទេចចលនាសង្គ្រោះជាតិ របស់លោកសម រង្ស៊ី បន្ទាប់ពីអតីតមេបក្ស ប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស រូបនោះ ប្រកាសថា ដាច់ខាតត្រូវតែបង្កើត ចលនាសង្គ្រោះជាតិ ដោយរៀបចំបណ្តាញសម្ងាត់ ក្នុងប្រទេស ដើម្បីយកជ័យជម្នះលើរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានស្នើសុំឱ្យសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យារពេលការ បោះឆ្នោតជាតិ ឆ្នាំ២០១៨ បើពុំនោះទេ នឹង កើតមានអំពើហិង្សានៅកម្ពុជា។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារ នៃកងរាជអាវុធហត្ថ ប្រចាំ ឆ្នាំ ២០១៧ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០១៨ ដែលរៀបចំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៨ សម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ចលនាថ្មីរបស់ ក្រុមប្រឆាំង ច្បាស់ជាប្រឈមនឹងកម្លាំងកងទ័ព ជាមិនខាន ប្រសិនបើធ្វើសកម្មភាពណាមួយ បង្ក ឱ្យមានអំពើហិង្សានៅកម្ពុជា។ ក្នុងនោះ កងយោធពលខេមរភូមិន្ទ គឺជាកម្លាំងស្នូល និងជាឆ្អឹង ខ្នងដ៏ចាំបាច់ ដែលត្រូវតែមានឧត្តមគតិស្នេហា ជាតិ ហើយត្រូវមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ ទប់ស្កាត់រាល់ឧបាយកលទុច្ចរិត និងគម្រោងនៃ ការធ្វើបដិវត្តន៍ពណ៌ ដើម្បីការពារ សន្តិភាព អធិបតេយ្យ និងទឹកដី។

សម្តេចឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យ កងរាជអាវុធហត្ថ កងកម្លាំងប្រដាប់អាវុធទាំង អស់ ត្រៀមខ្លួនបង្ក្រាបចលនាសង្គ្រោះជាតិ របស់លោកសម រង្ស៊ី ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីការពារសន្តិភាព ស្ថិរភាព បូរណភាព ទឹកដី សន្តិសុខសណ្តាប់ និងសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋ។

សម្តេចទៀ បាញ់ បានមានប្រសាសន៍នៅ ពេលនោះថា “ឥឡូវហ្នឹងចលនាសង្គ្រោះជាតិ ចុងក្រោយវាថា រៀបចំឱ្យមានហិង្សានៅកម្ពុជា តែម្តង ដូច្នេះត្រៀមឱ្យហើយទៅ គឺថា បង្កើត ហិង្សាអត់បានទេ បើឃើញថា រៀបចំបង្កើត យើងដាក់មុនហើយ”។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកឈុំ សុជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៨ ថា ក្រសួងបានចាត់ ទុកចលនាសង្គ្រោះជាតិ ជាឧទ្ទាមក្រៅច្បាប់ ដោយមិនអនុញ្ញាតឱ្យកើតមាននៅកម្ពុជា នោះ ទេ។ លោកបន្ថែមថា រហូតមកទល់ពេល នេះ ពុំទាន់មានសញ្ញាណាមួយនៃការកកើតចលនា នេះនៅក្នុងប្រទេសនៅឡើយទេ ខណៈកងទ័ព បានត្រៀមរួចរាល់ហើយក្នុងការបង្ក្រាប។

លោកឈុំ សុជាតិ បានមានប្រសាសន៍ថា “សម្តេចពិជ័យសេនា ទៀ បាញ់ លោកមានប្រសាសន៍គ្រប់គ្រាន់ហើយថា គាត់មិនអនុញ្ញាត ហើយគាត់បានដាក់បញ្ជាតឹងរ៉ឹងហើយ មិនឱ្យ មានចលនាឧទ្ទាមខុសច្បាប់ ដែលហៅថាចលនា សង្គ្រោះជាតិ ដែលបង្កើតឡើងដោយសម រង្ស៊ី និងបក្ខពួកនៅក្រៅប្រទេសហ្នឹង គឺយើងមិន អនុញ្ញាតឱ្យមានទេនៅក្នុងប្រទេសយើង។ កង ប្រដាប់អាវុធ និងអគ្គបញ្ជាការ បានទទួល បទបញ្ជារួចហើយថា មិនអនុញ្ញាតឱ្យមានចលនា ហ្នឹងកើតឡើងនៅកន្លែងណាក៏ដោយ នៅក្នុង ប្រទេសកម្ពជា មិនឱ្យមានទេ។ បើមានក្រៅ ប្រទេស អាហ្នឹងរឿងរបស់គាត់ទេ ប៉ុន្តែក្នុង ប្រទេស យើងមិនអនុញ្ញាតឱ្យមានជាដាចខាត សូម្បីតែម្នាក់។ បើយើងដឹង យើងនឹងធ្វើការ ទៅតាមច្បាប់ ទៅតាមរដ្ឋធម្មនុញ្ញរបស់យើង ព្រោះរដ្ឋធម្មនញ្ញោយីង មិនបង្កើតឱ្យមានចលនា ឧទ្ទាមក្រៅច្បាប់ទេ យើងត្រៀមលក្ខណៈអស់ ហើយ ដើម្បីគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៍ ហើយ គឺដាច់ខាតមិនឱ្យមានអំពើណាប្រឆាំង នឹហរដ្ឋាភិបាលស្របច្បាប់ទេ អំពើណាដែល កើតឡើង ចលនាណាដែលធ្វើឡើងដោយសម រង្ស៊ី ហ្នឹង ជាអំពើខុសច្បាប់ អ៊ីចឹងកម្ទេចទាំងអស់ មិនអនុញ្ញាតឱ្យមានទេ។ ហើយខ្ញុំសង្ឃឹម ថា ជនរួមជាតិ ប្រជាពលរដ្ឋយើង គឺថាលោក បានយល់ហើយៗសំខាន់គឺពលរដ្ឋយើងស្រលាញ់ សន្តិភាព លោកស្រលាញ់លទ្ធិប្រជាធិបតេយ្យ។ អ៊ីចឹងរាល់ចលនាដែលក្រៅច្បាប់ គឺថា យើងជា សង្គមប្រជាធិបតេយ្យ សេរី ពហុបក្ស។ អ៊ីចឹង ចលនាតស៊ូតាមប្រជាធិបតេយ្យ សេរី ពហុបក្ស តាមការបោះឆ្នោត ចុះឈ្មោះជាបញ្ជីបេក្ខជន គណបក្សនយោបាយ តស៊ូតាមផ្លូវនយោបាយ អាហ្នឹងវាទៅរួច តែបើកើតចលនាណាដែល ខុសច្បាប់ គឺយើងមិនអនុញ្ញាតឱ្យមានទេ”។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយ បញ្ចប់ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថ ឆ្នាំ២០១៧ និងទិសដៅ ការងារឆ្នាំ២០១៨ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នោះដែរ នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានចាត់ទុកទង្វើរបស់លោកសម រង្ស៊ី ដែលបានប្រកាសបង្កើតចលនាសង្គ្រោះជាតិ នៅឯក្រៅប្រទេស គឺជាសកម្មភាពភេរវកម្ម។ កងរាជអាវុធហត្ថ នឹងមិនបណ្តោយឱ្យបុគ្គល នេះធ្វើអ្វីស្រេចតែចិត្តនោះទេ ហើយកងរាជអាវុធហត្ថ ត្រៀមខ្លួនជានិច្ចដើម្បីទប់ស្កាត់ពួក ប្រតិកិរិយាស្តាប់បង្គាប់បរទេសទាំងនោះ។ ពោលគឺកងរាជអាវុធហត្ថ ត្រៀមខ្លួនជានិច្ច សម្រាប់កម្ចាត់ពួកចលនាសង្គ្រោះជាតិ ដែលជា ទង្វើភេរវកម្ម ហើយកងរាជអាវុធហត្ថ មិនថា កាលៈទេសៈណាក៏ដោយ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ នឹងមិនបណ្តោយឱ្យក្រុមស្តាប់បង្គាប់ បរទេសទាំងនោះ ធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់នោះឡើយ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកអេង ហ៊ី បានបញ្ជាក់ថា សម្រាប់កងរាជអាវុធហត្ថ ដែលមានតួនាទីថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូនប្រជាជន មិនថា តែចលនាសង្គ្រោះជាតិ ដែលលោកសម រង្ស៊ី បង្កើតនោះទេ អ្វីក៏ដោយ ឱ្យតែខុសច្បាប់ គឺ នឹងបង្ក្រាបទាំងអស់។

លោកអេង ហ៊ី បានមានប្រសាសន៍ថា “ពាក់ព័ន្ធនឹងការងារកងរាជអាវុធហត្ថ គឺថារក្សា សន្តិសុខ សណ្តាប់ធ្នាប់ អ៊ីចឹងធ្វើជាប្រចាំ។ អ៊ីចឹង មិនបាច់រៀបចំផែនការទេ គឺកម្លាំងរបស់យើង មានជាប្រចាំ ដើម្បីការពារសន្តិសុខជូនប្រជាជន គឺរក្សាសណ្តាប់ធ្នាប់។ ដូច្នេះមិនថាចលនាទេ ស្អីក៏ដោយ ឱ្យតែខុសច្បាប់ គឺបង្ក្រាបទាំងអស់”។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ថា ស្តាប័នការពារជាតិ និង ស្ថាប័នការពារសន្តិសុខជាតិ បានប្តេជ្ញារួចស្រេច ហើយ ប៉ុន្តែកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយ ប្រទេសមួយចំនួន រាប់ទាំងអូស្ត្រាលី ផងដែរ ថា ប្រឆាំងនឹងអ្វីទៅដែលជាពួកសកម្មចលនា ដែលមានទិសដៅបំផ្លាញសន្តិសុខ ឬស្ថិរភាព ស្តិតនៅក្នុងប្រទេសនីមួយៗនោះ គឺនឹងទទួល បានការបង្ក្រាប ការបញ្ជូនមកទទួលទោសនៅ ប្រទេសកម្ពុជា ឬរដ្ឋាភិបាលនៅប្រទេសនីមួយៗ នោះអាចមានចាត់វិធានការ ដើម្បីហាមប្រាម បញ្ចៀសចលនាឧទ្ទាមទាំងអស់នោះ។

លោកខៀវ សុភ័គ

លោកផៃ ស៊ីផាន បានមានប្រសាសន៍ថា “បាទ! ខ្ញុំជឿថា ក្នុងដែនកំណត់របស់ច្បាប់ ប្រជាពលរដ្ឋនីមួយៗដែលនៅក្នុងប្រទេស មាន ភារកិច្ចគោរពច្បាប់ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ មានកាតព្វកិច្ចក្នុងកិច្ចកសាង និងការពារជាតិ។ ដូច្នេះក្នុងការគោរពច្បាប់នោះហើយ ដែល យើងឃើញស្ថាប័នកំពូលក្នុងកិច្ចការពារជាតិ និងសន្តិសុខជាតិ គឺលោកមានកាតព្វកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឬក៏សន្តិសុខ ជាតិនេះឯង។ អាស្រ័យហេតុដូច្នេះ ចលនាហ្នឹង គេតែងតែប្រើដើម្បីបង្កើតចលនារណសិរ្សមួយ ក្នុងការផ្តួលរំលំការងាររដ្ឋ ដែលជាសកម្មភាព នយោបាយក្នុងការប្រឆាំងនឹងរដ្ឋាភិបាល ប្រឆាំង នឹងច្បាប់របស់កម្ពុជា។ ដូច្នេះរដ្ឋាភិបាល មាន សិទ្ធិគ្រប់គ្រាន់ក្នុងការកម្ចាត់មិនឱ្យចលនានេះ កើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ អាហ្នឹងចំណុចទី១។ ចំណុចទី២ យើងឃើញ សកម្មភាពនិងចលនា គេនិយាយថា ជាចលនា មួយដែលមានទិសដៅដោយសន្តិវិធី មិនមាន ភាពហិង្សា ប៉ុន្តែចលនានោះ បានបង្ហាញថា វា ជាវិទ្ធង្សនា ជាចលនាសេរីការ ក្នុងការប្រឆាំង ភាពរស់រានមានជីវិត និងសណ្ខាប់ធ្នាប់ ព្រម ទាំងសន្តិភាពនៅក្នុងកម្ពុជា។ ដូច្នេះចលនាហ្នឹង គេហៅថា ជាចលនាមួយក្លាយទៅជាចលនា លើសពីឧទ្ទាមទៅទៀត គេហៅថា ចលនាបែប ភេវរកម្ម។ នៅក្នុងចលនាភេរវកម្ម ដោយសារ នៅក្នុងតំបន់របស់យើង ក៏ដូចជារដ្ឋាភិបាល អូស្ត្រាលី ឬប្រទេសដទៃទៀតហ្នឹង យើងមាន ច្បាប់ការពារចលនាខុសច្បាប់ឆ្លងដែន ដែល ធ្វើឱ្យមានលក្ខណៈអាចបង្កជាការបំផ្លាញនូវ សន្តិសុខជាតិ ស្ថិរភាពនៅក្នុងសង្គម។ ដូច្នេះ រាជរដ្ឋាភិបាល មានសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើ ទៅដល់សាមីប្រទេសដែលពួកទាំងអស់នោះ រស់នៅ ដើម្បីឱ្យបញ្ចប់សកម្មភាពទាំងអស់នេះ។ អាហ្នឹងជាស្ថានភាពចុងក្រោយរបស់រាជរដ្ឋាភិបាល ដែលលោកដឹងហើយ ចាត់វិធានការ”។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែល នោះថា ជនទាំងឡាយណាដែលចូលរួម ឬមាន ការពាក់ព័ន្ធនឹងចលនាសង្គ្រោះជាតិ នឹងមិនអាច រួចខ្លួនពីសំណាញ់ច្បាប់ឡើយ ហើយសមត្ថកិច្ច កំពុងប្រមូលភ័ស្តុតាង និងឯកសារពាក់ព័ន្ធចំពោះ អ្នកចូលរួមជាមួយចលនាសង្គ្រោះជាតិថ្មីនេះ ដើម្បីចាត់វិធានការ។

លោកខៀវ សុភ័គ បានមានប្រសាសន៍ ថា “បាទ! ត្រូវហើយ យើងបានធ្វើការតាមដាន យ៉ាងយកចិត្តទុកដាក់នូវសកម្មភាពរបស់ពួក អស់ហ្នឹងហើយ បើក្នុងករណីមានការបង្កើត មែន មានបណ្តាញមែន យើងត្រូវបោសសម្អាត នៅក្នុងប្រទេសរបស់យើងឱ្យអស់ គឺយើងបោស សម្អាតតាមផ្លូវច្បាប់។ ដូច្នេះបើមាននៅក្នុង ស្រុក ដាច់ខាតត្រូវតែបោសសម្អាត មិនឱ្យមាន។ សរុបទៅ ចលនានេះ គ្មានអីក្រៅពីចលនាជាតិ ឆ្ពោះទៅរកភាពវឹកវរហ្នឹងទេ។ ដូច្នេះគឺបងប្អូន ប្រជាពលរដ្ឋគាត់ដឹងហើយគាត់គាំទ្រវិធានការ ហ្នឹងដែរ មានតែមួយក្តាប់តូចរបស់អ្នកដែល ងប់ងុលសម រង្ស៊ី មួយចំនួនហ្នឹង ដែលគេចង់ ចូលរួមហ្នឹង។ ក្រៅពីនេះ ពលរដ្ឋគេមិនតាម គេមិនឈឺក្បាលវិលមុខអីទេ គេចង់តែដឹងថា ស្រូវគេឡើងថ្លៃឬអត់? ដំឡូង គេឡើងថ្លៃ ឬ អត់? ព្រោះកន្លងមក គេចាប់កឹម សុខា ដាក់ គុក គ្មានអ្នកណាទៅប្រតិកម្មអីផង អ្នកណា ជាប់គុកជាប់ទៅ អ្នកណារត់ចោលគេ រត់ទៅ គេមិនគិតទេ គេគិតធ្វើម៉េចឱ្យស្រូវគេឡើងថ្លៃ ឱ្យដំឡូងគេឡើងថ្លៃប៉ុណ្ណោះ។ សមត្ថកិច្ចរបស់ យើងបានត្រៀមហើយ ហើយប្រជាពលរដ្ឋ ដែល ប្រឆាំងនឹងគណបក្សសម រង្ស៊ី តាំងពីដើមរៀង មក ក៏បានត្រៀមមិនឱ្យចូលស្រុកទេ គេកើត កលិយុគដែរ”។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគីម សន្តិភាព បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៨ នោះដែរថា ចលនា មួយដែលបង្កើតឡើង ហើយដែលគ្មានច្បាប់ ទម្លាប់ ហើយទី២ ដែលចរិតក្នុងការបង្កើតការ ញុះញង់បង្កើតភាពចលាចល ក៏ដូចជាបង្កើតឱ្យ មានអំពើហិង្សាក្នុងប្រទេស នៅក្នុងទីតាំងណា មួយ គឺជាអំពើខុសច្បាប់ ហើយដែលមានចែង ក្នុងក្រមព្រហ្មទណ្ឌ។ ដូច្នេះអាជ្ញាធរសាធារណៈ ដែលមានកាតព្វកិច្ចក្នុងការតាមដាន និងអនុវត្ត ច្បាប់នោះ គឺមានភារកិច្ចចំពោះមុខក្នុងការបង្ការ ទប់ស្កាត់បទល្មើស។

លោកគឹម សន្តិភាព

លោកគឹម សន្តិភាព បានមានប្រសាសន៍ ថា “បើឃើញថា អំពើនេះជាអំពើល្មើសហើយ គឺយើងមិននឹងបណ្តែតបណ្តោយឱ្យអំពើនេះ កើតឡើងហើយ បានយើងទៅធ្វើការបង្ក្រាប នោះទេ។ បើសិនជាដឹងថា អំពើល្មើសប្រុងនឹង កើតឡើងហើយ គឺសមត្ថកិច្ចមានកាតព្វកិច្ច ក្នុងការបង្ការនិងទប់ស្កាត់។ ក្រសួងយុត្តិធម៌គាំទ្រ ទាំងអស់ រាល់ការអនុវវត្តច្បាប់។ ដូច្នេះហើយ ការអនុវត្តតាមផ្លូវច្បាប់របស់អាជ្ញាធរសាធារណៈ ពាក់ព័ន្ធទៅនឹងការទប់ស្កាត់ ការបង្ការ ឬការ បង្ក្រាបបទល្មើស គឺជាជំហររួមរបស់ក្រសួង យុត្តិធម៌ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ជារួម ខ្ញុំសូមបញ្ជាក់បន្ថែមថា យើងទាំងអស់គ្នាដឹង ហើយថា ចលនានេះជាចលនាខុសច្បាប់ ហើយ អ្នកដែលដឹកនាំ ឬអ្នកចូលរូមចលនានេះ ក៏ត្រូវ ប្រឈមមុខចំពោះមុខច្បាប់ដែរ។ ដូច្នេះហើយ សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានការជឿខ្លះទៅលើបញ្ហាបោកបញ្ឆោត ក្នុងចលនានេះ សូមដកខ្លួនចេញឱ្យឆ្ងាយពីចលនា ខុសច្បាប់នេះ ព្រោះគ្មានបានផលប្រយោជន៍អី ទេ នៅក្នុងការចូលរួមចលនាមួយដែលខុសច្បាប់ ក្រៅតែពីបង្កឱ្យមានបញ្ហាហានិភ័យដល់ខ្លួន ទេ គឺបញ្ហាប្រឈមនឹងផ្លូវច្បាប់របស់ខ្លួន”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ លោកសម រង្ស៊ី លោកអេង ឆៃអ៊ាង លោកស្រីជូឡុង សូមួរ៉ា និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ (អតីតបក្ស ប្រឆាំង) មួយចំនួនទៀត បានប្រកាសបង្កើត ចលនាសង្គ្រោះជាតិ ដែលពួកគេអះអាងថា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យដោះលែងលោកកឹម សុខា អតីតប្រធានគណបក្ស សង្គ្រោះជាតិ និងទាមទារឱ្យគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេច រំលាយចោលនោះ ដំណើរការឡើងវិញ ដើម្បី ចូលរួមក្នុងការបោះឆ្នោតនៅពេលខាងមុខ។ ប៉ុន្តែយ៉ាងណា លោកកឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ ពន្ធនាគារពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយ បរទេស” បានប្រកាសមិនគាំទ្រ និងមិនចូល រួមជាមួយចលនាសង្គ្រោះជាតិ របស់លោក សម រង្ស៊ី នោះទេ។ ចំណែកអតីតថ្នាក់ដឹកនាំ និងអតីតតំណាងរាស្ត្រនៃអតីតបក្សប្រឆាំងនេះ មួយចំនួនទៀត ក៏មិនគាំទ្រចលនាសង្គ្រោះជាតិ នេះដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ចលនាសង្គ្រោះជាតិ ជាចលនាក្រៅច្បាប់ ដោយសារជាអង្គការ ចាត់តាំងបង្កើតឡើងដោយក្រុមជនខុសច្បាប់ ហើយធ្វើសកម្មភាពខុសច្បាប់។ របស់ដែល ហៅថា ចលនាសង្គ្រោះជាតិ មិនទាន់ទាំងបាន ប្រកាសជាចំហផង ស្រាប់តែផ្ទៃក្នុងនៃក្រុម ប្រឆាំង ផ្ទុះឡើងនូវការខ្វែងគំនិតគ្នា រវាងក្រុម និយមកឹម សុខា និងក្រុមនិយមសម រង្ស៊ី ដែលមានតាំងពីដើមមក។

លោកសុខ ឥសាន បានមានប្រសាសន៍ ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ថា “ខ្ញុំយល់ថា ដូចមហាជន ប្រជាជនទូទៅបាន ជ្រាបស្រាប់ហើយថា គណបក្សប្រឆាំង ត្រូវ បានរំលាយដោយតុលាការកំពូល ស្របទៅ តាមពិរុទ្ធភាពនៃអំពើល្មើសច្បាប់របស់មេដឹកនាំ គណបក្សប្រឆាំងមួយហ្នឹង ហើយក៏ដូចជា ក្រុម មេដឹកនាំគណបក្សប្រឆាំង។ អ៊ីចឹងទេ មេដឹកនាំ ក៏ដូចជាក្រុមមេដឹកនាំគណបក្សប្រឆាំង វាជា ជនខុសច្បាប់ហើយៗបើជនខុសច្បាប់ទៅបង្កើត អីមួយ អាហ្នឹងវារបស់អីមួយដែលបង្កើតហ្នឹង វាជារបស់ខុសច្បាប់ហើយ។ បើរបស់ខុសច្បាប់ ទាំងអ្នកដែលបង្កើតទាំងរបស់ដែលបានបង្កើត អាហ្នឹង គឺសម្មភាពវាសុទ្ធតែខុសច្បាប់ទាំងអស់។ អ៊ីចឹងទេ វាគ្មានអីដែលគួរឱ្យសង្ស័យទេ វា ខុសច្បាប់ ហើយបើនៅតែប្រព្រឹត្តអំពើល្មើស ខុសច្បាប់ទៀត អាហ្នឹងយើងចាត់ទុកថា ជា សកម្មភាពឧទ្ទាមខុសច្បាប់។ អ៊ីចឹងទេ ការ ប្រកាសរបស់កងកម្លាំងប្រដាប់អាវុធ រួមមាន កងទ័ព ក៏ដូចជាកងរាជអាវុធហត្ត ក៏ដូចជា នគរបាល អាហ្នឹងសុទ្ធតែជាឧបករណ៍របស់ជាតិ ត្រូវការពារជាតិ ត្រូវតែការពារប្រជាជាតិ មិន អាចបណ្តែតបណ្តោយឱ្យអង្គការចាត់តាំងណាមួយបង្កើតដោយខុសច្បាប់ ហើយធ្វើសកម្មភាព ដើម្បីបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ ក៏ដូចជាការរស់នៅដោយសុខសាន្តត្រាណរបស់ ប្រជាជនបានដែរ។ អ៊ីចឹងការប្រកាសរបស់ កងទ័ព របស់មេដឹកនាំកងរាជអាវុធហត្ត ក៏ដូច ជាមេដឹកនាំក្រសួងមហាផ្ទៃ អាហ្នឹង គឺថាសុទ្ធតែ ជាការត្រឹមត្រូវទៅតាមតួនាទីភារកិច្ចរបស់គាត់”។

ទោះជាយ៉ាងណា លោកសម រង្ស៊ី ព្យាយាមពន្យល់លើបណ្តាញសង្គមហ្វេសប៊ុកតាម វេទិកាសាធារណៈនៅក្រៅប្រទេស និងជាមួយ សារព័ត៌មានជាច្រើនថា ចលនាសង្គ្រោះជាតិ ត្រូវបានបង្កើតឡើង ដើម្បីស្រោចស្រង់ប្រជាធិបតេយ្យនៅកម្ពុជា។ លោកអះអាងថា ចលនានេះ មិនមែនមានបំណងបំបែកកម្លាំងគណបក្ស សង្គ្រោះជាតិ ឬក៏ប្រែក្លាយទៅជាគណបក្ស នយោបាយថ្មីនោះទេ។ ផ្ទុយទៅវិញ លោក សម រង្ស៊ី បកស្រាយថា ចលនានេះ នឹងជួយ ទាមទារឱ្យដោះលែងលោកកឹម សុខា និង អ្នកទោសមនសិការផ្សេងទៀត ហើយក៏អាច ទាមទារឱ្យគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ ដែរ ដើម្បីបានចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ ២០១៨។ លោកបញ្ជាក់ថា នៅពេលសម្រេច បាននូវបំណងទាំងនេះហើយ ចលនាសង្គ្រោះជាតិ នឹងរំលាយចោលដោយខ្លួនឯង។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រ ហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៨ ថា “ការប្រកាសបង្កើតចលនា សង្គ្រោះជាតិ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា របស់លោកហ៊ុន សែន ចាប់ផ្តើមស្លន់ស្លោ ដោយសារតែចំណុចខ្សោយរបស់ពួកគេ គឺពួកគេ ត្រូវប្រជារាស្ត្រស្អប់ កាន់តែខ្លាំងឡើងៗ ហើយ ពួកគេត្រូវតែប្រើអំពើហិង្សាមកលើអ្នកប្រឆាំង ដែលតវ៉ាដោយសន្តិវិធី។ ពួកគេដឹកនាំរដ្ឋតាម ក្បួនភេរវករដែលចេះតែបាញ់ប្រហារ និងចាប់ ចង ហើយពួកគេបែរទៅជាចោទប្រកាន់អ្នក តវ៉ាដោយសន្តិវិធី ថាជាភេរវករទៅវិញ”។

លោកសម រង្ស៊ី បានបន្តថា “គណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ មិនមែន ត្រឹមតែជាអង្គការអហិង្សាទេ តែជាអង្គការ ដែលប្រឆាំងហិង្សា ពីព្រោះយើងអំពាវនាវឱ្យ ខ្មែរគ្រប់រូប ទាំងអ្នកតវ៉ា ទាំងកងកម្លាំងប្រដាប់ អាវុធ ដាច់ខាតកុំប្រើអំពើហិង្សា តាមរូបភាព ណាក៏ដោយ។ បើមានអំពើហិង្សាណាមួយកើត ឡើង វាអាចកើតចេញមកតែពីដៃជើង និងអ្នក បង្ករឿង ក្រោមបញ្ជាលោកហ៊ុន សែន ដូចយើង បានឃើញក្នុងពេលថ្មីៗកន្លងទៅនេះ គេបង្ក ឱ្យមានអំពើហិង្សា ដើម្បីទម្លាក់កំហុសមកលើ សកម្មជនគណបក្សសង្គ្រោះជាតិ និងអ្នកតវ៉ា ដទៃទៀត ហើយគេយកការចោទប្រកាន់នេះ ធ្វើជាលេសដោយប្រើតុលាការអាយ៉ងរបស់គេ ដើម្បីកម្ចាត់គណបក្សប្រឆាំង និងសង្គមស៊ីវិល”។

ដោយឡែក កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ លោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា “ដោយសារតែ លោកប្រធានកឹម សុខា ស្ថិតក្នុងកណ្តាប់ដៃ លោកហ៊ុន សែន លោកកឹម សុខា មិនអាច ប្រកាសថា លោកគាំទ្រចលនាសង្គ្រោះជាតិ បានទេ ពីព្រោះចលនានេះ មានគោលដៅ បើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ចូលរួមក្នុង ការបោះឆ្នោត ឆ្នាំ២០១៨នេះ ហើយដណ្តើម យកជ័យជម្នះលើគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកហ៊ុន សែន។ បើលោកកឹម សុខា ប្រកាសគាំទ្រចលនាសង្គ្រោះជាតិ ច្បាស់ ជាលោកហ៊ុន សែន នឹងធ្វើបាបលោកកឹម សុខា រឹតតែខ្លាំងថែមទៀត។ ខ្ញុំ សម រង្ស៊ី ក៏បាន អំពាវនាវសូមកុំឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិសំខាន់ៗ ប្រកាសការគាំទ្ររបស់ខ្លួន ចំពោះ ចលនាសង្គ្រោះជាតិ ដើម្បីធានាសុវត្ថិភាព ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំងនោះ ហើយក៏ធានាប្រសិទ្ធភាពការងាររបស់ចលនា សង្គ្រោះជាតិ ដែលត្រូវរៀបចំបណ្តាញរបស់ ខ្លួននៅទូទាំងប្រទេសកម្ពុជា ដោយមិនចាំបាច់ បញ្ចោញមុខ និងបញ្ចោញឈ្មោះជាសាធារណៈ។ ក្នុងប្រវត្តិសាស្ត្រចលនាតស៊ូទាំងអស់ក្នុងពិភព លោក គេតែងតែប្រុងប្រយ័ត្ន ហើយលាក់ការណ៍ បែបនេះ ដើម្បីធានាទាំងសុវត្ថិភាព ទាំងប្រសិទ្ធភាពការងាររបស់អ្នកតស៊ូនៅជួរមុខ”។

ជាមួយគ្នានេះ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ លោកសម រង្ស៊ី បានសរសេរថា “មានអ្នកខ្លះ អះអាងថា លោកកឹម សុខា នៅ ពេលនេះ មានសេរីភាពពេញលេញក្នុងការ សម្តែងមតិ និងការធ្វើសេចក្តីសម្រេច។ ចំពោះ ខ្ញុំវិញ មានទស្សនៈប្រាកដនិយមជាងនេះ ដោយសារតែការវាយតម្លៃរបស់ខ្ញុំ ចំពោះស្ថានការណ៍ បច្ចុប្បន្ន មិនល្អដូចយើងចង់បាននោះទេ។ ក្នុង ឋានៈខ្ញុំជាបិតាស្ថាបនិកគណបក្សសង្គ្រោះជាតិ ខ្ញុំត្រូវតែការពារគណបក្សនេះ មិនឱ្យស្លាប់បន្តិច ម្តងៗដោយសារតែថ្នាក់ដឹកនាំ បច្ចុប្បន្នជាប់ គាំង មិនអាចធ្វើអីបាន ពីព្រោះបិតាស្ថាបនិក មួយរូបទៀត គឺលោកប្រធានកឹម សុខា ត្រូវ បានលោកហ៊ុន សែន ចាប់យកទៅឃុំឃាំង ឱ្យធ្វើ ជាចំណាប់ខ្មាំងរបស់គាត់។ ដូច្នេះយើងដាច់ខាត ត្រូវតែបង្កើតចលនាសង្គ្រោះជាតិ ដើម្បីឱ្យគណបក្ស សង្គ្រោះជាតិ មានសន្ទុះឡើងវិញ ហើយយើង ត្រូវត្រួសត្រាយផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ដណ្តើមយកជ័យជម្នះផ្តាច់ព្រ័ត្រ លើអំណាច ផ្តាច់ការក្នុងគោលបំណងសង្គ្រោះជាតិយើង”។

លើសពីនេះទៅទៀត កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ តាមរយៈបណ្តាញសង្គម ធ្វីតធើរ (Twitter) លោកសម រង្ស៊ី បានស្នើ សុំឱ្យសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ពន្យារពេលបោះឆ្នោតជាតិ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីបញ្ចៀស អំពើហិង្សា។

លោកសម រង្ស៊ី បានសរសេរនៅពេលនោះ ថា “ខ្ញុំសូមធ្វើសំណើនេះទៅលោកហ៊ុន សែន សូមពន្យារពេលការបោះឆ្នោតជាតិខាងមុខនេះ រហូតដល់យើងធានាថា ការបោះឆ្នោតនេះ អាច បំពេញបានជាអប្បបរមាតាមបទដ្ឋានអន្តរជាតិ។ នេះ នឹងចៀសវាងបានទាំងអំពើហិង្សា និង កម្ពុជាក្លាយជារដ្ឋឯកា គ្មាននីតិសម្បទា”៕

កុលបុត្រ

RELATED ARTICLES