Friday, March 29, 2024
Homeតារាខ្មែរពេជ្រ ច័ន្ទធីតា មិនហ៊ានឲ្យគេស្គាល់សង្សារថ្មី ខ្លាចខូចក្រេដីត

ពេជ្រ ច័ន្ទធីតា មិនហ៊ានឲ្យគេស្គាល់សង្សារថ្មី ខ្លាចខូចក្រេដីត

ពិធីការិនីតូចច្រឡឹងរបស់ទូរទស្សន៍ហង្សមាស កញ្ញាពេជ្រ ច័ន្ទធីតា ធ្លាប់ឈឺផ្សាបេះដូងម្ដងរួចទៅហើយ ដោយចំណងស្នេហ៍ជាមួយនិស្សិតរួមថា្នក់ បានឆាបឆេះតែមួយប្រាវ ក៏រលត់កណ្ដាលផ្លូវ នាំឲ្យស្រីក្មេងរូបនេះខកចិត្តជាខ្លាំង ព្រោះតែតាមដំណឹងថា បុរសដែលធ្លាប់ជាបណ្ដូលចិត្តរបស់នាងជិតក្រាបផ្ទឹមជាមួយស្រីស្នេហ៍ថ្មីទៅហើយនាពេលនេះ។

ប៉ុន្តែយ៉ាងណា កញ្ញាពេជ្រ ច័ន្ទធីតា ដែលមានរូបសម្រស់គួរឲ្យក្នាញ់រូបនេះ មិនទុកបេះដូងដ៏ក្រហមឆ្អិនឆ្អៅរបស់នាងឲ្យនៅទំនេរឡើយព្រោះតាមព័ត៌មានថា នារីតូចតន់រូបនេះមានសង្សារថ្មីទៀតហើយ ដែលបុរសពិសេសក្នុងបេះដូងធីតា គឺជាតន្ដ្រីកររូបសង្ហាម្នាក់ដែលពូកែទាំងលេងភ្លេង និងថ្នាក់ថ្នមចិត្តអតីតអ្នកគ្រូបង្រៀនភាសាអង់គ្លេសរូបនេះផងដែរ។

ប្រភពបានឲ្យដឹងថា លោកតន្ដ្រីករជាម្ចាស់ចិត្តថ្មីកញ្ញាច័ន្ទធីតា នោះ ថែមទាំងប្រចណ្ឌតារារូបនេះខ្លាំងទៀតផង គឺមិនអនុញ្ញាតឲ្យធីតា ស្និទ្ធស្នាលជាមួយប្រុសណាផ្សេងពីលោកឡើយ គឺសូម្បីតែមានបុរសណាប្លែក Chat ទៅធីតា ក៏លោកតន្ដ្រីករនោះមិនអនុញ្ញាតឲ្យបណ្ដូលចិត្តតបដែរ ព្រោះខ្លាចគេលែបខាយឆក់ម្ចាស់ថ្លើមថ្លៃទៅបាត់។

ក្នុងជំនួបនៅប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ កន្លងមក អ្នកគ្រូបង្រៀនក្លាយជាតារាចម្រៀងរូបនេះ ហាក់ព្យាយាមចង់លាក់សង្សារថ្មី មិនឲ្យអ្នកណាស្គាល់ឡើយ ហើយនាងបែរជាថា ខ្លាចខូចក្រេឌីតទៅវិញ ដែលការថ្លែងបែបនេះ ប្រសិនបើដឹងដល់សង្សារថ្មីនាង ប្រាកដជាបុរសនោះមិនសប្បាយចិត្តឡើយ។

ពេជ្រ ច័ន្ទធីតា ប្រាប់ថា ”បើនិយាយពីអ្នកត្រូវចិត្ត គឺអត់ទាន់មានទេ! តែរឿងមានអ្នកតាមស្រលាញ់ច្រើនពេករាប់មិនអស់ឡើយ។ ខ្ញុំធ្លាប់ខកចិត្តម្ដងរួចទៅហើយ អីចឹងមិនចង់ឲ្យជាន់ដានរឿងចាស់ទៀតទេ។ ពិបាកដែរ មានបុរសខ្លះគាត់គ្រាន់តែមកស្រលាញ់យើងធម្មតាៗ តែគាត់ដើរប្រាប់គេថា ខ្ញុំជាសង្សារគាត់ក៏មានដែរ អីចឹងខ្ញុំមិនដឹងជាធ្វើម៉េចឡើយ…”។

បើទោះជាពេជ្រ ច័ន្ទធីតា ហាក់មិនព្រមទទូលស្គាល់ថា លោកតន្ដ្រីករម្នាក់នោះជាម្ចាស់ចិត្តថ្មីរបស់នាងមែន តែអ្នកដែលស្និទ្ធនឹងបុរសជំនាញចុចអក និងធ្វើភ្លេងរូបនោះថា ពួកគេស្រលាញ់គ្នាខ្លាំងណាស់ ព្រមទាំងមានការចុះសម្រុងគ្នាល្អទៀតផង ហើយនៅពេលអនាគត ធីតា អាចក្លាយទៅជាភរិយារបស់លោកតន្ដ្រីករនោះតែម្ដង ព្រោះបុរសនោះមិនចង់ឃ្លាតពីនារីនឹមនួន១វិនាទីឡើយ។

គេកត់សម្គាល់ផងដែរថា ក្រៅពីពិធីការិនីហង្សមាស កញ្ញាពេជ្រ ច័ន្ទធីតា ដែលល្បីថា មានសង្សារថ្មីជាលោកតន្ដ្រីករនោះ កន្លងមកក៏មានតារាល្បីៗមួយចំនួនដែរ ដែលពួកគេធ្លាប់មានសង្សារជាអ្នកលេងភ្លេង ដូចជា ឱក សុគន្ធកញ្ញា, មាស សុខសោភា , កែវ និសា, ពេជ្រ សិរីរ័ត្ន, សុខ សីឡាលីន, សុខ ស្រីលក្ខណ៍ ជាដើម។ ប៉ុន្ដែចំណងស្នេហ៍តារាទាំង៥ខាងលើនេះ ជាមួយតន្ដ្រីករបានប្រេះឆាគ្នាអស់ទៅហើយ គិតមកត្រឹមឆ្នាំ២០១៨នេះ។

ដោយឡែក ពេជ្រ ច័ន្ទធីតា ដែលគេប្រាប់ថា កំពុងតែស្អិតល្មូតស្នេហ៍ជាមួយតន្រ្ដីករនោះ កន្លងមក នាងធ្លាប់ប្រាប់ថា មានអារម្មណ៍ស្នេហ៍តន្ដ្រីករតែត្រឹម២០%ប៉ុណ្ណោះ ហេតុនេះហើយ គេជឿថា ធីតា ប្រាកដជាមានជម្រើសស្នេហ៍ច្រើនជាមិនខាននៅពេលនេះ ហេតុនេះហើយលោកតន្ដ្រីករគួរតែប្រញាប់ដឹកដៃស្រីក្មេងរូបនេះចូលរោងការឲ្យបានឆាប់បំផុត ទើបមិនដើរជាន់ដានគូស្នេហ៍ខាងលើបាន។

ពេជ្រ ច័ន្ទធីតា ជាអតីតបេក្ខភាព “Cambodian Idol” រដូវកាលទី១ ដែលបរាជ័យក្នុងការលើកពាន ព្រោះមិនអាចយកឈ្នះនី រតនា បានឡើយ តែយ៉ាងណា អតីតអ្នកគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាសុវណ្ណភូមិនេះអាចឈានចូលធ្វើជាពិធីការិនីហង្សមាស រហូតមកដល់ពេលនេះ ដោយកាន់កម្មវិធី ”ឋានសួគ៌ក្រោមមេឃ” ទទួលបានការចាប់អារម្មណ៍គ្រាន់បើ។ ប៉ុន្តែពេជ្រ ច័ន្ទធីតា ហាក់នៅទ្រឹង ព្រោះមិនមានកម្មវិធីថ្មីៗត្រូវបានគេទម្លាក់ឲ្យឡើយ គឺនាងមានតែកម្មវិធី១តែប៉ុណ្ណោះ រយៈពេលជិត២ឆ្នាំនេះ ខណៈដែលកម្មវិធី Concert ដែល Live ព្រឹត្តិការណ៍ធំៗ ត្រូវហង្សមាស មើលរំលងនាងរហូត។

ប្រភពបានឲ្យដឹងថា ច័ន្ទធីតា ដែលពេលនេះជាតារាចម្រៀងប្រចាំហាង V-friend នោះ នឹងអាចបោះបង់អាជីពពិធីការិនីទៅផ្ដោត និងពង្រឹងលើអាជីពចម្រៀងវិញនាពេលខាងមុខនេះ ខណៈដែលផលិតកម្មហង្សមាស ធ្លាប់ឲ្យភ្លើងខៀវដល់រូបនាងដែរកន្លងមក ហើយតាមរយៈទឹកដមសំឡេងពីរោះ និងមានរូបសម្រស់គួរឲ្យទាក់ទាញនោះ កញ្ញាធីតា ក៏អាចនឹងឈានទៅចូលនៅផលិតកម្មថោន ឬសាន់ដេ ផងដែរ។

តារាដែលគេថា មានសង្សារជាតន្ដ្រីករតែមិនឲ្យគេស្គាល់រូបនេះ បញ្ជាក់ថា ”ការចូលច្រៀងនៅហង្សមាស ដូចជាមិនសូវមានសង្ឃឹមច្រើនទេ ព្រោះពេលនេះ ហង្សមាស មានអ្នកចម្រៀងច្រើនហើយ។ ប៉ុន្ដែមុននេះខ្ញុំបានទៅជួបថ្នាក់ដឹកនាំហង្សមាស ដែរ គាត់មិនទាន់ផ្ដល់ចម្លើយទេ ឲ្យរង់ចាំសិន។ ចំពោះការចូលផលិតកម្មផ្សេងនោះ ខ្ញុំមិនទាន់គិតដល់ទេ ព្រោះចាំហង្សមាស គាត់ថាយក ឬមិនយកយើង ឲ្យច្បាស់សិន។ ខ្ញុំនៅតែជាពិធីការិនីហង្សមាស អីចឹងគ្រាន់តែឆ្លៀតធ្វើបទចម្រៀង Original Songs នៅខាងក្រៅដែរ យើងមានផលវិបាកខ្លះ ដោយចេញបានតែ Audio តែមិនទាន់បានចេញ MV។ នាពេលខាងមុខ ខ្ញុំចង់ចូលច្រៀងនៅផលិតកម្មណាមួយឲ្យមានទីតាំងឈរជើងដូចគេដែរ”៕

RELATED ARTICLES